ដោយ: គង់ លាងហួរ
ភ្នំពេញ: សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍នៅថ្ងៃចន្ទនេះថា សម្ព័ន្ធភាពត្រីភាគី AUKUS ដែលជាសន្ធិសញ្ញាយោធាក្នុងចំណោមសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី កំពុងក្លាយជាកង្វល់សម្រាប់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
ក្រោមសម្ព័ន្ធភាព AUKUS ដែលត្រូវបានប្រកាសក្នុងខែកញ្ញា ឆ្នាំ២០២១ អូស្ត្រាលីនឹងអាចបង្កើតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរជាមួយនឹងបច្ចេកវិទ្យាដែលផ្តល់ដោយសហរដ្ឋអាមេរិក និងអង់គ្លេស។សម្តេចបានបន្តថា “សម្ព័ន្ធភាពខ្នាតតូចដែលពាក់ព័ន្ធនឹងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរក្នុងចំណោមសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី កំពុងក្លាយជាក្តីកង្វល់សម្រាប់អាស៊ាន និងប្រទេសក្នុងតំបន់ ដោយសារអាស៊ានជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ ហើយយើងជំទាស់នឹងការរីកសាយអាវុធនុយក្លេអ៊ែរ”។
សម្តេចបានថ្លែងបែបនេះក្នុងសុន្ទរកថានៅឯពិធីចែកសញ្ញាបត្រដល់និស្សិតជិត៦ពាន់នាក់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច។