ដោយ: គង់ លាងហួរ
អន្តរជាតិ: កិច្ចប្រជុំលើកដំបូង ឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងប្រទេសថៃ និងសហភាពអឺរ៉ុប (EU) គ្រោងរៀបចំ ធ្វើឡើងនៅខែកញ្ញាខាងមុខ នៅទីក្រុងប្រ៊ុចសែល។
លោកស្រី Auramon Supthaweethum អគ្គនាយកនៃនាយកដ្ឋានចរចាពាណិជ្ជកម្មថៃ (DTN) បានមានប្រសាសន៍ថា កិច្ចប្រជុំនេះមានគោលបំណងពិភាក្សា អំពីការរៀបចំសម្រាប់ការចរចា កិច្ចព្រមព្រៀង FTA ។
-->
លោកស្រីបានអះអាងថា “ការចរចានឹងត្រូវធ្វើឡើងចំនួន៣ដង ប៉ុន្តែ ការប្រជុំជាច្រើនដងលើសពីនេះ អាចនឹងត្រូវបានធ្វើឡើងបន្ថែមទៀត ប្រសិនបើមានភាពចាំបាច់”។លោកស្រីបានពន្យល់ថា ក្រុមចរចាចំនួន១៩ ត្រូវបានបង្កើតឡើងដោយផ្អែកលើកត្តាដូចជា ពាណិជ្ជកម្ម ច្បាប់ប្រភពដើម នីតិវិធីគយ និងការសម្របសម្រួលពាណិជ្ជកម្ម មធ្យោបាយដោះស្រាយពាណិជ្ជកម្ម និងរបាំងពាណិជ្ជកម្មបច្ចេកទេស។
សហភាពអឺរ៉ុប នឹងធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំលើកដំបូងនៅទីក្រុងប្រ៊ុចសែល ខណៈដែលប្រទេសថៃ នឹងធ្វើជាម្ចាស់ផ្ទះបន្ទាប់នៅទីក្រុងបាងកក ក្នុងខែមករាឆ្នាំ២០២៤។ ចំំណែកឯការប្រជុំលើកទី៣ នឹងរៀបចំនៅទីក្រុងប្រ៊ុចសែលវិញ ក្នុងខែមិថុនា ឆ្នាំ២០២៤។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Jurin Laksanawisit និងស្នងការពាណិជ្ជកម្ម EU លោក Valdis Dombrovskis បានព្រមព្រៀងគ្នា ចាប់ផ្តើមការចរចាស្តីពីកិច្ចព្រមព្រៀង FTA ថៃ-សហភាពអឺរ៉ុបកាលពីខែមីនាឆ្នាំនេះ ក្នុងគោលបំណងសម្រេចឈាន ដល់កិច្ចព្រមព្រៀងមួយនៅឆ្នាំ២០២៥។
នៅក្នុងរយៈពេល៥ខែដំបូង ឆ្នាំ២០២៣នេះ ពាណិជ្ជកម្មទ្វេរភាគីរវាងប្រទេសថៃ និងសហភាពអឺរ៉ុបសម្រេច បានទំហំទឹកប្រាក់ចំនួន៥៩៩,៣៦ពាន់លានបាត (ប្រហែល១៧,៥៩ពាន់លានដុល្លារ)៕