ដោយ: គង់ លាងហួរ
អន្តរជាតិ: អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Anucha Burapachaisri បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ដំណាក់កាលដំបូងនៃផ្លូវរថភ្លើងល្បឿនលឿន ដែលនឹងតភ្ជាប់ទីក្រុង Kunming របស់ប្រទេសចិន ជាមួយទីក្រុងបាងកក នឹងត្រូវបញ្ចប់នៅឆ្នាំ២០២៦។
ខ្សែរថភ្លើងដំណាក់កាលទីមួយ មានប្រវែង២៥១គីឡូម៉ែត្រ និងមានចំណតចំនួន6 ពីទីក្រុងបាងកកទៅកាន់ខេត្ត Nakhon Ratchasima គឺ Bangsue Grand Station Don Muang Ayutthaya Saraburi និង Pak Chong។
-->
លោក Anucha បានបន្តថា រថភ្លើង Fuxing Hao CR300AF ដែលមានសមត្ថភាព ផ្ទុកអ្នកដំណើរយ៉ាងហោចណាស់៦០០នាក់ ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់សម្រាប់គម្រោងនេះ។
យោងតាមអ្នកនាំពាក្យរូបនេះ បានឱ្យដឹងទៀតថា អាជ្ញាធរចិនបានសន្យាជាមួយរដ្ឋាភិបាលថៃ ក្នុងការផ្ទេរចំណេះដឹងទាក់ទងនឹងការសាងសង់ផ្លូវរថភ្លើងល្បឿនលឿន រួមទាំងសម្ភារៈ ការសាងសង់ខ្សែរថភ្លើងលើប្រភេទដីផ្សេងៗគ្នា ការរចនាស្ថានីយ៍ និងការសាងសង់ស្ពាន និងផ្លូវរូងក្រោមដីផងដែរ។
គម្រោងផ្លូវដែកនេះ ត្រូវបានហ៊ុមព័ទ្ធដោយការពន្យាពេល ចាប់តាំងពីវាត្រូវបានស្នើឡើងដំបូង ទៅកាន់រដ្ឋាភិបាលកាលពីឆ្នាំ២០១០។
ចំណុចជាប់គាំងដ៏សំខាន់មួយ គឺការផ្តល់ហិរញ្ញប្បទាន ដោយប្រទេសថៃបានទទូចថា ខ្លួននឹងផ្តល់មូលនិធិដល់គម្រោងនេះ ដោយសារថៃ មិនចង់យកតាមបទពិសោធន៍ របស់ប្រទេសផ្សេងទៀតដែលបានខ្ចីពីប្រទេសចិន ដើម្បីផ្តល់មូលនិធិដល់គម្រោងធំៗ៕