ដោយ: គង់ លាងហួរ
អន្តរជាតិ: កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) បានចូលជាធរមានក្នុងប្រទេសហ្វីលីពីន កាលពីពេលថ្មីៗនេះ និងជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដ៏ធំបំផុតរបស់ពិភពលោកនេះ បានចូលជាធរមានពេញលេញសម្រាប់ប្រទេសសមាជិកទាំង១៥។
លោក Joseph Matthews សាស្ត្រាចារ្យជាន់ខ្ពស់នៅសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិលើកឡើងថា កិច្ចព្រមព្រៀងRCEP គាំទ្រដល់ប្រព័ន្ធពាណិជ្ជកម្មបើកចំហ សេរី យុត្តិធម៌ បរិយាប័ន្ន និងពហុភាគី ហើយវាបានពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងតំបន់ និងលើកកម្ពស់ការចូលរួមពីសហគ្រាសធុនតូច និងមធ្យម នៅក្នុងខ្សែច្រវាក់តម្លៃក្នុងតំបន់។
ចំណែកលោក Alfredo Pascual លេខាធិការពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន បានអះអាងថា “យើងមើលឃើញថា RCEP គឺជាគន្លឹះដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន មិនត្រឹមតែសម្រាប់ហ្វីលីពីនប៉ុណ្ណោះទេ ប៉ុន្តែក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់អាស៊ានផងដែរ”។
-->
យោងតាមការសិក្សារបស់វិទ្យាស្ថានហ្វីលីពីន សម្រាប់ការសិក្សាអភិវឌ្ឍន៍បានឱ្យដឹងថា ក្រុមប្រទេសជាសមាជិកកិច្ចព្រមព្រៀង គឺមកពីសមាគមអាស៊ានចំនួន១០ រួមទាំងចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។ កិច្ចព្រមព្រៀងនេះ ត្រូវបានព្យាករណ៍ថា នឹងបង្កើនផលិតផលសរុប ក្នុងស្រុករបស់ហ្វីលីពីនចំនួន២,០២ភាគរយ បន្ទាប់ពីការចូលរួមរបស់ខ្លួន។
លោក Jomar Abdon វ័យ២៩ឆ្នាំដែលធ្វើការនៅក្នុងរោងចក្រកែច្នៃទុរេននៅទីក្រុង Davao ប្រទេសហ្វីលីពីន បានលើកឡើងថា ការចូលទៅកាន់ទីផ្សារប្រទេសចិន គឺជាទ្រព្យមហាសាល ហើយវានឹងនាំមកនូវការងារកាន់តែច្រើន ក៏ដូចជាប្រាក់ចំណូលបន្ថែមទៀតផងដែរ។
លោកបន្តថា នៅក្រោមកិច្ចព្រមព្រៀងRCEP ការនាំចេញផលិតផល ដូចជា ទុរេន មិនត្រឹមតែត្រូវបានសម្របសម្រួល ដោយការកាត់បន្ថយ និងការលុបបំបាត់ពន្ធបន្ថែមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានវិធានការសម្របសម្រួលពាណិជ្ជកម្ម ដើម្បីពន្លឿននីតិវិធីគយ ដែលផ្តល់អត្ថប្រយោជន៍ ជាពិសេសសម្រាប់ពាណិជ្ជកម្មផលិតផលដែលងាយនឹងឆាប់ខូច។
លោកAllan Gepty អ្នកចរចានហ្វីលីពីន សម្រាប់កិច្ចព្រមព្រៀង RCEP បានមានប្រសាសន៍ថា ប្រទេសរបស់លោកនឹងទទួលបានអត្ថប្រយោជន៍ និងឱកាសក្នុងពាណិជ្ជកម្ម ទំនិញ សេវាកម្ម និងការវិនិយោគតាមរយៈកិច្ចព្រមព្រៀងRCEP ។
លោកបានបន្តថា “យើងអាចទទួលបានទីផ្សារ កាន់តែប្រសើរឡើង សម្រាប់ផលិតផលសំខាន់ៗនៅក្នុងប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុន។ លើសពីនេះ យើងមានទីផ្សារដែលអាចធានា បានផ្សេងទៀតសម្រាប់វិស័យសេវាកម្មរបស់ប្រជាជនហ្វីលីពីន” ។
ជាមួយគ្នានេះ លោកស្រី Auramon Supthaweethum អគ្គនាយិកានៃនាយកដ្ឋានចរចាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មថៃបានអះអាងថា ចាប់តាំងពីកិច្ចព្រមព្រៀង ចូលជាធរមានក្នុងខែមករា ឆ្នាំ២០២២ RCEP បានបង្កើនសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងការសម្របសម្រួលការវិនិយោគ ព្រមទាំងពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសមាហរណកម្មសេដ្ឋកិច្ច។
លើសពីនេះទៅទៀត កិច្ចព្រមព្រៀងRCEP បានដាក់ចេញនូវខ្សែច្រវាក់តម្លៃ ក្នុងតំបន់ដែលផ្តល់ឱកាសកាន់តែច្រើន សម្រាប់ផលិតផល ដែលបានផលិតដើម្បីចូលរួមក្នុងខ្សែច្រវាក់តម្លៃសកល៕