អ្នកជំនាញកម្ពុជា ចិនពិភាក្សាពីទស្សនវិជ្ជាចិនស្តីពីកិច្ចកសាង សហគមន៍ជោគវាសនារួមនៃមនុស្សជាតិ

0

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ ក្រោមការគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា -ចិនបានសហការរៀបចំកម្មវិធីតុមូលស្តីពី កិច្ចកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិជំរុញ និងលើកទឹកចិត្តដល់ការកសាងសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក។

ថ្លែងទៅកាន់វាគ្មិនកម្ពុជាចំនួន៤រូប វាគ្មិនជនជាតិចិនចំនួន១រូប និងអ្នកចូលរួមសរុបមានចំនួន១២០រូប កាលពីថ្ងៃទទី២៦ មិថុនាលោកបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈបានមានប្រសាសន៍ថា កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ គឺជាទស្សនវិជ្ជាចិនដែលមានអាយុកាល១០ឆ្នាំមក មានតម្លៃមហាសាល បានផ្តល់នូវការរួមគ្នាផ្តួចផ្តើមការកសាងសន្តិភាព សម្រាប់ពិភពលោកចំនួន៥គឺ

ទី១-ការកសាងពិភពលោក ប្រកបដោយសុខសន្តិភាពយូរអង្វែង តាមរយៈកិច្ចសន្ទនា និងការពិគ្រោះយោបល់។ទី២-ការកសាងពិភពលោក ប្រកបដោយសន្តិសុខរួម សម្រាប់ទាំងអស់គ្នា តាមរយៈការខិតខំប្រឹងប្រែងរួមគ្នា។ ទី៣-ការកសាងពិភពលោកប្រកបដោយភាពរុងរឿងរួម តាមរយៈកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។
ទី៤-ការកសាងពិភពលោក ប្រកបដោយភាពបើកចំហ និងបរិយាបន្ន តាមរយៈការផ្លាស់ប្តូរ និងការរៀនសូត្រទៅវិញទៅមក
ទី៥- ការធ្វើឱ្យពិភពលោករបស់យើងស្អាត និងស្រស់ប្រកបដោយចីរភាព នៃការអភិវឌ្ឍគំរូពណ៌បៃតងនិងកាបូនទាប។

លើសពីនេះលោក Wu Chuanbing ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា បានគូសរំលេចពីទស្សនវិជ្ជាចិន របស់លោកប្រធានាធិបតីចិន Xi Jinping កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ស្តីពីសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។

ទស្សនវិជ្ជាដែលមានអាយុកាល១០ឆ្នាំ មកនេះ បានបង្ហាញពីគតិបណ្ឌិតរបស់លោកXi Jinping ដែលបានចង្អុលបង្ហាញយ៉ាងជ្រា​លជ្រៅថា “គ្មានប្រទេសណា អាចដោះស្រាយតែម្នាក់ឯង នូវបញ្ហាប្រឈមនានា ដែលមនុស្សជាតិជួបប្រទះបានឡើយ ហើយក៏គ្មានប្រទេសណា អាចដកថយទៅកាន់កោះ ដែលបិទបាំងរស់នៅតែឯកឯងបានឡើយ”។ លោកXi Jinpibgបានបន្តថា “សកម្មភាពជាសកល ការឆ្លើយតបជាសកល និងកិច្ចសហប្រតិបត្តិការជាសកលត្រូវតែអនុវត្តន៍”

ជាសច្ចភាពបានបង្ហាញយ៉ាងពេញលេញថា កិច្ចកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ គឺជាអនាគតរបស់ប្រជាជននៃប្រទេសទាំងអស់ក្នុងពិភពលោក ហើយវាគឺជាវិធីត្រឹមត្រូវ និងនិន្នាការនៃសម័យកាល។ ដោយគ្រាន់តែកាន់បដា នៃសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ប្រកាន់ខ្ជាប់នូវជោគវាសនារួម និងសាមគ្គីភាព ជៀសផុតពីជម្លោះ និងការប្រឈមមុខដាក់គ្នា ជាមួយនឹងការអភិវឌ្ឍដោយសន្តិវិធី ជំនួសសន្តិសុខដាច់ខាត ជាមួយនឹងសន្តិសុខរួម បោះបង់ល្បែង “ផលបូកស្មើសូន្យ” ដោយជំនួសមកវិញ នូវការចែករំលែកផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងឈ្នះ- ឈ្នះ។

ការពារជម្លោះអរិយធម៌ តាមរយៈការផ្លាស់ប្តូរ និងការរៀនសូត្រទៅវិញទៅមក និងការយកចិត្តទុកដាក់លើផែនដី ជាមួយនឹងការអភិវឌ្ឍបៃតង ភាពរុងរឿងអាចស្ថិតស្ថេរ ហើយសន្តិសុខអាចត្រូវបានធានា។

ជាមួយគ្នានេះ លោកកៅ មុយថង ទីប្រឹក្សាផ្ទាល់ និងជាសមាជិកក្រុមលេខា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាអគ្គលេខាធិការរង នៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ បានមានប្រសាសន៍សង្កត់ធ្ងន់ថា “ទស្សនវិជ្ជានេះហើយដែលបាន និងកំពុងចូលរួមប្រែក្លាយពិភពលោក ទៅជាភូមិសកលមួយ ដែលយើងអាចរួមរស់នៅជាមួយគ្នា ប្រកបដោយភាពសុខដុមរមនា”

ទស្សនវិជ្ជានេះមានសសរស្តមចំនួនដូចជា ទី១- គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលត្រូវបានផ្តួចផ្តើមឡើង កាលពីខែកញ្ញា ឆ្នាំ២០១៣ ទី២- គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ដែលបានផ្តួចផ្តើមឡើងកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ទី៣-គំនិតផ្តួចផ្តើមសន្តិសុខសកល ដែលបានផ្តួចផ្តើមឡើងនាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ និងទី៤-គំនិតផ្តួចផ្តើមអរិយធម៌សកល ដែលត្រូវផ្តួចផ្តើមឡើងកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។

ចំណែកលោកចៅ សាង ទីប្រឹក្សាក្រសួងព័ត៌មានបានមានប្រសាសន៍ថា ទស្សនវិជ្ជាចិនស្តីពី “សហគមន៍ជោគវាសនារួមនៃមនុស្សជាតិ” ដែលតែងប្រកាន់ខ្ជាប់ពហុភាគីនិយម និងប្រយោជន៍រួមរបស់មនុស្សជាតិទាំងមូលជា “យុថ្កាលំនឹងស្ថិរភាព” របស់ពិភពលោក។ លោកបន្តថា ប្រទេសណាក៏ដោយ ដែលបន្តទំនើបកម្មគួរតែប្រកាន់ខ្ជាប់នូវគោលគំនិតនៃការរួបរួម កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរួម ហើយប្រកាន់យកផ្លូវនៃការផ្តួចផ្តើមរួមគ្នា ការចែករំលែក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា -ចិនបានថ្លែងផងដែរថា កសាងសហគមន៍ជោគ វាសនារួមនៃមនុស្សជាតិ បានឆ្លុះបញ្ចាំងពីចក្ខុវិស័យសកល របស់ប្រទេសចិន ក្នុងការបង្រួបបង្រួមការអភិវឌ្ឍរបស់ខ្លួន ជាមួយពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here