ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការវិភាគសេដ្ឋកិច្ច នៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមអ្នកជំនាញរបស់ធនាគារពិភពលោក បានលើកឡើងថា ពាណិជ្ជកម្មទំនិញសកល បានកត់ត្រាកំណើនដ៏គួរឱ្យសង្វេគ នៅឆ្នាំ២០២៣នេះ។
ដូចដែលបានបញ្ជាក់នៅក្នុងរបាយការណ៍ ស្ថានភាពនេះទំនងជាប៉ះពាល់ដល់ដំណើរការ នៃសេដ្ឋកិច្ចរបស់ប្រទេសមួយចំនួន ដែលពាណិជ្ជកម្ម គឺជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច ជាពិសេសប្រទេសម៉ាឡេស៊ី និងវៀតណាម ដែលកំណើនសេដ្ឋកិច្ចត្រូវបានគេព្យាករណ៍ថានឹងមានកម្រិតមធ្យម។
របាយការណ៍របស់ធនាគារពិភពលោក បានព្យាករណ៍ថា កំនើនផលិតផល ក្នុងស្រុកសរុបរបស់វៀតណាម ក្នុងឆ្នាំ២០២៣នឹងឈានដល់ប្រហែល៦% ធ្លាក់ចុះប្រហែល០,៣ភាគរយ ធៀបនឹងការព្យាករណ៍កាលពីខែមករា។
-->
ទន្ទឹមគ្នានេះ កំណើន GDP របស់ប្រទេសម៉ាឡេស៊ី ត្រូវបានគេរំពឹងថានឹងកើនឡើង៤,៣% នៅក្នុងឆ្នាំ២០២៣នេះ ពោលគឺកើនឡើង០,៣ភាគរយ បើធៀបនឹងការព្យាករណ៍កាលពីខែមករា។
លើសពីនេះទៀត ការបន្តងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍ពិភពលោក ដែលជំរុញដោយការមកដល់ របស់ភ្ញៀវទេសចរពីប្រទេសចិន នឹងគាំទ្រដល់កំណើនសេដ្ឋកិច្ច ដែលពឹងផ្អែកខ្លាំងបំផុតលើទេសចរណ៍ចិន ដូចជាប្រទេសថៃជាដើម។
ដូច្នេះហើយ កំណើនGDP របស់ប្រទេសថៃក្នុងឆ្នាំនេះ ត្រូវបានគេរំពឹងថានឹងកើនឡើង៣,៩%។ ទោះបីជាការព្យាករណ៍អំពីកំណើន GDP របស់វៀតណាមគឺជាអត្រាមួយ ក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើននៅតែនាំមុខគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាក់ស្តែងនៅក្នុងឆ្នាំនេះ អ្នកជាប់ចំណាត់ថ្នាក់លេខ១ សម្រាប់ប្រទេស ដែលមានអត្រាកំណើន GDP ខ្ពស់បំផុតនៅក្នុងតំបន់គឺមានប្រទេសហ្វីលីពីន និងវៀតណាម។
ចំណែកឯ ចំណាត់ថ្នាក់លេខ៣ បានមកលើប្រទេសកម្ពុជា ដែលត្រូវបានព្យាករណ៍ថា នឹងសម្រេចបានកំណើនផលិតផល ក្នុងស្រុកសរុប៥,៥%។ បន្ទាប់មកគឺប្រទេសឥណ្ឌូណេស៊ី ដែលរំពឹងសម្រេចកំណើនផលិតផលក្នុងស្រុកសរុប៤,៩%។
ជាមួយនឹងកំណើនផលិតផល ក្នុងស្រុកសរុបក្នុងឆ្នាំ២០២៣ រំពឹងថានឹងកើនឡើង៤,៣% ម៉ាឡេស៊ីនឹងក្លាយជាប្រទេស ដែលមានកំណើនសេដ្ឋកិច្ច លឿនបំផុតទី៤នៅក្នុងតំបន់ តាមពីក្រោយដោយប្រទេសឡាវ និងប្រទេសថៃ៕