សាច់ប្រាក់ដែលក្រសួងរតនាគារអាមេរិក មាននៅពេលនេះធ្លាក់ចុះខ្លាំងឈានដល់កម្រិតទាបដ៏គ្រោះថ្នាក់

0

ដោយ៖ សុខុម

ញូវយ៉ក: កម្រិតសាច់ប្រាក់ដែលក្រសួងរតនាគារអាមេរិក មាននៅពេលនេះកំពុងធ្លាក់ចុះខ្លាំងឈានទៅរកកម្រិតទាបដ៏គ្រោះថ្នាក់ ខណៈរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន រង់ចាំរហូតដល់នាទីចុងក្រោយដើម្បីដំឡើងពិដានបំណុល។

ទិន្នន័យចុងក្រោយរបស់រដ្ឋាភិបាលសហព័ន្ធបង្ហាញថា គិតត្រឹមថ្ងៃទី២៥ ខែឧសភា ក្រសួងរតនាគារអាមេរិក មានសាច់ប្រាក់ត្រឹមតែ៣៨,៨ពាន់លានដុល្លារ ប៉ុណ្ណោះ ដោយធ្លាក់ចុះពីចំនួនជាង២០០ពាន់លានដុល្លារ កាលពីដើមខែឧសភា និងជិតឈានដល់កម្រិតអប្បបរមា៣០ពាន់លានដុល្លារ។

ផ្អែកតាមសន្ទស្សន៍កំពូលមហាសេដ្ឋីពាន់លានដុល្លារ Bloomberg Billionaires Index បង្ហាញថា ស្ថិតក្នុងបរិបទនេះ កំពូលមហាសេដ្ឋីពាន់លានដុល្លារចំនួន៣១រូប គឺម្នាក់ៗសុទ្ធតែមានទ្រព្យសម្បត្តិច្រើនជាង បើធៀបនឹងសាច់ប្រាក់៣៨,៨ពាន់លានដុល្លារ របស់រដ្ឋាភិបាលសហព័ន្ធអាមេរិក។

ខ្លះក្នុងចំណោមកំពូលមហាសេដ្ឋីពាន់លានដុល្លារទាំងនោះ តួយ៉ាងដូចលោក Bernard Arnault ជាដើមមានទ្រព្យសម្បត្តិច្រើនជាងសាច់ប្រាក់របស់ក្រសួងរតនាគារអាមេរិក ពេលនេះទៅទៀត។ លោក Bernard Arnault ប្រធានក្រុមហ៊ុនផលិតទំនិញប្រណីត LVMH មានទ្រព្យសម្បត្តិសរុបរហូតដល់ទៅប្រមាណ១៩៣ ពាន់លានដុល្លារ។

ទន្ទឹមនេះ មហាសេដ្ឋីនៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla លោក Elon Musk មានទ្រព្យសម្បត្តិរហូតដល់ទៅ១៨៥ពាន់លានដុល្លារ ហើយស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos មានទ្រព្យសម្បត្តិរហូតដល់ទៅ១៤៤ពាន់លានដុល្លារ។

ក្នុងចំណោមកំពូលមហាសេដ្ឋីពាន់លានដុល្លារ ទាំង៣១រូបខាងលើក៏មានលោក Michael Dell វិនិយោគិនជើងចាស់លោក Warren Buffett និងសហស្ថាបនិក Facebook លោក Mark Zuckerberg ព្រមទាំងកំពូលមហាសេដ្ឋីពាន់លានដុល្លារបារាំង ដែលមិនសូវចេញមុខមាត់ Francois Pinault និងលោក Alain Wertheimer ប្រធានក្រុមហ៊ុន Chanel ផងដែរ។

លោកប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន និងប្រធានសភាអាមេរិក លោក Kevin McCarthy កាលពីថ្ងៃអង្គារ ទី៣០ ខែឧសភា បានឈានដល់កិច្ចព្រមព្រៀងទ្វេភាគីដើម្បីដំឡើងពិដានបំណុលដែលបច្ចុប្បន្នមានចំនួន៣១,៤ទ្រីលានដុល្លារ ដោយរង់ចាំសភាបោះឆ្នោតអនុម័ត។

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen ព្រមានថា ប្រសិនបើសភាអាមេរិក មិនអាចដំឡើងពិដានបំណុលត្រឹមថ្ងៃទី៥ ខែមិថុនា ដ៏ខ្លីខាងមុខនេះទេ រដ្ឋាភិបាលអាមេរិក នឹងគ្មានថវិកាគ្រប់គ្រាន់ដើម្បីទូទាត់រាល់កាតព្វកិច្ចចំណាយរបស់សហរដ្ឋអាមេរិក ឱ្យបានពេញលេញ និងទាន់ពេលវេលានោះឡើយ៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here