ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសរុស្ស៊ីបានបង្ហាញផែនការវិនិយោគចំនួន២ពាន់ពាន់លានរូប្ល (ប្រហែល២៤,៥៨ពាន់លានដុល្លារអាមេរិក) ក្នុងការអភិវឌ្ឍផ្លូវសមុទ្រខាងជើង (NSR) របស់ខ្លួនក្នុងរយៈពេល១៣ឆ្នាំខាងមុខ ហើយសេចក្តីព្រាងច្បាប់ដែលរៀបចំដោយរដ្ឋាភិបាលបានអនុម័តការអានលើកដំបូងរួចរាល់ហើយ។
ថ្លែងនៅក្នុងសម័យប្រជុំយុទ្ធសាស្ត្រស្តីពី “ការអភិវឌ្ឍន៍ផ្លូវសមុទ្រខាងជើង លោកនាយករដ្ឋមន្ត្រីរុស្សុី Mikhail Mishustin បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់ NSR ក្នុងការបង្កើនការតភ្ជាប់ការដឹកជញ្ជូនសម្រាប់ដែនដីដាច់ស្រយាលនានានៃប្រទេសរុស្សុី”។
សម័យប្រជុំយុទ្ធសាស្ត្របានវាយតម្លៃវឌ្ឍនភាពក្នុងការអនុវត្តផែនការអភិវឌ្ឍន៍ NSR ដែលបានអនុម័តក្នុងខែសីហា ឆ្នាំ២០២២ ដែលរួមមានការសាងសង់នាវាបំបែកទឹកកក និងកប៉ាល់ប្រភេទទឹកកកជាង៥០គ្រឿង ការបង្កើតកំពង់ផែ ស្ថានីយ មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ និងការដាក់ពង្រាយផ្កាយរណបគន្លងគោចរ។