តើល្បិចបោកប្រាស់អ្វីខ្លះដែលគេនិយមយកមកប្រើប្រាស់ ក្នុងវិស័យអចលនទ្រព្យ

ចែករំលែក

ដោយៈ គង់ សូរិយា

ភ្នំពេញៈ វិស័យអចលនទ្រព្យមានការរីកចម្រើនយ៉ាងខ្លាំងក្លា ដែលបានកំពុងស្រូបយកវិនិយោគិនពីបរទេស និងរុញប្រជាជនក្នុងស្រុកដ៏ច្រើនឲ្យងាកមកវិនិយោគ កាន់តែច្រើនឡើងនៅក្នុងវិស័យ ទាំងវិស័យដីធ្លី និងវិស័យលំនៅដ្ឋាន។

នៅពេលនិន្នាការថ្មីនេះកើតមានឡើង គឺបានផ្តល់ផលចំណេញជាច្រើនដល់អ្នកអភិវឌ្ឍន៍ និងវិនិយោគចុងក្រោយ។ ស្របជាមួយគ្នានេះមានអ្នកភិវឌ្ឍន៍ និងជនខិលខូចមួយចំនួន បានកេងបន្លំក្នុងវិស័យអចលនទ្រព្យ ដោយផ្តល់ព័ត៌មានមិនមានភាពច្បាស់លាស់ ដើម្បីទទួលបានផលចំណេញក្នុងរយៈពេលខ្លី។

ប្រហែលជាមកពីភាពធូរលុងផ្នែកច្បាប់ ចំណែកស្តង់ដារអាជីវកម្មក្នុងវិស័យ ក៏ហាក់មិនទាន់់មានភាពច្បាស់លាស់ ដែលធ្វើឲ្យអ្នកទិញមិនបានដឹងថា ពួកគេកំពុងត្រូវបានគេបោកប្រាស់ ឬករណីខ្លះវាហាក់យឺតពេលនៅពេលពួកគេដឹងថា ត្រូវបានគេបោកប្រាស់។  

ដើម្បីបញ្ជៀសពីហានិភ័យទាំងនេះ ប្រហែលជាត្រូវទាមទាឲ្យអ្នកទិញខ្លួនឯង បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់។ ជាមួយគ្នានេះអ្នកទិញអាចស្វែងយល់ពីល្បិចបោកប្រាស់មួយចំនួន របស់ក្រុមខិលខូច ។ ​ខាងក្រោមនេះគឺជាល្បិចឆបោកខ្លះៗ ដែលធ្លាប់កើតមាននៅក្នុងប្រតិបត្តិការទិញលក់អចលនទ្រព្យនៅកម្ពុជា។

ប្លង់កម្មសិទ្ធិចំនួនពីរ

ប្លង់រឹង និងប្លង់ទន់គឺជាប័ណ្ណកម្មសិទ្ធិអចលនទ្រព្យ ដែលត្រូវបានគេប្រើប្រាស់នៅកម្ពុជា។ ជាធម្មតាអចលនទ្រព្យមួយអាចមានប័ណ្ណកម្មសិទ្ធិកាន់កាប់មួយ ប៉ុន្តែអចលនទ្រព្យខ្លះអាចមានទាំងប្លង់រឹង និងប្លង់ទន់។

ការឆបោកនេះពាក់ព័ន្ធទៅនឹងម្ចាស់ ដែលលក់អចលនទ្រព្យឲ្យអ្នកទិញពីរនាក់ផ្សេងគ្នាដោយ អ្នកទិញម្នាក់ទទួលបានប្លង់រឹង ហើយម្នាក់ទៀតទទួលបានប្លង់ទន់។​ ក្នុងរណីនេះអ្នកទិញដែល ទទួលបានប្លង់ទន់នឹងមិនមានសិទ្ធិស្របច្បាប់ទេ ដោយសារតែប្លង់ទន់បានទទួលស្គាល់ត្រឹមតែ ពីអាជ្ញាធរមូលដ្ឋានប៉ុណ្ណោះ រីឯប្លង់រឹងវិញគឺទទួ​លស្គាល់ពីថ្នាក់ជាតិ។

ករណីនៃការចេញប្លង់ច្រើន លើអចលនទ្រព្យតែមួយនេះធ្លាប់បានកើតឡើង ហើយអ្នកលក់បានលក់អចលនទ្រព្យដដែល ទៅឲ្យអ្នកទិញច្រើននាក់។

ជាដំណោះស្រាយ

អ្នកអាចធ្វើការស៊ើបអង្កេតដោយផ្ទាល់ ជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងការិយាល័យសុរិយោដី​ក្នុងតំបន់នោះ ដោយត្រូវថតចម្លង ប្លង់កម្មសិទ្ធិពីអ្នកលក់ ដើម្បីត្រួតពិនិត្យជាមួយនឹងកំណត់ត្រាជាផ្លូវការ។

ការប្រុងប្រយ័ត្នមួយផ្សេងទៀត គឺការពិនិត្យមើលថាតើអ្នកជិតខាងមានប្លង់រឹង ឬប្លង់ទន់។ ប្រសិនបើប្រជាជននៅក្នុងតំបន់នោះកាន់កាប់ប្លង់រឹងនោះគឺមានន័យថា រដ្ឋាភិបាលបានចេញប្លង់រឹងជូនដល់តំបន់នោះរួចហើយ។ យើងមិនណែនាំឲ្យអ្នកទិញអចលនទ្រព្យមួយដែលមានប្លង់ទន់នៅក្នុង តំបន់ ដែលអ្នកជិតខាងមានប្លង់រឹងនោះទេ។

ប្លង់រឹងក្លែងក្លាយ

កាលពីដើមឆ្នាំ២០១៨កន្លងទៅ មានករណីឆបោកលក់ដីដោយប្រើប្រាស់ប្លង់រឹងក្លែងក្លាយនៅក្នុងរាជធានីភ្នំពេញ។​ ការឆបោកនេះបានធ្វើឡើងជាស៊ែរី ហើយម្ចាស់ដីនីមួយៗបានលក់ដី ក្នុងតម្លៃក្រោមទីផ្សារទៅអោយម្ចាស់តែមួយ។

ករណីខាងលើនេះអ្នកទិញបានពិនិត្យប្លង់ដី  និងផ្ទៀងផ្ទាត់អត្តសញ្ញាណម្ចាស់កម្មសិទ្ធិករ អត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារឃើញមានភាពត្រឹមត្រូវទាំងអស់។ ប៉ុន្តែប៉ុន្មានខែក្រោយមក បន្ទាប់ពីដាក់ឯកសារផ្ទេរកម្ម សិទ្ធិដីភូមិបាលខណ្ឌរកឃើញថា ជាប្លង់ដីក្លែងក្លាយ។

ជាដំណោះស្រាយ

អ្នកទិញអចលនទ្រព្យ គួរធ្វើការផ្ទៀងផ្ទាត់ប្លង់ជាមួយការិយាល័​យសុរិយោដី ឬភូមិបាលសុ្រក/ ខណ្ឌអោយបានច្បាស់លាស់ជាមុនសិនមុនសម្រេចចិត្តកក់លុយ។

ដីមានវិវាទ

អ្នកអាចក្លាយទៅជនរងគ្រោះ ដោយមិនដឹងខ្លួនប្រសិនបើអ្នកទិញដីកំពុងមានវិវាទ ឬមានការហាមឃាត់តាមផ្លូវតុលាការ។ អ្នកប្រហែលជាមិនងាយដឹងទេថាដីមានជម្លោះ ឬអត់ប្រសិនបើអ្នកមិនរស់នៅតំបន់នោះ។

ការនិយាយជាមួយអ្នកជិតខាងជាធម្មតា អាចជួយអ្នកក្នុងការប្រមូលរាល់ព័ត៌មានចាំបាច់។ អ្នកក៏គួរតែធ្វើការស្វែងរកជំនួយ ឬកម្មសិទ្ធិកាន់កាប់​ តាមរយៈក្រុមប្រឹក្សាឃុំ/សង្កាត់ ឬមន្រ្តីក្រសួងដែនដីដើម្បីដឹងថាដីនោះពិតជាមានសុវត្ថិភាព។

ភ្នាក់ងារអចលនទ្រព្យ ដែលមានជំនាញវិជ្ជាជីវៈ ឬមេធាវីដែលមានបទពិសោធន៍អាចជួយធ្វើការនេះ ជំនួសអ្នកបានប្រសិនបើអ្នកត្រូវការ ។

ម្ចាស់ក្លែងក្លាយ

អ្នកប្រហែលធ្លាប់ឃើញដីទំនេរធំៗ​ដាក់ប្រកាសលក់។ ការឆបោកនេះ ជាប់ពាក់ព័ន្ធនឹងនរណាម្នាក់ ដែលតាំងខ្លួនជាម្ចាស់កម្មសិទ្ធិលើដីណាមួយ។

ដំណោះស្រាយ

អ្នកត្រូវសាកសួរអ្នកជិតខាង និងប្រធានភូមិអំពីអចលនទ្រព្យ និងប្រវត្តិរបស់ម្ចាស់ដីនោះ។ បន្ទាប់មកពិនិត្យថាតើអ្វីជាភាពខុសគ្នារវាងព័ត៌មានដែលអ្នកទទួលបានពីមេភូមិ និងព័ត៌មានដែលអ្នកលក់បានអះអាង។  

ការត្រួតពិនិត្យប្លង់កម្មសិទ្ធិ គឺមានសារៈសំខាន់ ហើយប្រសិនបើម្ចាស់ដីមិនមានប្លង់កម្មសិទ្ធិ នោះគឺប្រាកដមានអ្វីមួយមិនប្រក្រតីជាមិនខាន។ ជារួមទៅជំនួយពីអាជ្ញាធរពាក់ព័ន្ធ នឹងអាចបញ្ជាក់ថានរណាជាម្ចាស់ពិតប្រាកដ៕


ចែករំលែក