ការស្តារផ្លូវខេត្តសំខាន់ៗចំ​នួនពីរសម្រេចបានជាង៣០ភាគរយ

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ត្រឹមចុងខែឧសភានេះ ផ្លូវជាតិលេខ៣១ សម្រេចបានជាង ២៣% ខណៈដែល ផ្លូវជាតិលេខ៣៣ សម្រេចបានជាង៣១% ហើយលទ្ធផលបង្ហាញឱ្យឃើញថា គម្រោងទាំងពីរអាចនឹងបញ្ចប់មុនពេលកំណត់។

ព៌តមាននេះត្រូវបានបង្ហាញឲ្យដឹង ក្នុងដំណើរចុះទស្សនកិច្ចរបស់លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យវឌ្ឍនភាពការងារ គម្រោងស្ដារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ និង៣៣ នៅក្នុងខេត្តកំពត និងកែប និងចុះពិនិត្យដំណើរការផលិត នៃរោងចក្រផលិតបេតុងកៅស៊ូ AC (Asphalt Concrete)នាព្រឹកថ្ងៃទី៣០ ឧសភានេះ។

ក្នុងដំណើរបេសកកម្មនេះ មានការចូលរួមផងដែរពីសំណាក់ តំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន និងមន្ត្រីបច្ចេកទេសគម្រោងជាច្រើនរូបផងដែរ។

គិតត្រឹមថ្ងៃទី២៦ ឧសភា ២០២៣ គម្រោងស្ដារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ សម្រេចបាន ២៣,១២% ក្នុងនោះដែរ (១)ការងារកៀរសម្អាត ពង្រីកទទឹងតួផ្លូវ (Clearing) សម្រេចបាន ៤៤,៩៧គ.ម (២)ការងារកិនបង្ហាប់ស្រទាប់ Sub Grade សម្រេចបាន ៤០,២៩គ.ម និង (៣) ការងារក្រាលស្រទាប់គ្រឹះរង (Sub-Base) សម្រេចបាន ១៥,៤៣គ.ម។

ចំពោះគម្រោងស្ដារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣៣ គិតត្រឹមថ្ងៃទី២៥ ឧសភា ២០២៣ សម្រេចបាន៣១,៧៣% ក្នុងនោះដែរ (១)ការងារកៀរសម្អាត ពង្រីកទទឹងតួផ្លូវ (Clearing) សម្រេចបាន៥២,៥៧គ.ម (២)ការងារកិនបង្ហាប់ស្រទាប់Sub Grade សម្រេ​ចបាន៤៦,៥៤គ.ម និង (៣) ការងារក្រាលស្រទាប់គ្រឹះរង (Sub-Base) សម្រេចបាន ៣១,៤៤គ.ម។

តាមរយៈតួលេខខាងលើបង្ហាញឱ្យឃើញថា គម្រោងទាំងពីរកំពុងតែអនុវត្តលឿនជាងផែនការ ដែលបានគ្រោងទុក នេះគឺជាសញ្ញាណវិជ្ជមានមួយ ដែលអាចនាំឱ្យគម្រោងនឹងបញ្ចប់មុនពេលកំណត់ក្នុងកិច្ចព្រមព្រៀង។

បើទោះជាយ៉ាងនេះក៏ដោយ ថ្នាក់ដឹកនាំនៅតែបន្តការណែនាំដល់ មន្ត្រីជំនាញបច្ចេកទេស ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ត្រូវបន្តបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត លើការអនុវត្តការងារឱ្យបានត្រឹមត្រូវ តាមលក្ខណៈបទដ្ឋានបច្ចេកទេស ពិសេសត្រូវគិតគូរឱ្យបានហ្មត់ចត់ ពីសុវត្ថិភាពនៅតាមការដ្ឋាន និងការស្រោចទឹកកាត់បន្ថយដីហុយ ដើម្បីជៀសវាងការរំខានដល់បងប្អូនប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនេះដែរ ដោយហេតុថាគម្រោងនេះកំពុងស្ថិតក្នុងការសាងសង់នៅឡើយ ក្រសួងសូមស្នើការយោគយល់ និងអធ្យាស្រ័យខ្ពស់ពីបងប្អូនប្រជាពលរដ្ឋ ដែលទទួលរងការរំខាន និងផលប៉ះពាល់ផ្សេងៗពីគម្រោងការដ្ឋាន។

ដោយឡែក ចំពោះរោងចក្រផលិតបេតុងកៅស៊ូ AC ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីជំនាញ បាននិងកំពុងយកចិត្តទុកដាក់ក្នុងការ ពង្រឹងលទ្ធភាព និងសមត្ថភាពក្នុងការផលិត ដើម្បីអាចបំពេញតម្រូវការប្រើប្រាស់នាពេលអនាគត។ ផលិតផលដែលកើតចេញពីរោងចក្រនេះ គឺជាប្រភេទកៅស៊ូត្រជាក់ ដែលអាចប្រើប្រាស់សម្រាប់ប៉ះជង្ហុកសំបុកមាន់ នៅក្នុងរដូវវស្សា។

ផ្លូវជាតិលេខ៣១ មានប្រវែងសរុបប្រមាណ ៥៣,៥៣គីឡូម៉ែត្រ គិតចាប់ពីថ្នល់បែកគុស (ចំណុចប្រសព្វផ្លូវជាតិលេខ៣) រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច (ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) រីឯ ផ្លូវជាតិលេខ៣៣ មានប្រវែងសរុបប្រមាណ ៥២,៥៧គីឡូម៉ែត្រ ចាប់ពីក្រុងកំពត បន្តរហូតដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) រួមទាំងផ្លូវតភ្ជាប់ ក្នុងក្រុងកំពត (ផ្លូវក្រុងលេខ ៧០៩)។

ផ្លូវជាតិទាំងពីរខ្សែនេះ កំពុងអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើរយៈពេលសាងសង់ចំនួន៤០ខែ ដែលគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦។ ចំពោះផ្លូវជាតិលេខ៣១ គ្រោងចំណាយថវិកាប្រមាណជាង ៦០លានដុល្លារអាមេរិក និងផ្លូវជាតិលេខ៣៣ គ្រោងចំណាយប្រមាណជាង ៦១លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here