ទំហំពាណិជ្ជកម្មរវាងរុស្ស៊ី និងមហាយក្សចិន កើនឡើងខ្លាំងបំផុតមិនធ្លាប់មានក្នុងឆ្នាំ២០២៣

0

សុខុម

ញូវយ៉ក: ទិន្នន័យគយចិន បង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសរុស្ស៊ី និងមហាយក្សចិន មានទំហំសរុបជាង៩៣,៨ពាន់លានដុល្លារអាមេរិក គិតពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៣ ដោយកើនឡើងរហូតដល់៤០,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយចិន ចេញផ្សាយកាលពីថ្ងៃពុធ ទី៧ ខែមិថុនា ក៏បង្ហាញដែរថា ការនាំចេញរបស់មហាយក្សចិន ទៅកាន់ប្រទេសរុស្ស៊ី បានឈានដល់៤២,៩៦ពាន់លានដុល្លារ ចាប់តាំងពីខែមករា ដើមឆ្នាំ២០២៣ ដោយកើនឡើងរហូតដល់៧៥,៦%ធៀបនឹងឆ្នាំ២០២២។

ទំហំពាណិជ្ជកម្មសរុប និងការនាំចេញសរុបនៃប្រទេសទាំងពីរបានកើនឡើងខ្លាំងបំផុតមិនធ្លាប់មានចាប់តាំងពីប្រទេសរុស្ស៊ី បានបញ្ឆេះភ្លើងសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន ដែលធ្វើឱ្យរុស្ស៊ី ក្លាយជាដៃគូពាណិជ្ជកម្មរីកចម្រើនឆាប់រហ័សបំផុតរបស់ប្រទេសចិន នៅក្នុងពិភពលោក។

ប្រទេសរុស្ស៊ី បានទទួលរងទណ្ឌកម្មជុំទិសពីលោកខាងលិច ចាប់តាំងពីខ្លួនបានបញ្ឆេះភ្លើងសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយត្រូវបានកាត់ផ្ដាច់មួយចំនួនធំពីសេដ្ឋកិច្ចពិភពលោក។ប៉ុន្តែប្រទេសចិន ដែលបានប្រកាសរឹតចំណងមិត្តភាពស្អិតរមួតឥតដែនកំណត់ជាមួយរុស្ស៊ី ដែលជាប្រទេសជិតខាងរបស់ខ្លួននៅភាគខាងជើង បានធ្វើឱ្យវិមានក្រឹមឡាំង (រុស្ស៊ី) នៅតែមានដង្ហើមសេដ្ឋកិច្ចរស់ ទោះជាប្រទេសរុស្ស៊ី ត្រូវបានកាត់ផ្ដាច់ចេញពីប្រព័ន្ធហិរញ្ញវត្ថុពិភពលោកយ៉ាងណាក្ដី។

ពាណិជ្ជកម្មរវាងប្រទេសចិន និងប្រទេស ឬ តំបន់ផ្សេងៗទៀតបានធ្លាក់ចុះភាគច្រើន បើធៀបនឹងឆ្នាំមុន។ តួយ៉ាង ពាណិជ្ជកម្មរវាងប្រទេសចិន និងកោះតៃវ៉ាន់ បានធ្លាក់ចុះជាង២៥% ហើយពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក បានធ្លាក់ចុះ១២,៣%។

សារព័ត៌មាន CNN បានចុះផ្សាយថា កាលពីខែមុននាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin បានលើកឡើងថា លោករំពឹងថា ពាណិជ្ជកម្មរវាងប្រទេសរុស្ស៊ី និងមហាយក្សចិន នឹងឈានលើស២០០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here