ដោយ៖ សុខុម
ហុងកុង: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន China Evergrande Group បានទម្លាយឱ្យដឹងកាលពីល្ងាចថ្ងៃច័ន្ទ ទី២៩ ខែឧសភា ថា បំណុលហួសកាលកំណត់ទូទាត់ បំណុលមិនទាន់ទូទាត់ និងសំណងរបស់ខ្លួនដែលជាប់ពាក់ព័ន្ធនឹងពាក្យបណ្ដឹង បានកើនឡើងរហូតដល់១២៧ពាន់លានដុល្លារអាមេរិក។
នេះឆ្លុះបញ្ចាំងពីកម្រិតបំណុលរុំកោះ និងបញ្ហាផ្លូវច្បាប់គរដូចអាចម៍ភេដែលក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនដីគោក មួយនេះកំពុងប្រឈម ស្របពេលក្រុមហ៊ុននេះកំពុងប្រឹងប្រែងរៀបចំបំណុលឡើងវិញយ៉ាងត្រដាបត្រដួស។
-->
ក្រុមហ៊ុនអភិវឌ្ឍន៍ដែលកំពុងជួបវិបត្តិធ្ងន់ធ្ងរមួយនេះនិយាយថា បំណុលហួសកាលកំណត់ទូទាត់របស់ខ្លួនដែលមិនរាប់បញ្ចូលមូលបត្របំណុលក្នុងស្រុក និងក្រៅប្រទេសផងនោះ បានកើនឡើងរហូតដល់ប្រមាណ៣៨ពាន់លានដុល្លារអាមេរិក គិតត្រឹមខែមេសា។ នេះបើយោងតាមឯកសាររបស់ផ្សារហ៊ុន Shenzhen Stock Exchange ពាក់ព័ន្ធនឹងពាក្យបណ្ដឹង និងការខកខានរបស់ខ្លួនក្នុងការទូទាត់បំណុលដែលដល់ពេលត្រូវទូទាត់។
បំណុលហួសកាលកំណត់ទូទាត់របស់ក្រុមហ៊ុន Evergrande មានចំនួនប្រមាណ៣៤,៦ពាន់លានដុល្លារ។

ឯកសារដដែលបង្ហាញថា នៅក្នុងទិដ្ឋភាពផ្លូវច្បាប់ ក្រុមហ៊ុន Evergrande ក៏កំពុងប្រឈមមុខនឹងបណ្តឹងមិនទាន់ដោះស្រាយរហូតដល់ទៅ១.៤២៦បណ្ដឹង ដែលពាក់ព័ន្ធនឹងទឹកប្រាក់សរុបប្រមាណ៥០ពាន់លានដុល្លារ ផងដែរគិតត្រឹមខែមេសា។
ក្រុមហ៊ុនអភិវឌ្ឍន៍នេះត្រូវបានគេដាក់ឈ្មោះថាជាកូនបំណុលទុចរិត ដែលគ្មានភាពស្មោះត្រង់ក្នុងសំណុំរឿងតុលាការចំនួន៦ទូទាំងប្រទេសចិន ក្នុងខែមេសា សម្រាប់ការខកខាន “បំពេញកាតព្វកិច្ច”។
ក្រុមហ៊ុននេះក៏ត្រូវបានតុលាការបង្គាប់ឱ្យទូទាត់បំណុលប្រមាណ៤១០លានដុល្លារ នៅក្នុងសេចក្ដីប្រកាសឱ្យអនុវត្តន៍ថ្មីៗចំនួន១៣០ផងដែរ។
ភាគហ៊ុនរបស់ក្រុមហ៊ុន Evergrande នៅក្នុងបុត្រសម្ព័ន្ធមួយចំនួន និងក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នារបស់ខ្លួនក៏ត្រូវបានបង្កកទុកផងដែរស្របតាមដីការបស់តុលាការចំនួន២៧។
គិតត្រឹមខែមេសា ក្រុមហ៊ុន Evergrande បានបញ្ចប់ការផ្ទេរគម្រោងអចលនទ្រព្យសរុបចំនួន៦៥គម្រោងតាមរយៈមធ្យោបាយផ្សេងៗ រួមទាំងការផ្ទេរភាគហ៊ុន និងការផ្ទេរដី និងសំណង់ដែលកំពុងដំណើរការសាងសង់ផងដែរ៕ South China Morning Post៕