ដោយៈសុខុម
ស្តុកខុល: ស៊ុយអែត នឹងអនុញ្ញាតឱ្យអង្គការ NATO ដាក់មូលដ្ឋានទ័ពលើទឹកដីរបស់ខ្លួន សូម្បីមុនពេលខ្លួនចូលជាសមាជិក នៃអង្គការបក្សសម្ព័ន្ធយោធានេះជាផ្លូវការទៅទៀត។
នេះបើយោងតាមនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិស៊ុយអែត បានលើកឡើងកាលពីថ្ងៃសុក្រ ទី៩ ខែមិថុនា។ប្រទេសស៊ុយអែត កាលពីឆ្នាំមុនបានដាក់ពាក្យសុំ ចូលជាសមាជិករបស់អង្គការNATO ជាលទ្ធផលដោយសាររុស្ស៊ី ក្រោមការដឹកនាំរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបញ្ឆេះភ្លើងសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
នាយករដ្ឋមន្ត្រីUlf Kristersson និងរដ្ឋមន្ត្រីការពារជាតិ Pal Jonson បញ្ជាក់ថា “រដ្ឋាភិបាលស៊ុយអែត បានសម្រេចថា កងកម្លាំងប្រដាប់អាវុធស៊ុយអែត អាចធ្វើការត្រៀមខ្លួនជាមួយអង្គការ NATO និងបណ្ដាប្រទេសជាសមាជិករបស់ NATO ដើម្បីបើកប្រតិបត្តិការរួមគ្នានាពេលអនាគត”។
លោកទាំងពីរបានលើកឡើង ក្នុងបទវិចារណថាចុះផ្សាយក្នុងកាសែតចេញផ្សាយប្រចាំថ្ងៃ Dagens Nyheter ថា “ការត្រៀមរៀបចំនេះអាចជាការបោះមូលដ្ឋានសព្វាវុធ និងកងទ័ពបរទេសបណ្ដោះអាសន្ននៅលើទឹកដីស៊ុយអែត។
សេចក្ដីសម្រេចនេះ បញ្ជូនសារយ៉ាងច្បាស់ ទៅកាន់ប្រទេសរុស្ស៊ី និងពង្រឹងការការពារជាតិរបស់ស៊ុយអែត”។
លោកទាំងពីរនិយាយទៀតថា ប្រទេសរុស្ស៊ី នៅថ្ងៃអនាគតដ៏ខ្លីនៅតែជាការគំរាមកំហែង ចំពោះបណ្ដាប្រទេសជិតខាង ហើយពួកលោកមិនអាចស្មានដឹង ពីទំហំមហិច្ឆតាទឹកដីរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នោះឡើយ។
ប្រទេសហ្វាំងឡង់ ដែលមានព្រំដែនយ៉ាងវែង ជាមួយប្រទេសរុស្ស៊ី បានចូលជាសមាជិករបស់អង្គការNATO កាលពីខែមេសា ឆ្នាំនេះ៕ Reuters៕