ប្រទេសចិនចាប់ផ្ដើមដំណើរការផ្លូវដែកដឹកទំនិញថ្មីពីក្រុង ឆុងឈីង មកកាន់តំបន់អាស៊ាន

0

ដោយៈ សុខុម

វៀងចន្ទន៍: រថភ្លើងដឹកទំនិញដំបូងពីក្រុងឆុងឈីង (Chongqing​) នាភាគនិរតីនៃប្រទេសចិន បានទៅដល់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុនលើផ្លូវដែកថ្មីមួយ ដើម្បីកាត់បន្ថយថ្លៃដើម និងពេលធ្វើដំណើរពីប្រទេសចិន មកកាន់បណ្ដាប្រទេសជាសមាសមា​ជិកអាស៊ាន។

សារព័ត៌មាន Laotian Times បានចុះផ្សាយកាលពីថ្ងៃពុធ ទី១៤ ខែមិថុនា ដោយដកស្រង់ប្រភពពីកាសែត China Daily ថា រថភ្លើងដឹកទំនិញដំបូងនេះ បានទៅដល់ទីក្រុងPadang Besar ប្រទេសម៉ាឡេស៊ី ក្រោយធ្វើដំណើររយៈពេលត្រឹមតែ១៣ថ្ងៃ ពីប្រទេសចិន ដែលផ្ទុកពេញទៅដោយផលិតផលឧស្សាហកម្ម។

មុនពេលបើកដំណើរការផ្លូវដែកនេះ រថភ្លើងដឹកទំនិញត្រូវការពេលវេលារហូតដល់ទៅ២៥ថ្ងៃ សម្រាប់ការដឹកជញ្ជូន ដោយសារទំនិញនាំចេញ ត្រូវបញ្ជូនទៅកាន់ទីក្រុងសៀងហៃ ជាមុនសិនពីតំបន់ផ្សេងទៀតតាមដងទន្លេ Yangtze ក្នុងប្រទេសចិន មុនពេលទៅដល់រដ្ឋប៉េណាង (Penang) ប្រទេសម៉ាឡេស៊ី ដែលត្រូវដឹកជញ្ជូនតាមផ្លូវសមុទ្រ។របៀងពាណិជ្ជកម្មផ្លូវគោក -ផ្លូវសមុទ្រអន្តរជាតិ (ILSTC) ដែលជាគំនិតផ្តួចផ្តើម ផ្នែកដឹកជញ្ជូនអន្តរជាតិដ៏សំខាន់ ដែលរៀបចំដោយប្រទេសចិន និងដែលមានការចូលរួមពីដៃគូពាណិជ្ជកម្ម មកពីប្រមា​ណ៩០ បានកាត់បន្ថយពាក់កណ្តាល នូវពេលវេលាដឹកជញ្ជូនពីបណ្ដា​ខេត្តរបស់ប្រទេសចិន ទៅកាន់ប្រទេសម៉ាឡេស៊ី ព្រមទាំងកាត់បន្ថយថ្លៃដើមទៀតផង។

លោក Gao Chenglin នាយកគ្រប់គ្រងផ្នែកលក់ នៃក្រុមហ៊ុនចិន Yuxin’ou (Chongqing) Logistics Co ដែលជាប្រតិបត្តិករផ្លូវនេះលើកឡើងថា ផ្លូវដែកឡាវ-ចិន គ្របដណ្តប់ផ្នែកខ្លះនៃផ្លូវដែកថ្មីពីទីក្រុង ឆុងឈីង មកកាន់ក្រុងវៀងចន្ទន៍ ប្រទេសឡាវ ហើយបន្ទាប់មករថភ្លើងធ្វើដំណើរតាមផ្លូវដែកថៃ ឆ្ពោះទៅកាន់ក្រុង Padang Besar នៅភាគខាងជើងនៃប្រទេសម៉ាឡេស៊ី-ថៃ។

កាសែត China Daily បានចុះផ្សាយថា ផ្លូវដែកក្នុងប្រទេសឡាវ បានក្លាយជាផ្លូវដែកដ៏សំខាន់មួយ ដែលតភ្ជាប់រវាងពាណិជ្ជករនៅក្នុងតំបន់ថ្នាក់ខេត្តចំនួន២៥ក្នុងប្រទេសចិន និងអ្នកដែលនៅក្នុងទីផ្សារអាស៊ាន។

យោងតាមលោក Gao Chenglin បានឱ្យដឹងថា រថភ្លើងចិន-វៀតណាម ផ្លូវដែកចិន-ឡាវ-ថៃ និងផ្លូវដែកអន្តរជាតិចិន-មីយ៉ាន់ម៉ា បានក្លាយជាបណ្តាញដ៏ងាយស្រួល សម្រាប់ការដឹកជញ្ជូនពីប្រទេសចិន មកកាន់ទីផ្សារអាស៊ាន និងទៅកាន់អឺរ៉ុប៕ Laotian Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here