ក្រុមហ៊ុនខ្នាតយក្សចិន TikTok គ្រោងបោះទុនវិនិយោគរាប់ពាន់លានដុល្លារនៅតំបន់អាស៊ីអាគ្នេយ៍

0

ដោយ: គង់ លាងហួរ

ហ្សាការតា: ក្រុមហ៊ុនចិន ByteDance ដែលជាអ្នកផលិតកម្មវិធីបង្ហោះវីដេអូខ្លីៗ TikTok  បានប្រកាសឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងបណ្តាក់ទុនរាប់ពាន់លានដុល្លារអាមេរិក នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ស្របពេលមានការត្រួតពិនិត្យជាសកលលើសុវត្ថិភាពទិន្នន័យរបស់ខ្លួន។

តំបន់អាស៊ីអាគ្នេយ៍ ដែលជាតំបន់មានប្រជាជនសរុបចំនួន៦៣០លាននាក់ ខណៈពាក់កណ្តាលនៃប្រជាជនសរុប មានអាយុក្រោម៣០ឆ្នាំ គឺជាទីផ្សារដ៏ធំបំផុតមួយរបស់TikTok ទាក់ទងនឹងចំនួនអ្នកប្រើប្រាស់ ដែលបង្កើតឱ្យមានអ្នកចូលទស្សនាច្រើនជាង៣២៥លាននាក់ជារៀងរាល់ខែ។ប៉ុន្តែបណ្តាញទំនាក់ទំនងសង្គមនេះ មិនទាន់បានបកប្រែមូលដ្ឋានអ្នកប្រើប្រាស់ដ៏ធំនេះ ទៅជាប្រភពចំណូលពាណិជ្ជកម្មអេឡិចត្រូនិកដ៏សំខាន់មួយ នៅក្នុងតំបន់នៅឡើយទេ ដោយសារវាប្រឈមនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លា ពីគូប្រជែងធំៗដូចជា  Shopee របស់ក្រុមហ៊ុនSea Lazada របស់ក្រុមហ៊ុន Alibaba និង Tokopedia របស់ក្រុមហ៊ុន GoTo។

នាយកប្រតិបត្តិ TikTok លោក Shou Zi Chew បានថ្លែងនៅក្នុងវេទិកាដែលខ្លួនរៀបចំ នៅទីក្រុងហ្សាការតាថា “យើងនឹងបោះទុនវិនិយោគរាប់ពាន់លានដុល្លារ នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងតំបន់អាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ” ។

TikTok មិនបានផ្តល់នូវការលម្អិត នៃផែនការចំណាយនោះទេ ប៉ុន្តែក្រុមហ៊ុនបានអះអាងថា ខ្លួននឹងវិនិយោគលើការបណ្តុះបណ្តាល ការផ្សាយពាណិជ្ជកម្ម និងការគាំទ្រដល់អ្នកលក់ខ្នាតតូចៗ ដែលកំពុងចូលរួម ក្នុងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច TikTok Shop របស់ខ្លួន។

BPH – All Shop Houses (Main and Sub)

លោក Chew បានបន្តថា ខ្លឹមសារនៅលើវេទិការបស់ខ្លួនកាន់​តែមានភាពចម្រុះ ដោយសារវាបន្ថែមអ្នកប្រើប្រាស់កាន់តែច្រើន និងពង្រីកលើសពីការផ្សាយពាណិជ្ជកម្ម ទៅក្នុងពាណិជ្ជកម្មអេឡិចត្រូនិក ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទិញទំនិញ តាមរយៈតំណភ្ជាប់នៅលើកម្មវិធីក្នុងអំឡុងពេលផ្សាយផ្ទាល់។

លោកបានបន្ថែមថា TikTok មានបុគ្គលិកចំនួន៨.០០០នាក់នៅតំបន់អាស៊ីអាគ្នេយ៍ ហើយអ្នកលក់ខ្នាតតូចៗចំនួន២លាននាក់បានលក់ទំនិញរបស់ពួកគេ នៅលើវេទិការបស់ខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចដ៏ធំបំផុតក្នុងតំបន់។

ផែនការវិនិយោគរបស់ TikTok កើតឡើង ស្របពេលដែលក្រុមហ៊ុនចិនមួយនេះ ប្រឈមមុខនឹងការត្រួតពិនិត្យពីរដ្ឋាភិបាល និងនិយ័តកររបស់ប្រទេសមួយចំនួន ដោយសារតែមានការព្រួយបារម្ភថា ទីក្រុងប៉េកាំង អាចប្រើប្រាស់កម្មវិធីនេះ ដើម្បីប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ ឬជំរុញផលប្រយោជន៍របស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here