កោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក នឹងចុះកិច្ចព្រមព្រៀងដំបូងជាប្រវត្តិសាស្ត្រក្រោមក្របខណ្ឌពាណិជ្ជកម្មថ្មីនៅថ្ងៃនេះ

0

ដោយ៖ សុខុម

តៃប៉ិ: កោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក នឹងចុះកិច្ចព្រមព្រៀងដំបូងជាប្រវត្តិសាស្ត្រក្រោមក្របខណ្ឌកិច្ចចរចាពាណិជ្ជកម្មថ្មីនៅថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា នេះ ដោយពង្រឹងទំនាក់ទំនងរវាងភាគីទាំងពីរស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយប្រទេសចិន ជុំវិញកោះដែលគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យមួយនេះ។

កោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក បានចាប់ផ្តើមកិច្ចចរចាក្រោមអ្វីដែលគេហៅថា “គំនិតផ្តួចផ្តើមសហរដ្ឋអាមេរិក-តៃវ៉ាន់ ស្តីពីពាណិជ្ជកម្មសតវត្សរ៍ទី២១” (U.S.-Taiwan Initiative on 21st Century Trade) កាលពីខែសីហា ឆ្នាំ២០២២ បន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានដកកោះតៃវ៉ាន់ ចេញពីគំនិតផ្តួចផ្តើមពាណិជ្ជកម្មធំជាងនេះរបស់ខ្លួនប្រចាំអាស៊ី នោះគឺ “ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក” (Indo-Pacific Economic Framework)។

ការិយាល័យចរចាពាណិជ្ជកម្មរបស់កោះតៃវ៉ាន់ បានចេញសេចក្តីថ្លែងការណ៍ខ្លីមួយថា កិច្ចព្រមព្រៀងដំបូងជាប្រវត្តិសាស្ត្រក្រោមក្របខណ្ឌនេះនឹងត្រូវចុះហត្ថលេខានៅរដ្ឋធានីវ៉ាស៊ីនតោន នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា នេះម៉ោងនៅសហរដ្ឋអាមេរិក ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតផ្សេងបន្ថែមទៀតទេ។

ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) និយាយថា តំណាងពាណិជ្ជកម្មរងរបស់សហរដ្ឋអាមេរិក លោកស្រី Sarah Bianchi នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ ប៉ុន្តែក៏មិនបានបញ្ជាក់លម្អិតនោះដែរ។

កាលពីខែមុន ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងលើផ្នែកដំបូងនៃគំនិតផ្តួចផ្តើមពាណិជ្ជកម្មរបស់ពួកគេ ដោយគ្របដណ្តប់លើនីតិវិធីគយ និងព្រំដែន ការអនុវត្តបទប្បញ្ញត្តិ និងអាជីវកម្មខ្នាតតូច។

ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បាននិយាយមុននេះថា បន្ទាប់ពីកិច្ចព្រមព្រៀងដំបូងត្រូវបានចុះហត្ថលេខា ការចរចានឹងចាប់ផ្តើមលើផ្នែកពាណិជ្ជកម្មដ៏ស្មុគស្មាញផ្សេងៗទៀត រួមទាំងកសិកម្ម ពាណិជ្ជកម្មឌីជីថល ស្តង់ដារការងារ និងបរិស្ថាន សហគ្រាសគ្រប់គ្រងដោយរដ្ឋ និងគោលនយោបាយ និងការអនុវត្តមិនមែនទីផ្សារផងដែរ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here