តើសង្រ្គាមបច្ចេកវិទ្យារវាងសហរដ្ឋអាមេរិក និងចិន អាចផ្តល់ផលប្រយោជន៍អ្វីដល់ប្រទេសថៃ វៀតណាម និងឥណ្ឌា?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ការិយាល័យសេដ្ឋកិច្ចឧស្សាហកម្ម (OIE) ជឿជាក់ថា ការប្រកួតប្រជែង ផ្នែកបច្ចេកវិទ្យារវាងសហរដ្ឋអាមេរិក និងចិនកំពុងជំរុញឱ្យក្រុមហ៊ុនជាច្រើន ផ្លាស់ប្តូរទីតាំងមូលដ្ឋានផលិតកម្មរបស់ពួកគេ ដោយបង្ហាញពីឱកាសសម្រាប់ប្រទេសថៃ។

លោក Warawan Chitaroon អគ្គនាយក OIE បានលើកឡើងថា ការប្រកួតប្រជែងនេះត្រូវបានគេរំពឹងថានឹងកើតបន្ត ហើយរហូតមកដល់ពេលនេះ វាបានជះឥទ្ធិពលដល់ក្រុមហ៊ុន semiconductor ធំៗមួយចំនួន ឱ្យផ្លាស់ប្តូរមូលដ្ឋានផលិតកម្មរបស់ពួកគេ ចេញពីប្រទេសចិនទៅកាន់ប្រទេស ដែលមិនមែនជាដៃគូប្រកួតប្រជែង ដោយផ្ទាល់នៅក្នុងសង្គ្រាមបច្ចេកវិទ្យា ជាពិសេសនៅតំបន់អាស៊ីអាគ្នេយ៍។

ជាក់ស្តែង ប្រទេស​ថៃ​ បាន​ទទួលអត្ថប្រយោជន៍​ខ្លះ​រួច​មក​ហើយ​ពី​ស្ថានភាព​នេះ ដោយ​ក្រុមហ៊ុន​ធំៗ​មួយ​ចំនួន ​បាន​ផ្លាស់​ប្តូរ​មូលដ្ឋាន​ផលិត​កាមេរ៉ា​ឌីជីថល ​ចេញពី​ប្រទេស​ចិន​ទៅ​កាន់ប្រទេស​ថៃ ដែល​ជះឥទ្ធិពល​ជា​វិជ្ជមាន ​ដល់​សកម្មភាព​សេដ្ឋកិច្ច​ផ្សេងៗ។

ប្រសិនបើពិចារណាលើកត្តា ដែលប៉ះពាល់ដល់ភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ផលិតកម្ម semiconductor និងអេឡិចត្រូនិកនៅក្នុងប្រទេសនីមួយៗ ប្រទេសថៃ វៀតណាម និងឥណ្ឌាមានបច្ចេកវិជ្ជាស្មុគ្រស្មាញតិចជាងគេ ហើយផ្តោតសំខាន់ លើការផលិតតាមកិច្ចសន្យាក្នុងដំណាក់កាលដំបូង។

ម្យ៉ាងវិញទៀត ប្រទេសម៉ាឡេស៊ី មានដំណើរការផលិតដ៏ស្មុគស្មាញ និងប្រើប្រាស់បច្ចេកវិទ្យាទំនើប ដែលនាំឱ្យប្រាក់ខែជាមធ្យមកើនឡើងកាន់តែខ្ពស់ជាងគេ។

លោក Warawan បន្ថែមថា ប្រាក់ខែជាមធ្យមក្នុងប្រទេសម៉ាឡេស៊ី គឺមានប្រហែល៧៨៨ដុល្លារអាមេរិក តាមពីក្រោយដោយប្រទេសថៃប្រហែល៤៣០ដុល្លារ វៀតណាម ប្រហែល៣២៥ដុល្លារ និងឥណ្ឌាប្រហែល១២៦ដុល្លារ។

លោក Warawan បានបន្តទៀតថា ហេតុផលមួយទៀតគឺថា ប្រទេសថៃ មានសក្តានុពល ក្នុងការទាក់ទាញការវិនិយោគ ពីក្រុមហ៊ុនទាំងនេះ ដោយលោកបន្ថែមថារដ្ឋាភិបាល និងវិស័យឯកជនចាំបាច់ត្រូវរៀបចំ សម្រាប់ការផ្លាស់ប្តូរកាលៈទេសៈ ដោយជំរុញវិស័យឧស្សាហកម្មថៃ ឱ្យទទួលយកការផលិតបច្ចេកវិទ្យាទំនើប៕

LEAVE A REPLY

Please enter your comment!
Please enter your name here