ដោយៈ សហការី
សៀមរាបៈ ប្រាសាទនាគព័ន្ធ មានទីតាំងស្ថិតនៅចំកណ្ដាលបារាយណ៍ “ជ័យតដាក” (Jayatataka) ដែលបារាយណ៍នេះ មានទទឹង៩០០ម៉ែត្រ និងបណ្ដោយប្រវែង៣,៥០០ម៉ែត្រ។
ប្រាសាទនេះសាងសង់ឡើង ឈរលើអ័ក្សតែមួយនឹងប្រាសាទព្រះខ័ន ។ វាត្រូវគេសាងសង់ឡើង នៅលើកោះសិប្បនិម្មិតដែលមាន ៣៥០ម៉ែត្រ ក្នុងមួយជ្រុងៗ ព្រមទាំងមានកាំជណ្ដើរថ្មបាយក្រៀម និងរចនាដោយបង្កាន់ដៃ ។ កំពែងដី ដែលមានប្រវែង៣៤០ម៉ែត្រ ក្នុងមួយជ្រុង បានត្រូវគេសង់ព័ទ្ធជុំវិញប្រាសាទ។
នាគព័ន្ធជាប្រាសាទតូចមួយ ដែលមានស្រះប្រាំ ស្រះតូចបួននៅជុំវិញ ស្រះធំមួយដែលសង់នៅចំកណ្ដាល ។ចំណុចកណ្ដាលប្រាសាទ ស្ថិតនៅលើអ័ក្សនៃស្រះទឹក រាងកាត់ខ្វែងគ្នា ឬជាផ្កាឈូក។ ឈ្មោះដំបូងដែលត្រូវបានស្គាល់ គឺរាជ្យស្រី (Rajasri) ដែលនាគព័ន្ធការហៅសម័យទំនើប ដែលមានន័យថា””នាគព័ទ្ធជុំវិញ” ពីនាគដែលព័ទ្ធជុំវិញជារង្វង់ប្រាសាទ។
ស្រះធំកណ្ដាលគឺជាតំណាងស្រះ “អនវតប្តៈ” ដែលជាស្រះបរិសុទ្ធនៅភ្នំមេរុ ជាចំណុចកណ្ដាលនៅពិភពលោក។ ស្រះនេះបានផ្ដល់កំណើត ដល់ទន្លេស័ក្ដិសិទ្ធិធំៗទាំងបួនគឺ “ទន្លេគង្គា, ទន្លេព្រហ្មបុត្រ, ទន្លេយមនា, ទន្លេឥណ្ឌុ” ស្រះទាំងអស់នេះមានទំហំ២៥ម៉ែត្រ. ក្នុងមួយជ្រុងៗ ដែលនៅប្រាសាទនាគព័ន្ធ គេកំណត់យករូបសំណាកមកតំណាងឲ្យទន្លេទាំងនេះ ហើយរូបសំណាកទាំងនោះគឺជាតំណាងធាតុទាំងបួន “គឺធាតុទឹក ដី ភ្លើង និងខ្យល់” (ធាតុទឹកតំណាងដោយក្បាលដំរីនៅទិសខាងជើង។
ធាតុខ្យល់ តំណាងដោយក្បាលសេះ នៅទិសខាងលិច។ ធាតុភ្លើង តំណាងដោយក្បាលតោនៅទិសខាងត្បូង និងធាតុដីតំណាងដោយក្បាលមនុស្សនៅទិសខាងកើត) ។
ស្រះអនវតប្តៈ ត្រូវបំពេញដោយទឹកក្ដៅផុសពីដី និងត្រូវបានគេគោរពណាស់នៅឥណ្ឌា ចំពោះអំណាចនៃការកែរោគរបស់ទឹកនោះ។
យោងតាមសិលាចារឹកនៃប្រាសាទព្រះខ័ន បានរៀបរាប់ពីនាគព័ន្ធថាជា ”កោះដ៏ឧត្តម ដែលមានកោះផ្សេងៗ ធ្វើឲ្យលេចសម្រស់ឡើង ព្រមទាំងលាងភក់មន្ទិលទាំងពួង នៃអ្នកមកទីនេះឲ្យជ្រះស្រឡះ” ។
ស្រះនោះមានបួន ហើយសុទ្ធសឹងមានក្បាល”ទ” បាញ់បញ្ចេញទឹក ដែលគេឆ្លាក់ជាក្បាលមនុស្ស និងសត្វផ្សេងៗ ដែលទឹកនោះត្រូវបានគិតថា មានសារជាតិព្យាបាលជំងឺ។ នេះធ្វើឲ្យយើងសង្ស័យថាកោះនាគព័ន្ធមាននាទីព្យាបាលរោគផង ឫប្រហែលជាត្រូវបានប្រើជាកន្លែងលាងបាបផងដែរ ។
ការសង្ស័យនេះ ក៏សមស្របនឹងចម្លាក់រូបអវលោកិតេស្វរ នៅច្រើនកន្លែង ដែលជាទេពសង្គ្រោះសត្វលោក។ ម្យ៉ាងទៀត មានចម្លាក់ទេពនេះ តំណែងខ្លួនជាសេះ ដើម្បីស្រោចស្រង់ឈ្មួញសំពៅមួយក្រុមដែលត្រូវយក្ខិនីចាប់ទុកធ្វើជាចំណីផងដែរ។
ទឹកពិសិដ្ឋហូរចេញពីទរបង្ហូរទឹក តភ្ជាប់ពីស្រះធំ ហើយទរបង្ហូរទឹកទាំងបួននេះមានលក្ខណៈខុសៗគ្នាគឺ៖
– ខាងជើង ៖ ជាក្បាលដំរី
– ខាងត្បូង ៖ ជាក្បាលតោ
– ខាងកើត ៖ ជាក្បាលមនុស្ស
– ខាងលិច ៖ ជាក្បាលសេះ
ដំបូលអគារតូចទាំងបួននេះ មានរាងកោងក្រឡោម ដែលមានលម្អដោយក្បាច់ត្របកឈូក ។ ស្រះខាងជើង ជាស្រះសម្រាប់លទ្ធិព្រាហ្មណ៍ ដែលគេសន្មតថាទឹកចេញពីក្បាលដំរីនេះ បានបង្កើតទន្លេព្រះម៉ែគង្គា សម្រាប់ប្រើលាងបាប ។
ស្រះខាងកើត ជាស្រះហូរបង្កើតទន្លេព្រហ្មបុត្រ ។ គេជឿថាទឹកហូរពីក្បាលមនុស្សនេះ ជួយបង្កើនឫទ្ធិអំណាច មានប្រាជ្ញាដូចអង្គព្រះពោធិសត្វភេទស្រីនាម “ប្រាជ្ញាបារមីតា” និងផ្ដល់ភាពបរិសុទ្ធដល់មនុស្ស ។
ស្រះខាងត្បូង តំណាងអំណាចស្ត្រី តំណាងអំណាចរបស់ស្ដេចសត្វ ។ ពេលចង់បានឫទ្ធអំណាចចេញច្បាំង ឲ្យបានជោគជ័យ គេធ្វើពិធីនៅស្រះខាងត្បូង ស្រះដែលបង្កើតទន្លេឈ្មោះ “ឥណ្ឌុ” ហេតុដែលគេបង្កើតទន្លេឥណ្ឌុ និងក្បាលតោនេះ ព្រោះតោនេះមានកំណើតនៅឋានត្រៃត្រិង្ស។
តោមានកំណើតចេញពីអណ្ដាតភ្លើងកំហឹង នៃពួកអាទិទេពកួចបញ្ចូលគ្នា បង្កើតបានជាសត្វតោមួយនាម “ទុគ៌ា” ។ ទទួលទានទឹកពីក្បាលតោ គេជឿថាទទួលបានអំណាច និងពរជ័យពីព្រះនាង “ទុគ៌ា” ដែលនាងបានសម្លាប់យក្ស ក្បាលក្របីឈ្មោះ “មហិង្សាសុរៈ” ។
ស្រះខាងលិច ទទួលទានទឹកចេញពីក្បាលសេះ គេជឿថានឹងទទួលបានអំណាចអមតៈ។ អំណាចកម្លាំងដ៏មហាសាល នៃអង្គព្រះពាយ ព្រោះសេះនេះ មានកំណើតនៅឋានទេវលោក ដែលព្រះវិស្ណុបានប្រទានទៅព្រះពាយធ្វើជាជំនិះ។ ទឹកស្រះខាងលិចនេះហូរបង្កើតជាទន្លេ “យមនា”។
ចំណែកឯ ពីដើមប៉មកណ្ដាលនេះ បើចំហនៅទិសខាងកើត ចំណែកបីជ្រុងទៀត ត្រូវបិទខ្ទប់ដោយរូបសំណាក “អវតាលោកិតេស្វរ” និងមានរូបចម្លាក់លៀននៃសត្វដំរីតូចៗ នៅលើជ្រុងនីមួយៗ ។ នៅលើហោជាងនៃតួប៉ម មានពិពណ៌នាពីជីវិតរបស់ព្រះពុទ្ធ៖
– ហោជាងខាងកើត ៖ ព្រះពុទ្ធកាត់ព្រះកេសា។
– ហោជាងខាងលិច ៖ ព្រះពុទ្ធទទួលការការពារពីនាគរាជមុជ្ជលិន។
– ហោជាងខាងជើង ៖ ការចាកចោលរាជវាំងរបស់ព្រះពុទ្ធ។
– ហោជាងខាងត្បូង ៖ ព្រះពុទ្ធធ្វើសមាធិនៅក្រោមដើមពោធិព្រឹក្ស។
នៅតួប៉មកណ្ដាល មានតួខ្លួននាគរាជពីរ (នន្ទ និងឧបនន្ទ) បានឆ្វាយជារង្វេលជុំវិញគ្រឹះកោះ ហើយកន្ទុយរបស់នាគព័ទ្ធព័ន្ធគ្នា នៅទិសខាងលិច នេះជាការសន្មតហៅប្រាសាទនេះថា “ប្រាសាទនាគព័ន្ធ” ។
តួអង្គពិសេសនៅក្នុងស្រះធំ គឺចម្លាក់លោតសេះឈ្មោះ “ពលហ៍” កំពុងហែលសំដៅកោះ ព្រមទាំងមានឆ្លាក់រូបមនុស្សតោងខ្លួនសេះទាំងមូល ។ សេះនេះជាការនិម្មិតខ្លួន របស់អវតាលោកិតេស្វរៈ ដើម្បីជួយសង្គ្រោះឈ្មួញសំពៅឈ្មោះ “សិហាល” និងសហសេវិករបស់គាត់ពីគ្រោះកំណាច។ ពួកគេបានលិចសំពៅនៅសិរីលង្កា ហើយត្រូវចាប់ទុកជាចំណីដោយយក្ខិនីដែលមានចង្កូមវែង។ អត្ថបទពីJames Rathana៕