ដោយ: គង់ លាងហួរ
ប៉េកាំង: សារព័ត៌មានរដ្ឋចិនដ៏ល្បីមួយ បានព្រមាននៅថ្ងៃពុធនេះថា វិធានការគាំទ្រសម្រាប់ទីផ្សារអចលនទ្រព្យនឹងត្រូវការ ពេលខ្លះ ដើម្បីបង្កើតឥទ្ធិពល ខណៈក្រុមអ្នកវិនិយោគបានដាក់ការភ្នាល់គ្នាលើការជំរុញរយៈពេលខ្លី ដើម្បីស្តារវិស័យនេះឡើងវិញ។
ការអត្ថាធិប្បាយដោយកាសែត Economic Daily បានធ្វើឡើង ស្របពេលដែលវិនិយោគិន នៅក្នុងភាគហ៊ុនអចលនទ្រព្យពិបាកជ្រើសរើសរវាងក្តីសង្ឃឹមដែលថា ទីក្រុងប៉េកាំងនឹងដាក់ចេញវិធានការគាំទ្របន្ថែមទៀត និងការខកចិត្ត ដែលគ្មានអ្វីសោះត្រូវបានបង្ហាញចេញមកចាប់តាំងពីសប្តាហ៍មុន។
កាសែតនេះបានចុះផ្សាយថា “យើងគួរតែបង្ហាញពីការអត់ធ្មត់ និងទំនុកចិត្តបន្ថែមទៀត ទៅលើការស្តារស្ថិរភាព និងការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យ ក៏ដូចជាការអភិវឌ្ឍបន្តប្រកបដោយស្ថិរភាព និងសុខភាពល្អ”។
-->
គោលនយោបាយគាំទ្រនានា រាប់ចាប់ពីការបន្ធូរបន្ថយការទប់ស្កាត់លើការទិញផ្ទះ រហូតដល់ការកាត់បន្ថយសម្ពាធ ផ្នែកហិរញ្ញវត្ថុ និងការគាំទ្រផ្នែកហិរញ្ញវត្ថុកាន់តែច្រើន នៅតែបន្តត្រូវបានដាក់ឱ្យដំណើរការ ប៉ុន្តែបានព្រមានថា វាត្រូវការពេលវេលាខ្លះ ដើម្បីឱ្យគោលនយោបាយបញ្ចេញឥទ្ធិពល។
កាសែតនេះបានរាយការណ៍ទៀតថា “នាពេលបច្ចុប្បន្ននេះ រាល់កិច្ចខិតខំប្រឹងប្រែង គួរតែបន្តត្រូវបានធ្វើឡើង ដើម្បីធានាបាននូវការចែកចាយគម្រោងលំនៅដ្ឋាន ដែលលក់មុន(Presold)បានទាន់ពេលវេលា ដើម្បីជួយស្តារទំនុកចិត្តក្នុងឧស្សាហកម្មនេះឡើងវិញ”។រដ្ឋបាលក្នុងតំបន់បានដាក់ចេញវិធានការ រាប់រយចាប់តាំងពីឆ្នាំមុនដើម្បីបង្កើននូវតម្រូវការ។ ប៉ុន្តែអារម្មណ៍ទីផ្សារដែលបានជំរុញពីដំបូងដោយការលុបចោល ការទប់ស្កាត់ជំងឺកូវីដ-១៩ ដ៏តឹងតែងក្នុងខែធ្នូបានបង្ហាញថា មានត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។
កាសែត Economic Daily បានឱ្យដឹងទៀតថា ទីផ្សារអចលនទ្រព្យ បានបង្ហាញពីសញ្ញាជាក់ស្តែងបន្ថែមទៀត នៃការងើបឡើងវិញនៅក្នុងត្រីមាសទីមួយ ប៉ុន្តែនិន្នាការនេះ មិនបានបន្តនៅក្នុងខែមេសា និងឧសភានោះទេ៕