ដោយៈគង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញជើងចាស់ផ្នែកដីធ្លី បានបង្ហាញពីទីតាំងដីចំនួន៦ ដែលមិនគួរវិនិយោគដោយសារជាប្រភេទដី ដែលមិនងាយឡើងថ្លៃ និងមានហានិភ័យជាប់គាំងរយៈពេលវែង។
អគ្គនាយកក្រុមហ៊ុនCentury21 Land Station លោកឧកញ៉ាកាង សុធីបានបង្ហើបឲ្យដឹងថា ដីដែលមានទីតាំងខាងក្រោមនេះ គួរមានការប្រុងប្រយ័ត្ន សម្រាប់ការវិនិយោគ ដែលដីទាំងនោះមានដូចជា
-->

១ ដីជាប់នឹងម៉ុងខ្មោច
ធម្មតាមនុស្សណាក៏ស្លាប់ដែរ ប៉ុន្តែនៅពេលពួកគេស្លាប់ មនុស្សមិនសូវហ៊ានទៅក្បែរឡើយ ពួកគេតែងតែខ្លាចរអា ហេតុនេះការទិញដី ដែលស្ថិតនៅទល់មុខចេតិយ ឬម៉ុងខ្មោចមិនគួរធ្វើឡើយ ព្រោះមានហានិភ័យជាប់គាំងរយៈពេលវែង។
២ ដីស្ថិតនៅជាប់វត្តអារ៉ាម
ត្បិតវត្តអារ៉ាម ជាកន្លែងប្រជាពលរដ្ឋខ្មែរ និយមទៅធ្វើបុណ្យ ប៉ុន្តែដីនៅជាប់វត្ត មិនសូវមានប្រជាប្រិយភាពឡើយ ដោយសារវត្តជាកន្លែង ដែលមានសម្លេងពីការសូត្រធ៌មរបស់ព្រះសង្ឃ នៅពេលមាន រដូវបុណ្យទានមកដល់។
ហេតុនេះ ដីនៅជិតវត្តគេមិននិយមសាងសង់បុរី ឬលំនៅដ្ឋាន ឬមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗច្រើនឡើយ ដោយសារហេតុផលមួយចំនួនខាងលើ និងហេតុផលមួយចំនួនទៀត។
៣ ដីមានផ្លូវទ័ល និងផ្លូវតូចៗ
ដីស្ថិតនៅលើផ្លូវទ័ល ឬផ្លូវតូចៗ ពិបាកក្នុងការធ្វើដំណើរ ជាដីដែលមិនងាយឡើងថ្លៃឡើយ បើធៀបនឹងដីដែលមានទីតាំងជាប់ផ្លូវធំៗ និងជាផ្លូវមានមនុស្សឆ្លងកាត់ច្រើន ពិសេសដីស្ថិតនៅជាប់ផ្លូវដែលអាចតភ្ជាប់ទៅកាន់ផ្លូវជាតិ ឬផ្លូវសំខាន់ៗដទៃទៀត។
ដីជាប់ផ្លូវទ័ល ឬផ្លូវតូចៗ មានឱកាសឡើងថ្លៃយឺត លើកលែងតែផ្លូវនោះស្ថិតក្នុងផែនការពង្រីករបស់រដ្ឋាភិបាល។
៤ ដីគ្មានប្លង់ច្បាស់លាស់
មានអ្នកវិនិយោគមួយចំនួន បានប្រថុយប្រថានទិញដី ដែលគ្មានផ្លូវច្បាស់លាស់ ដោយគ្រាន់តែដឹងថា តំបន់ណាមួយនោះនឹងមានការការសាងសង់ផ្លូវនាពេលអនាគត។
ទោះជាមានការសាងសង់ផ្លូវនាពេលអនាគត ប៉ុន្តែភាពមិនច្បាស់លាស់នៃពេលវេលា ក៏ធ្វើឲ្យអ្នកវិនិយោគគាំងលំហូរសាច់ប្រាក់របស់ខ្លួនផងដែរ។
៥ ដីមានរូបរាងមិនស្អាត
ដីខ្លះមានប្លង់មិនស្អាត មិនស្មើជ្រុង ក៏ជាប្រភេទដីពិបាកលក់ចេញ និងមិនងាយរកម៉ូយផងដែរ ពិសេសដីប្រភេទនេះជាដីរើសម្ចាស់ និងពិបាករកផលចំណេញ។
ការវិនិយោគដីបែបនេះ ពិតជាមានហានិភ័យ ក្នុងការជាប់គាំងរយៈពេលវែង និងប្រឈមហានិភ័យជាប់គាំងលំហូរទុនវិនិយោគ។
៦ ដីមានរឿងក្តីក្តាំនៅតុលាការ
មានអ្នកវិនិយោគមួយចំនួន បានប្រឈមមុខនឹងបញ្ហាផងដែរ ដោយសារពួកគេបានប្រថុយទិញដី ដែលមានតម្លៃទាប ប៉ុន្តែជាដីជាប់ក្តីក្តាំនៅតុលាការ។
ការទិញដីដែលមានវិវាទបែបនេះ ពិតជាមានហានិភ័យ ដោយសារជួនកាលម្ចាស់បង់លុយរួចហើយ ប៉ុន្តែប្លង់ដីនៅតុលាការនៅឡើយ ដោយសារការកាត់ក្តីមិនទាន់បញ្ចប់។
ហេតុនេះអ្នកហ៊ានប្រថុយទិញដីបែបនេះ គួរសិក្សាពីនិតិវិធីផ្លូវច្បាប់ និងលក្ខខ័ណ្ឌបង់ប្រាក់ឲ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសហានិភ័យមិនបានដីហើយ អស់ទាំងលុយ និងជាប់ក្តីនៅតុលាការយ៉ាង ស្មុគ្រស្មាញ៕