ដោយ: គង់ លាងហួរ
សេអ៊ូល: រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃសុក្រសប្តាហ៍មុនបានស្នើបង្កើត ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅឆ្នាំ២០២៤ខាងមុខ ក្នុងអំឡុងពេលកិច្ចពិភាក្សារបស់លោក ជាមួយអគ្គលេខាធិការអាស៊ាន។
នេះបើយោងតាមចុះផ្សាយឱ្យដឹង ដោយសារពត៌មានរបស់ប្រទសកូរ៉េខាងត្បូង Yonhap។រដ្ឋមន្ត្រីការបរទេសកូរ៉េលោក Park Jin និងអគ្គលេខាធិការអាស៊ាន លោកបណ្ឌិតកៅ គឹមហួន បានជួបប្រជុំគ្នានៅទីក្រុងសេអ៊ូល ខណៈដែលប្រទេសកូរ៉េ បានផ្តោតជាសំខាន់លើការពង្រឹងទំនាក់ទំនងជាមួយសមាជិកអាស៊ានទាំង១០ ដែលជាដៃគូដ៏សំខាន់របស់ប្រទេសកូរ៉េ សម្រាប់កិច្ចសហប្រតិបត្តិការការទូត និងសេដ្ឋកិច្ច។លោក Park Jin បានធ្វើសំណើដើម្បីបង្កើតចំណុចរបត់ថ្មីមួយសម្រាប់ការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេរភាគី ខណៈដែលឆ្នាំក្រោយគឺជាខួបលើកទី៣៥ នៃការបង្កើតភាពជាដៃគូសន្ទនារវាងភាគីទាំងពីរ។