ផែនការអនាគតដ៏ត្រចះត្រចង់មួយនឹងរះឡើងនៅទីក្រុងកោះពេជ្រ

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: អគ្គនាយករងក្រុមហ៊ុនOCIC Group លោក Tea Thierry បានមានប្រសាសន៍ថា កោះពេជ្រត្រូវបានបំផុសគំនិតបង្កើតឡើងកាលពីជិត២០ឆ្នាំមុន។

លោកបញ្ជាក់ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខ ជាមួយសហស្ថាបនិកគេហទំព័រPropertyarea.asia កាលពីពេលថ្មីៗនេះថា ដូចដែលយើងដឹងកាលពីរយៈពេល១៦ ទៅ១៧ឆ្នាំមុន កោះពេជ្រប្រៀបដូចជាផ្ទៃទឹក ដែលត្រូវការធ្វើដំណើរតាមអូប័រ ហើយយើងដល់ពេលហើយ ក្នុងការធ្វើឱ្យកោះពេជ្រមានរចនាសម្ព័ន្ធ និងមានការអភិវឌ្ឍ។

លោកបន្តថា កោះពេជ្រត្រូវបានស្រមើស្រមៃ បង្កើតឡើងដោយលោកឧកញ៉ា ពុង ឃាងសែ ប្រធានក្រុមហ៊ុនOCIC Group ហើយមហិច្ឆិតាដ៏ធំរបស់កោះពេជ្រ គឺចូលរួមចំណែកដល់ការអភិវឌ្ឍ ប្រព័ន្ធអេកូឡូស៊ីឱ្យកាន់តែប្រសើរឡើង និងបង្កើតLifestyle នៅក្នុងរាជធានីភ្នំពេញ។

លោកTea Thierryបានបញ្ជាក់ថា “នៅពេលដែលអ្នកបង្កើតផែនការមួយ សម្រាប់រយៈពេល១៥ ទៅ១៦ឆ្នាំ ដើម្បីអភិវឌ្ឍទីក្រុងមួយ មានការប្រែប្រួលបរិស្ថានជាច្រើន។ ដូច្នេះអ្នកត្រូវតែដើរតាមផែនការមេ ប៉ុន្តែក៏ត្រូវសម្របទៅតាមការផ្លាស់ប្តូរបរិស្ថានផងដែរ”។

លោកអះអាងទៀតថា ដូចដែលយើងដឹងស្រាប់ហើយ កាលពី២០ឆ្នាំមុន រាជធានីភ្នំពេញ គឺមិនដូចគ្នាទៅនឹងបច្ចុប្បន្ននេះទេ ពិភពលោកក៏បានផ្លាស់ប្តូរ។ កម្ពុជាក៏បានផ្លាស់ប្តូរ ហើយទីក្រុងភ្នំពេញក៏បានផ្លាស់ប្តូរ ដូច្នេះកោះពេជ្រក៏បានផ្លាស់ប្តូរដូចគ្នា”។លោកបន្តថា បច្ចុប្បន្ននេះ ការវិវឌ្ឍនៃទីក្រុងកោះពេជ្រ បើប្រៀបធៀបទៅនឹងពេលចាប់ផ្តើម គឺកំពុងឆ្ពោះទៅក្លាយជាបរិស្ថានបែបអន្តរជាតិ និងវប្បធម៌ខ្មែរ ហើយនេះគឺជាអ្វី ដែលយើងចង់អភិវឌ្ឍនៅកោះពេជ្រ។ សព្វថ្ងៃនេះ យើងឃើញមានក្រុមហ៊ុនជាង៦០០ ដែលបានប្រតិបត្តិអាជីវកម្មនៅកោះពេជ្រ ដូចជាផ្សារទំនើប ហាងកាហ្វេថ្មីៗ សាលាអន្តរជាតិមកពីប្រទេសកាណាដាCIS ដែលមានសិស្សរៀនជាង១០០០នាក់  សា​លាបារាំងអន្តរជាតិ។ ដូច្នេះនេះគឺជាគោលដៅមួយដ៏ល្អបំផុត សម្រា​ប់ការអប់រំ។

ម្យ៉ាងវិញទៀត នៅកោះពេជ្រមានសួនឧទ្យានចំនួន២ ដូចជាសួនដូង (Coconut Park) និងសួនTrillion Park។ ដូច្នេះ នេះគឺជាកន្លែងមួយ ដ៏ពិសេសនៅចំកណ្តាលបេះដូង នៃរាជធានីភ្នំពេញ ដែលមនុស្សអាចនាំគ្នាទៅញុំាកាហ្វេ ដើរលេងដើម្បីរីករាយ និងសម្រាកធូរស្បើយក្នុងអារម្មណ៍ ហើយយើងបានអភិវឌ្ឍកន្លែង សម្រាប់ដើរលេងតាមមាត់ទន្លេ ខណៈនៅក្នុងអំឡុងពេលកូវីដ មានមនុស្សជាច្រើនបានដើរលេងតាមមាត់ទន្លេរ ដើម្បីរំសាយអារម្មណ៍ និងស្រូបយកខ្យល់អាកាសបរិសុទ្ធ។

លោកបញ្ជាក់ថា សព្វថ្ងៃនេះ ការដើរលេងតាមសួនមាត់ទន្លេរកាន់តែមានការពេញនិយម ហើយយើងបានបង្កើតផ្សាររាត្រី ដែលអាចទាក់ទាញមនុស្ស ដើរកំសាន្តចំនួន១០.០០០នាក់ នៅពេលចុងសប្តាហ៍។ យើងមានកន្លែងជាច្រើន សម្រាប់រៀបចំព្រឹត្តិការណ៍នានាដូចជា ខនសឺត និងកម្មវិធីជាច្រើនផ្សេងទៀត ដែលបានប្រមូលផ្តុំមនុស្សរាប់ពាន់នាក់។

លោកបានឱ្យដឹងទៀតថា “ក្រុមហ៊ុនរបស់យើង បានធ្វើពិពិធកម្មក្នុងវិស័យជាច្រើន ក្រៅពីវិស័យអចលនទ្រព្យ ដូចជា ការអប់រំ និងបានបោះទុនវិនិយោគ ទៅលើការថែទាំសុខភាព ដូចជាការបង្កើត Olympia Medical Hub និងIntercare Medical Center ហើយយើងក៏វិនិយោគទៅលើបដិសណ្ឋារកិច្ច និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នានាដូចជាស្ពាន ផ្លូវ និង គម្រោងជាច្រើនទៀត”

លោកបន្តទៀតថា “យើងនឹងបន្តបោះទុនវិនិយោគ ទៅលើអ​នាគតនៃប្រទេសកម្ពុជា ដោយសារលោកឧកញ៉ាពុង ឃាវសែ មានការជឿជាក់លើអនាគតរបស់កម្ពុជា ចាប់តាំងពី៣០ឆ្នាំមុន និងសម្រា​ប់រយៈពេល៣០ ទៅ៤០ឆ្នាំខាងមុខទៀត”។ លោកបន្តថា “នេះជាហេតុផល ដែលយើងគ្មានការសង្ស័យទេថា កម្ពុជានឹងបន្តរីកចម្រើនទៅមុខ”។

លោកTea Thierryបានបន្តថា បច្ចុប្បន្ននេះ យើងមានបណ្តុំលំនៅដ្ឋាននៅភាគខាងត្បូង និងបណ្តុំបែបពាណិជ្ចកម្ម នៅភាគខាងជើង ហើយនៅតំបន់កណ្តាល យើងកំពុងអភិវឌ្ឍទៅលើមជ្ឈមណ្ឌលសួនឧទ្យានថ្មី ហើយទើបតែបានផ្តើមគំនិតដើម្បីការពារ និងអភិរក្សដើមឈើ។

លោកបានមានប្រសាសន៍ថា នៅពេលបើកដំណើរការស្ពានឆ្លងពីកោះនរាមកកាន់កោះពេជ្រ ចរាចរណ៍នឹងមានការមមាញឹក សព្វថ្ងៃនេះ យើងមានលំនៅដ្ឋានចំនួន១៥.០០០ខ្នង នៅកោះពេជ្រហើយយើងសប្បាយរីករាយ នៅពេលឃើញជនជាតិខ្មែរកាន់ជាច្រើន មកជួលអចលនទ្រព្យនៅកោះពេជ្រ និងអ្នកការទូតកាន់តែច្រើន ពីព្រោះកោះពេជ្រនៅមិនឆ្ងាយពេក ពីក្រសួងការបរទេសនោះទេ”។

លោកTea Thierryបានបន្ថែមថា ជាមួយនឹងការបើកដំណើរការស្ពានថ្មីនាពេលខាងមុខ យើងនឹងឃើញមានមនុស្សចាប់ពី៥០.០០០ ទៅ៦០.០០០នាក់ ធ្វើដំណើរមកកាន់កោះពេជ្រ ហើយយើងកំពុងអភិវឌ្ឍលើគម្រោងចំនួន៣ ហើយយើងមានបុរីប៊ូទិក ដែលមានទីតាំងនៅជិតសាលា CIS និង Diamond Bay Garden និងប៉ម (Tower) ដំបូងគេទី១ដែលគ្រោងសាងសង់បញ្ចប់នៅឆ្នាំ២០២៤។

លោកបានមានប្រសាសន៍ថា យើងក៏មានមជ្ឈមណ្ឌលសហគមន៍មួយ ដែលស្រដៀងគ្នាទៅនឹងសួនដូងCoconut Park ប៉ុន្តែមានទំហំធំជាង ដែលមជ្ឈមណ្ឌលនេះនឹងប្រមូលផ្តុំ ទៅដោយផ្សារទំនើប ហាងលក់រាយ FNB និងការិយាល័យ។

លោកអះអាងទៀត “គំនិតផ្តួចផ្តើមដែលយើង បានធ្វើការជាមួយដៃគូនានា គឺគម្រោងមួយចំនួន ដូចជា មជ្ឈមណ្ឌលច្នៃប្រឌិត(Innovation Centre) ជាមួយដៃគូចំនួន៤ ទៅ៥ ដើម្បីអភិវឌ្ឍសហគមន៍Start-up ហើយយើងកំពុងពិភាក្សា ជាមួយសាលាអន្តរជាតិ (Programming school)នានា និងដៃគូរបស់យើងមកពី Camtechដើម្បីបើកម៉ាកយីហោនៅកោះពេជ្រ”។

លោកបានបញ្ជាក់ទៀតថា “ជាការពិតណាស់ ក្រុមហ៊ុនOCIC Group មានដៃវិនិយោគគូល្អៗមួយចំនួន ខណៈកាលពីពេលថ្មីៗនេះលោកឧកញ៉ា ពុង ឃាវសែបានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនសិង្ហបុរី ដើម្បីថែរទាំ និងជួសជុលយន្តហោះនៅកម្ពុជា ហើយយើងមានភាពជាដៃគូ ជាមួយក្រុមហ៊ុនបរទេសនានា ដូចជា ម៉ាឡេស៊ី ថៃ សិង្ហបុរី និងផ្សេងៗទៀត ហើយយើងស្វាគមន៍ចំពោះដៃគូនានាដែលចង់ចូលរួមសហការ។

ទាក់ទងតម្លៃដីធ្លីវិញ លោកTea Thierry បានមានប្រសាសន៍ឱ្យដឹងទៀតថា “តម្លៃដីធ្លីដែលវិនិយោគិន ចង់ទិញសម្រាប់ការវិនិយោគ គឺអាស្រ័យទៅលើទីតាំង និងមានការប្រកួតប្រជែង”

LEAVE A REPLY

Please enter your comment!
Please enter your name here