ដោយ: គង់ លាងហួរ
ហុងកុង: សកម្មភាពរោងចក្រនៅក្នុងប្រទេសចិន បានធ្លាក់ចុះដល់កម្រិតខ្សោយបំផុត ចាប់តាំងពីប្រទេសនេះ បានបញ្ចប់គោលនយោបាយសូន្យកូវីដ នៅក្នុងខែធ្នូ ស្របពេលការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ខ្លួនបន្តបាត់បង់ថាមពល។
ផ្សារហ៊ុនអាស៊ីបានធ្លាក់ថ្លៃនៅថ្ងៃពុធនេះ បន្ទាប់ពីការចេញផ្សាយទិន្នន័យសកម្មភាពរោងចក្រ ក្នុងប្រទេសចិន ក្នុងខែឧសភា ទោះបីជាកិច្ចព្រមព្រៀង បង្កើនកម្រិតបំណុលបណ្តោះអាសន្នមួយ រវាងលោកប្រធានាធិបតី Joe Biden និងប្រធានសភាលោក Kevin McCarthy បានជម្រះឧបសគ្គដ៏សំខាន់មួយ កាលពីល្ងាចថ្ងៃអង្គារយ៉ាងណាក្តី។
-->
យោងតាមទិន្នន័យដែលចេញផ្សាយ ដោយការិយាល័យស្ថិតិជាតិនៅថ្ងៃពុធនេះបានឱ្យដឹងថា សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) ផ្លូវការរបស់ប្រទេសចិន បានធ្លាក់ចុះដល់៤៨,៨ពិន្ទូ ក្នុងខែឧសភា ដោយធ្លាក់ចុះពី៤៩,២ពិន្ទុ ក្នុងខែមេសា។
សន្ទស្ស PMI ផ្លូវការមិនមែនផលិតកម្ម ដែលវាស់វែងពីអារម្មណ៍ក្នុងវិស័យសេវាកម្ម និងសំណង់បានថយចុះមកត្រឹម៥៤,៥ពិន្ទុ ក្នុងខែឧសភា ពី៥៦,៤ពិន្ទុខែមេសា ដែលជាកម្រិតខ្សោយបំផុតក្នុងរយៈពេល៤ខែ។

លោក Zhiwei Zhang ប្រធានសេដ្ឋវិទូប្រចាំក្រុមហ៊ុន Pinpoint Asset Management បានលើកឡើងថា “ការងើបឡើងវិញនៃសេដ្ឋកិច្ចចិនប្រឈមមុខនឹងបញ្ហាជាច្រើន ដូចជាតម្រូវការក្នុងស្រុកធ្លាក់ចុះនាពេលថ្មីៗនេះ ដែលមួយផ្នែកបណ្តាលមក ពីទីផ្សារអចលនទ្រព្យ និងរលកទីពីរនៃជំងឺកូវីដ-១៩”។
ប្រទេសសេដ្ឋកិច្ចធំបំផុតទីពីរ របស់ពិភពលោកនៅតែស្ថិតក្នុងស្ថានភាពធ្លាក់ចុះជាប្រវត្តិសាស្ត្រ នៅក្នុងទីផ្សារអចលនទ្រព្យ ហើយប្រទេសនេះ ក៏កំពុងត្រៀមលក្ខណៈសម្រាប់រលកថ្មី នៃជំងឺកូវីដ-១៩ផងដែរ។
កាលពីសប្តាហ៍មុន លោក Zhong Nanshan ដែលជាអ្នកជំនាញខាងរោគរាតត្បាតចិនដ៏លេចធ្លោមួយរូប បានព្យាករណ៍ថា រលកទីពីរនៃការឆ្លងមេរោគកូវីដ នឹងឈានដល់កម្រិតខ្ពស់បំផុតនៅចុងខែមិថុនា ជាមួយនឹងមនុស្សប្រហែល៦៥លាននាក់ បានឆ្លងក្នុងមួយសប្តាហ៍៕