Hattha top Banner

ឥណ្ឌា និងស្រីលង្កា ចុះកិច្ចព្រមព្រៀងតម្លៃ៤ពាន់លានដុល្លារ និងពិចារណាសាងសង់ស្ពានដីគោកតភ្ជាប់ប្រទេសទាំង២

0

ដោយៈ តែម សុខុម

ញូវដេលី: មេដឹកនាំប្រទេសឥណ្ឌា និងស្រីលង្កា បានចុះកិច្ចព្រមព្រៀង ធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងសេដ្ឋកិច្ច និងថាមពលរបស់ប្រទេសទាំងពីរ ព្រមទាំងពិចារណាសាងសង់ស្ពានដីគោក (Land Bridge) តភ្ជាប់ប្រទេសទាំងពីរផងដែរ។

ការប្រកាសកាលពីថ្ងៃសុក្រ សប្ដាហ៍មុននេះបានធ្វើឡើងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីស្រីលង្កា លោក រ៉ានីល វីករេមេស៊ីងហេ (Ranil Wickremesinghe) ទៅកាន់ប្រទេសឥណ្ឌា ទីដែលលោកបានជួបពិភាក្សា ជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណេរ៉េនដ្រា ម៉ូឌី (Narendra Modi)។លោក រ៉ានីល វីករេមេស៊ីងហេ បានធ្វើដំណើរទៅដល់ទីក្រុងញូវដេលី មួយថ្ងៃមុនដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកទី១ របស់លោកចាប់តាំងពីលោកចូលកាន់តំណែងកំពូលនេះ កាលពីឆ្នាំមុន បន្ទាប់ពីការដួលរំសេដ្ឋកិច្ច បានបង្ខំឱ្យអ្នកកាន់តំណែងមុនលោក ត្រូវរត់ភៀសខ្លួនចេញពីប្រទេស។

ជំនួយគាំទ្ររបស់ឥណ្ឌា មានទឹកប្រាក់ជិត៤ពាន់លានដុល្លារអាមេរិក នៅចន្លោះខែមករា ដល់ខែកក្កដា ឆ្នាំមុនគឺមានសារៈសំខាន់ណាស់ សម្រាប់ប្រទេសស្រីលង្កា បន្ទាប់ពីប្រទេសនេះស្ទើរតែអស់ប្រាក់ដុល្លាររលីង ហើយបានធ្លាក់ចូលក្នុងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ដែលធ្វើឱ្យប្រទេសនេះ ពិបាកក្នុងការផ្តល់ហិរញ្ញប្បទាន ដល់ការនាំចូលសំខាន់ៗរួមទាំងប្រេងឥន្ធនៈ និងថ្នាំពេទ្យផងដែរ។លោក ម៉ូឌី បានថ្លែងសុន្ទរកថាកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា មេដឹកនាំទាំងពីរ “បានអនុម័តឯកសារចក្ខុវិស័យមួយ សម្រាប់ភាពជាដៃគូសេដ្ឋកិច្ចរបស់យើង “ដើម្បីពង្រឹងការតភ្ជាប់ដែនសមុទ្រ ផ្លូវអាកា​ស ថាមពល និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដើម្បីពន្លឿនកិច្ចសហប្រតិបត្តិការទៅវិញ ទៅមកក្នុងវិស័យទេសចរណ៍ ថាមពល ពាណិជ្ជកម្ម ការអប់រំកម្រិតឧត្តមសិក្សា និងការអភិវឌ្ឍជំនាញ។

លោក ម៉ូឌី ក៏បានលើកឡើងដែរថា ភាគីទាំងពីរនឹងធ្វើការយ៉ាងឆាប់រហ័ស ដើម្បីតភ្ជាប់បណ្តាញអគ្គិសនី នៃប្រទេសទាំងពីរ ព្រមទាំងធ្វើការសិក្សាសមិទ្ធលទ្ធភាព សាងសង់បំពង់បង្ហូរប្រេង និងស្ពានដីតភ្ជាប់ប្រទេសទាំងពីរ។

ប្រទេសជិតខាងទាំងពីរនេះ បានលើកឡើងតាមរយៈឯកសារជាយុទ្ធសាស្ត្រថា ការបង្កើត “ការតភ្ជាប់ផ្លូវគោក” ឆ្លងកាត់ច្រកសមុទ្រប៉ាក (Palk Strait) ដែលកន្លែងខ្លះ មានទទឹងត្រឹមតែ២៥ម៉ែត្រនេះនឹងធ្វើឱ្យឥណ្ឌា អាចចូលទៅកាន់កំពង់ផែសំខាន់ៗ នៃក្រុងទ្រីនកូម៉ាលី (Trincomalee) និងក្រុងកូឡុំបូ (Colombo) និងពង្រឹង “ទំនាក់ទំនង ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ”។យោងតាមមន្ត្រីនៃភាគីទាំងពីរឱ្យដឹងថា គម្រោងតភ្ជាប់បណ្តាញអគ្គិសនី តាមរយៈខ្សែកាបក្រោមបាតសមុទ្រ និងបំពង់បង្ហូរប្រេងនេះត្រូវបានរំពឹងថា នឹងចំណាយថវិកាសរុប ប្រមាណ៤ពាន់លានដុល្លារអាមេរិក៕ Aljazeera៕

LEAVE A REPLY

Please enter your comment!
Please enter your name here