ដោយ៖ សុខុម
ហាណូយ: ប្រទេសវៀតណាម ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៣ បានបោះទុនវិនិយោគនៅក្រៅប្រទេសជិត៣១៦,៤លានដុល្លារអាមេរិក ដែលស្មើនឹង៩៣,៥%ធៀបនឹងតួលេខក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្នុងនោះកម្ពុជា ទទួលបានចំណែក១៣,៣%។
យោងតាមទីភ្នាក់ងារវិនិយោគក្រៅប្រទេសក្រោមចំណុះក្រសួងផែនការ និងវិនិយោគវៀតណាម បង្ហាញថា ក្នុងនោះទុនវិនិយោគ១៤២,៧លានដុល្លារ ត្រូវបានចាក់ចូលទៅលើគម្រោងថ្មីៗចំនួន៤៧ ដែលស្មើនឹង៤៨,៦%នៃតួលេខក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ចំណែកឯ១៧៣,៧លានដុល្លារ ទៀតត្រូវបានចាក់បញ្ចូលបន្ថែមទៅលើគម្រោងដែលកំពុងដំណើរការចំនួន១៦ ដោយកើនឡើងជិត៤ដងធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
-->
វិនិយោគិនវៀតណាម នៅក្រៅប្រទេសបានបណ្តាក់ទុនក្នុងវិស័យចំនួន១៣ ជាពិសេសផ្នែកលក់រាយ និងលក់ដុំ ព័ត៌មាន និងទំនាក់ទំនង ហិរញ្ញវត្ថុ ធនាគារ និងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
អំឡុងពីខែមករា ដល់ខែឧសភា ការវិនិយោគរបស់វៀតណាម ត្រូវបានចាក់បញ្ចូលទៅក្នុងប្រទេស និងដែនដីចំនួន២០ ដោយក្នុងនោះប្រទេសកាណាដា ទទួលបានចំណែកច្រើនជាងគេជាមួយនឹងទុនវិនិយោគជាង១៥០,២លានដុល្លារ បន្ទាប់មកគឺប្រទេសសិង្ហបុរី ឡាវ និងគុយបា។
ទីភ្នាក់ងារដដែលនិយាយថា គិតត្រឹមថ្ងៃទី២០ ខែឧសភា វៀតណាម បានដំណើរការគម្រោងដែលមានសុពលភាពនៅក្រៅប្រទេសចំនួន១.៦៤៨គម្រោង ជាមួយនឹងទុនវិនិយោគរួមបញ្ចួលគ្នាជិត២២,១ពាន់លានដុល្លារ ដោយរួមទាំង១៤១គម្រោងក្រោមទុនវិនិយោគ១១,៦៧ពាន់លានដុល្លារ ដែលត្រូវបានវិនិយោគដោយសហគ្រាសរដ្ឋដែលស្មើនឹង៥២,៨%នៃការវិនិយោគសរុបរបស់ប្រទេសវៀតណាម ផងដែរ។
យោងតាមទិន្នន័យបង្ហាញថា រហូតមកទល់ពេលនេះ ទិសដៅឈានមុខគេសម្រាប់វិនិយោគិនវៀតណាម រួមមានប្រទេសឡាវ (២៤,៤%) កម្ពុជា (១៣,៣%) និងប្រទេសវេណេស៊ុយអេឡា (៨,៣%)៕ VNS៕