ធនាគារដ្ឋវៀតណាមសម្រេចកាត់បន្ថយអត្រាការប្រាក់៤លើកជាប់ៗគ្នាដើម្បីជំរុញសេដ្ឋកិច្ចជាតិ

0

ដោយ: គង់ លាងហួរ
ហាណូយ: ធនាគាររដ្ឋវៀតណាម (SBV) កំពុងកាត់បន្ថយអត្រាការប្រាក់សំខាន់ៗជាបន្តបន្ទាប់ចន្លោះពី០,២៥%ទៅ០,៥% ចាប់ពីថ្ងៃទី១៩ ខែមិថុនា ដែលនឹងធ្វើឱ្យមានផលទ្វេរដងទៅលើសេដ្ឋកិច្ច ដោយសារសកម្មភាពឥណទានកាន់តែរឹងមាំ និងសាច់ប្រាក់ងាយស្រួលខ្ពស់ជាងមុន។

យោងតាមអ្នកជំនាញបានឱ្យដឹងថា ហេតុផលសំខាន់ៗចំនួន៤នៅពីក្រោយការសម្រេចចិត្តរបស់ធនាគារវៀតណាមនេះ (SBV) គឺការបញ្ចប់ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក Fed និន្នាការធ្លាក់ចុះនៃអតិផរណាចាប់តាំងពីខែកុម្ភៈ តម្រូវការរូបិយប័ណ្ណក្នុងស្រុកមានស្ថេរភាព និងសាច់ប្រាក់ងាយស្រួលជាងមុននៃប្រព័ន្ធធនាគារ ព្រមទាំងការធ្លាក់ចុះនៃការនាំចេញ និងការវិនិយោគក្នុងផលិតកម្មឧស្សាហកម្មនៅក្នុងខែឧសភា។នៅក្នុងទីផ្សារក្នុងស្រុក សម្ពាធលើអត្រាការប្រាក់ និងអត្រាប្តូរប្រាក់ត្រូវបានបន្ធូរបន្ថយយ៉ាងខ្លាំង។ ជាក់ស្តែង កម្រិតអត្រាការប្រាក់នៅប្រទេសវៀតណាមបានធ្លាក់ចុះពី១% ទៅ១,៥% ហើយអត្រាប្តូរប្រាក់ USD/VND ថែមទាំងបានធ្លាក់ចុះបន្តិច០,៥៧% បើធៀបនឹងដើមឆ្នាំ។

លោកបណ្ឌិត Nguyen Huu Huan មកពីសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញបានមានប្រសាសន៍ថា សេចក្តីសម្រេចរបស់ធនាគារ SBV នឹងបង្កើតការជំរុញសេដ្ឋកិច្ច ដោយផ្តល់លក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជន និងអាជីវកម្មក្នុងការទទួលបានដើមទុនក្នុងអត្រាការប្រាក់ទាប។ ចំណែក លោកសាស្ត្រាចារ្យ Dinh Trong Thinh បានចាត់ទុកថា ការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារ SBV ចំនួន៤ដងជាប់ៗគ្នាក្នុងរយៈពេលត្រឹមតែ៤ខែនឹងអាចអនុញ្ញាតឱ្យធនាគារពាណិជ្ជនានាកាត់បន្ថយការប្រាក់បញ្ញើ និងអត្រាការប្រាក់កម្ចីរបស់ពួកគេ។

លោក Tran Duc Nghia អគ្គនាយកក្រុមហ៊ុន Delta International បានលើកឡើងថា ចំណាត់ការរបស់ធនាគារវៀតណាម SBV ដើម្បីកាត់បន្ថយអត្រាការប្រាក់ជាលើកទី៤ជាប់ៗគ្នាពិតជានឹងធ្វើឱ្យអត្រាការប្រាក់កម្ចីធ្លាក់ចុះ ដោយហេតុនេះ វានឹងជួយកាត់បន្ថយថ្លៃដើមកម្ចីសម្រាប់អាជីវកម្ម។ ជាពិសេស នេះគឺជាការកាត់បន្ថយអត្រាការប្រាក់ប្រតិបត្តិការ មិនមែនជាការកាត់បន្ថយអត្រាការប្រាក់តែមួយដោយធនាគារពីរបីនោះទេ ដែលមានន័យថាអាជីវកម្មទាំងអស់នឹងទទួលបានអត្ថប្រយោជន៍។

លោក Nghia បានគូសបញ្ជាក់ថា លើសពីនេះ មិនត្រឹមតែអាជីវកម្មប៉ុណ្ណោះទេ អតិថិជនម្នាក់ៗក៏នឹងទទួលបានអត្ថប្រយោជន៍ពីការកាត់បន្ថយអត្រាការប្រាក់ប្រាក់កម្ចីផងដែរ ដែលនឹងលើកទឹកចិត្តដល់ការប្រើប្រាស់ ផលិតកម្ម និងសកម្មភាពអាជីវកម្ម ដែលបណ្តាលឱ្យមានផលទ្វេរដងទៅលើសេដ្ឋកិច្ច។

ក្រុមថ្នាក់ដឹកនាំធនាគារដ្ឋវៀតណាម SBV បានអះអាងថា ការកាត់បន្ថយអត្រាការប្រាក់សម្រាប់កម្ចីជាលុយដុងរយៈពេលខ្លីនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្ម និងប្រជាជនក្នុងការទទួលបានកម្ចីតម្លៃទាបសម្រាប់ប្រកបផលិតកម្ម និងអាជីវកម្មនៅក្នុងវិស័យអាទិភាព និងផ្នែកសំខាន់ៗដែលដើរតួជាកម្លាំងជំរុញកំណើនសេដ្ឋកិច្ច ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល។

លោក Nguyen Xuan Thanh សាស្ត្រាចារ្យជាន់ខ្ពស់នៃសាកលវិទ្យាល័យ Fulbright បានអះអាងថា ទោះបីជាអត្រាប្រតិបត្តិការត្រូវបានកាត់បន្ថយចំនួន៤ដងហើយយ៉ាងណាក្តី ក៏វាមិនទាន់គ្រប់គ្រាន់ដើម្បីបង្កើតផលដល់សេដ្ឋកិច្ចដែរ ដោយសារការចំណាយមូលធនរបស់ធនាគារនានានៅតែមានកម្រិតខ្ពស់។

ក្រុមថ្នាក់ដឹកនាំធនាគាររដ្ឋវៀតណាម (SBV) បានបញ្ជាក់ថា ធនាគារនឹងបន្តយកចិត្តទុកដាក់ក្នុងការដោះស្រាយសម្ពាធអតិផរណា ព្រមទាំងតាមដានស្ថានការណ៍ក្នុងស្រុក និងសកលលោក ដើម្បីណែនាំដល់ស្ថាប័នឥណទាននានាក្នុងការកាត់បន្ថយថ្លៃដើម និងកាត់បន្ថយអត្រាការប្រាក់កម្ចី ដើម្បីគាំទ្រដល់អាជីវកម្មនានានៅក្នុងអំឡុងដំណើរការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច។

ទោះជាយ៉ាងណាក្តី អ្នកជំនាញបានចាត់ទុកថា ការកាត់បន្ថយអត្រាការប្រាក់មិនមែនជាគន្លឹះសកល ដើម្បីដោះស្រាយឥណទាន ជំរុញលំហូរសាច់ប្រាក់ ការប្រើប្រាស់ឡើងវិញ និងជំរុញកំណើនសេដ្ឋកិច្ចនោះទេ។ ផ្ទុយទៅវិញ អ្នកជំនាញបានចង្អុលបង្ហាញពីតម្រូវការគោលនយោបាយសារពើពន្ធកាន់តែរឹងមាំដើម្បីលើកទឹកចិត្តដល់ការប្រើប្រាស់ និងផលិតកម្ម ក៏ដូចជាការពន្លឿនការវិនិយោគសាធារណៈ ដើម្បីគាំទ្រដល់អាជីវកម្ម និងសេដ្ឋកិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here