ក្រុមហ៊ុន Standard International គ្រោងបើកដំណើរការគម្រោងលំនៅដ្ឋានថ្មីចំនួន២នៅប្រទេសថៃ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនសណ្ឋាគារ Standard International គ្រោងបើកដំណើរការ គម្រោងលំនៅដ្ឋានចំនួន២នៅខេត្តភូកេត និងហួហ៊ីន និងបើកសណ្ឋាគារថ្មីចំនួន៥ទៀត នៅទូទាំងគោលដៅចំនួន៤ក្នុងប្រទេសថៃ នៅកំឡុងឆ្នាំ២០២៣-២០២៦។

លោក Boripat Louichareon នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Standard International សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ា បានលើកឡើងថា គម្រោងលំនៅដ្ឋានថ្មីមួយ ក្នុងចំណោមគម្រោងលំនៅដ្ឋានម៉ាកល្បីៗទាំង២ គឺស្ថិតនៅ Laguna Phuket ដែលជាគម្រោងទី៣ របស់ក្រុមហ៊ុនបន្ទាប់ពីទីក្រុង Miami និងទីក្រុង Lisbon។

លោក​បាន​បន្ត​ថា​ “The Standard Residences និង Phuket Laguna នឹង​ត្រូវ​បាន​អភិវឌ្ឍ​ន៍ ដោយ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ Central Group។  ទីតាំងនេះនឹងមានកន្លែងលក់រាយ ជាមួយនឹងភោជនីយដ្ឋាន និងបារសម្រាប់ភ្ញៀវខាងក្រៅ និង The Peri Phuket ដែលជាម៉ាកយីហោសណ្ឋាគារមួយរបស់យើង ដែលមាន១៥០បន្ទប់”។

ចំណែកឯ អតិថិជនគោលដៅ នឹងជាជនបរទេសជាចម្បង ដោយផ្តោត ជាពិសេសទៅលើជនជាតិចិន និងរុស្ស៊ី ដែលពួកគេបានបង្ហាញពីតម្រូវការអចលនទ្រព្យនៅខេត្តភូកេត។

នៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២៤ គម្រោងលំនៅដ្ឋានម៉ាកយី​ហោទី២របស់ The Standard នៅក្នុងប្រទេសថៃនឹងត្រូវបានដាក់ឱ្យដំណើរការនៅទីក្រុងហួហ៊ីន (Hua Hin)។

គម្រោងទី២ The Standard Residences នៅទីក្រុង Hua Hin នឹងមានលំនៅដ្ឋានចំនួន២៥៨យូនីត ដែលមានចាប់ពីយូនីតបន្ទប់គេងចំនួន១ ទំហំ៤៥ម៉ែត្រការ៉េ រហូតដល់វីឡាអាងហែលទឹកទំហំ២២០ម៉ែត្រការ៉េ។

គម្រោងលំនៅដ្ឋាននេះ នឹង​ត្រូវ​បាន​បង្កើត​ឡើង ​ដោយ​ក្រុមហ៊ុន Sansiri Plc ​នៅ​លើ​ទីតាំង​ឆ្នេរ​មួយ​ ដែល​មាន​ចម្ងាយ៤,៥គីឡូម៉ែត្រ​ពី​សណ្ឋាគារ The Standard Hua Hin។ លោក Boripat បានអះអាងថា លំនៅដ្ឋានទាំងនេះ នឹងត្រូវបានដាក់លក់ជូន ក្នុងតម្លៃខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងទីក្រុង Hua Hin ៕

LEAVE A REPLY

Please enter your comment!
Please enter your name here