សហគមន៍អ្នកស្រលាញ់ភេទដូចគ្នាកំពុងជំរុញកំណើនទីផ្សារ អចលនទ្រព្យនៅប្រទេសថៃ

0

ដោយៈ សុខុម

បាងកក: ដើម្បីអបអរសាទរទិវាអ្នកស្រលាញ់ភេទដូចគ្នា ឬ Pride Month ទីផ្សារអចលនទ្រព្យអនឡាញ របស់ប្រទេសថៃ DDproperty បានកំណត់ឃើញនិន្នាការសំខាន់ៗចំនួន៣ ក្នុងចំណោ​មសហគមន៍ អ្នកស្រលាញ់ភេទដូចគ្នា ឬ LGBTQIAN+។

DDproperty និយាយថា អតិថិជននៅក្នុងក្រុម ដែលកំពុងមានចំនួនកើនឡើងនេះ អាចកំណត់អនាគតនៃទីផ្សារអចលនទ្រព្យ នៅក្នុងប្រទេសថៃ ជាពិសេសចាប់តាំងពីសេចក្ដីព្រាងច្បាប់ អនុញ្ញាតអាពាហ៍ពិពាហ៍ភេទដូចគ្នានៅពេលនេះ ស្ថិតក្នុងដៃសភារង់ចាំការអនុម័ត។ នេះបើយោងតាមសារព័ត៌មាន The Nation ចុះផ្សាយកាលពីថ្ងៃពុធ ទី១៤ ខែមិថុនា។

*និន្នាការទី១ ៖ ផ្ទះដែលអំណោយផលសម្រាប់សត្វចិញ្ចឹមនិន្នាការទី១ ក្នុងចំណោមអ្នកទិញ LGBTQIAN+ គឺផ្ទះ និងខុនដូដែលមានបរិយាកាសអំណោយផល សម្រាប់សត្វចិញ្ចឹមរស់នៅ ខណៈមនុស្សកាន់តែច្រើន នៅលីវរយៈពេលវែង ឬសម្រេចចិត្តមិនយកកូនក្រោយរៀបការ។DDproperty បានដកស្រង់ការស្ទង់មតិឆ្នាំ២០២៣ ដែលធ្វើឡើងដោយសកលវិទ្យាល័យ Mahidol University ស្ដីពីសត្វចិញ្ចឹមក្នុងប្រទេសថៃ។

លទ្ធផលនៃការស្ទង់មតិនោះបានរកឃើញថា ៤៩%នៃអ្នកឆ្លើយសំណួរ យកសត្វមកចិញ្ចឹមធ្វើជាមិត្ត ឬធ្វើជាកូន និងចំណាយប្រមា​ណ៤១០ដុល្លារអាមេរិក ក្នុងមួយឆ្នាំៗទៅលើសត្វចិញ្ចឹមនីមួយៗរបស់ពួកគេ។

*និន្នាការទី២ ៖ បែបបទរស់នៅប្រកបដោយសុខភាពល្អDdproperty និយាយថា និន្នាការអចលនទ្រព្យទី២ របស់សហគមន៍ LGBTQIAN+ ក៏បានជំរុញឱ្យតម្រូវការលំនៅឋាន កើនឡើងផងដែរ ខណៈពួកគេត្រូវការលំនៅឋាន ដែលមិនសម្រាប់តែរស់នៅ ប៉ុន្តែក៏ជាកន្លែងហាត់ប្រាណ និងថែទាំសុខភាពផងដែរ ហើយថាក្រុមនេះយកចិត្តទុកដាក់លើរាងកាយ និងចំណាយពេលហាត់ប្រាណច្រើន។

ក្រៅពីកន្លែងហាត់ប្រាណ អ្នកទិញLGBTQIAN+ ក៏ចាប់អារម្ម​ណ៍លើអចលនទ្រព្យ ដែលមានកន្លែងបៃតង សម្រាប់សម្រាកលម្ហែ ចូលរួមក្នុងសកម្មភាពក្រៅ និងកាត់បន្ថយភាពតានតឹង ពីការងារផងដែរ។

*និន្នាការទី៣ ៖ អចលនទ្រព្យសម្រាប់ការវិនិយោគ
និន្នាការទី៣ គឺអចលនទ្រព្យសម្រាប់ការវិនិយោគ ដែលកំពុងប្រាកដឡើង ក្នុងចំណោមគូស្នេហ៍ LGBTQIAN+ ដែលមានប្រាក់ចំណូលពីរ និងគ្មានកូន ឬ ហៅថាក្រុម DINK។

DDproperty និយាយថា ជាមួយនឹងការសន្សំប្រាក់បានច្រើន ក្រុមDINK តែងតែស្វែងរកឱកាសវិនិយោគ។ “អចលនទ្រព្យគឺជាជម្រើសវិនិយោគដ៏ទាក់ទាញមួយ ទាំងសម្រាប់រយៈពេលវែង និងរយៈពេលខ្លី ដោយសារការប្រែប្រួលឡើងចុះទាប ប្រាក់ចេញខ្ពស់ និងតម្រូវការថេរនៅក្នុងទីផ្សារ”៕ The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here