ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកលោកស្រី Janet Yellen គ្រោងស្នើសុំសភាឱ្យផ្តល់ប្រាក់កម្ចីបន្ថែមទៀតដល់ប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីទប់ទល់នឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ប្រទេសចិន។ នេះបើយោងតាមច្បាប់ចម្លងនៃសុន្ទរកថារបស់លោកស្រីដែលពិនិត្យដោយកាសែត CNN។
បន្ថែមពីលើការបង្កើនការផ្តល់ប្រាក់កម្ចីដល់កម្មវិធីមូលនិធិរូបិយវត្ថុអន្តរជាតិផ្សេងៗទៀត លោកស្រី Yellen គ្រោងនឹងថ្លែងប្រាប់ដល់ក្រុមសមាជិកសភាថា រដ្ឋបាលលោក ចូ បៃដិន ចង់ជំរុញការចូលរួមទៅក្នុងមូលនិធិវិនិយោគវិស័យឯកជនរបស់ក្រុមធនាគារអភិវឌ្ឍន៍អន្តរ-អាមេរិក និងមូលនិធិអភិវឌ្ឍន៍អាហ្វ្រិក។លោកស្រី Janet Yellen គ្រោងថ្លែងនៅក្នុងសក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការសេវាហិរញ្ញវត្ថុរបស់សភានៅថ្ងៃអង្គារនេះថា “ការវិនិយោគទាំងនេះនឹងជំរុញការចូលរួមរបស់យើងនៅក្នុងតំបន់ទាំងនេះ ស្របពេលមានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ”។
លោកស្រីបន្តថា “ការផ្តល់ប្រាក់កម្ចីដល់អង្គការនានាដូចជាមូលនិធិ IMF ដើរតួជាអ្នកប្រឆាំងដ៏សំខាន់ចំពោះការផ្តល់ប្រាក់កម្ចីមិនមានតម្លាភាព និងគ្មាននិរន្តរភាពពីបណ្តាប្រទេសដទៃផ្សេងទៀតដូចជាប្រទេសចិនជាដើម”។