រដ្ឋាភិបាលឥណ្ឌូនេស៊ីអនុម័តទុន១០០០លានដុល្លារបន្ថែមដើម្បី ពន្លឿនការសាងសង់រដ្ឋធានីថ្មី Nusantara

0

ដោយ: គង់ លាងហួរ

ហ្សាការតា: សមាជិកសភាជាន់ខ្ពស់មួយរូប បានឱ្យដឹងកាលពីពេលថ្មីៗនេះថា គណៈកម្មាធិការថវិកាសភា របស់ប្រទេសឥណ្ឌូនេស៊ីបានអនុម័ត ទឹកប្រាក់បន្ថែម១៥ពាន់ពាន់លានរូពៀ (១,០១ពាន់លានដុល្លារ) ដើម្បីពន្លឿនការសាងសង់រដ្ឋធានីថ្មី ដ៏ល្បីឈ្មោះ Nusantara ។

លោក Said Abdullah ប្រធានគណៈកម្មាធិការសភាបានលើកឡើងថា ទឹកប្រាក់បន្ថែមចំនួន១៥ពាន់ពាន់លានរូពៀ នឹងបានទៅដល់ការសាងសង់នៅឆ្នាំនេះ បន្ថែមពីលើថវិកា២២ពាន់ពាន់លានរូពៀ ដែលត្រូវបានបែងចែកកាលពីមុន សម្រាប់ការអភិវឌ្ឍរដ្ឋធានីថ្មី Nusantara នៅលើកោះ Borneo។ 

ប្រទេសឥណ្ឌូណេស៊ី កំពុងជំរុញឱ្យបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៤ នូវការិយាល័យរដ្ឋបាលសំខាន់ៗ របស់រដ្ឋធានី រួមទាំងវិមានប្រធានាធិបតី និងអគាររដ្ឋមន្ត្រីសំខាន់ៗ ដែលមានមន្ត្រីរាជការ យោធា និងប៉ូលីសយ៉ាងហោចណាស់ ចំនួន១៦.០០០នាក់នឹងត្រូវផ្លាស់ទៅទីនោះនៅឆ្នាំក្រោយ។

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ធ្លាប់បានសន្យាថា រដ្ឋាភិបាលនឹងចំណាយថវិកាត្រឹមតែ២០%ប៉ុណ្ណោះ ទៅលើគម្រោងរដ្ឋធានី តម្លៃ៣២ពាន់លានដុល្លារ ខណៈផ្នែកដែលនៅសេសសល់នឹងទទួលបានវិស័យឯកជន។

ទោះជាយ៉ាងនេះក្តី រហូតមកទល់ពេលនវ មិនទាន់មានកិច្ចព្រមព្រៀងវិនិយោគណាមួយ ត្រូវបានចុះហត្ថលេខានោះទេ ដោយសារអ្នកវិនិយោគព្រួយបារម្ភអំពីលទ្ធភាព និងដំណើរការបន្តរបស់គម្រោង ទោះបីជារដ្ឋាភិបាលឥណ្ឌូនេស៊ី ប្រកាសផ្តល់ការលើកទឹកចិត្តយ៉ាងណាក្តី ខណៈប្រទេសឥណ្ឌូនេស៊ី នឹងរៀបចំការបោះឆ្នោតនៅខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ ដើម្បីជ្រើសរើសប្រធានាធិបតីថ្មី៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here