ដោយៈ តែម សុខុម
ហ្សាការតា: ក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមX របស់លោក Elon Musk ដែលទើបតែប្ដូរឈ្មោះពីTwitter បានជួបរឿងដ៏គួរឱ្យភ្ញាក់ផ្អើលនៅឥណ្ឌូនេស៊ី បន្ទាប់ពីគេហទំព័រ X.com របស់ក្រុមហ៊ុននេះត្រូវបានបិទ ឬ ប្លុកក្រោមការទប់ស្កាត់ របស់ប្រទេសនេះលើរឿងកូនជ្រូក និងល្បែងអនឡាញ។
ក្រសួងទំនាក់ទំនង និងព័ត៌មានឥណ្ឌូនេស៊ីបាននិយាយថា គេហទំព័រនេះ ត្រូវបានរឹតបន្តឹងដោយសារដែន ឬ Domain នៃគេហទំព័រនេះ ធ្លាប់ត្រូវបានប្រើប្រាស់ដោយគេហទំព័រនានា ដែលមិនគោរពច្បាប់ដ៏តឹងរ៉ឹង របស់ប្រទេសឥណ្ឌូនេស៊ី ប្រឆាំងមាតិកា “អវិជ្ជមាន” ដូចជារឿងកូនជ្រូក និងល្បែងស៊ីសងជាដើម។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយកាលពីថ្ងៃពុធ ទី២៦ កក្កដា។
លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកកាលពីថ្ងៃអង្គារ ទី២៥ កក្កដា ថា “នៅថ្ងៃនេះ យើងបានពិភាក្សាជាមួយតំណាងក្រុមហ៊ុន Twitter ហើយពួកគេនឹងផ្ញើលិខិតមកយើង ដើម្បីបញ្ជាក់ថា គេហទំព័រ X.com នឹងត្រូវបានប្រើប្រាស់ដោយ Twitter”។ដោយសារចំណាត់ការបិទនេះ ប្រជាជនឥណ្ឌូនេស៊ី មិនអាចចូលទៅប្រើប្រាស់វេទិកា ឬPlatform X នាពេលបច្ចុប្បន្ននេះ។
យោងតាមសេចក្ដីរាយការណ៍ឱ្យដឹងថា មានអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម Twitter ឬ X ប្រមាណ២៤លាននាក់ក្នុងចំណោមប្រជាជនឥណ្ឌូនេស៊ី សរុប២៧០លាននាក់។
ការបិទ ឬប្លុកនេះ កើតមានឡើងក្រោយពីក្រុមអ្នកវិភាគ និងភ្នាក់ងារម៉ាកយីហោ (Brand Agency) បានលើកឡើងថា ការប្ដូរឈ្មោះក្រុមហ៊ុន បណ្ដាញទំនាក់ទំនងសង្គម Twitter ទៅ “X” ពីសំណាក់លោក Elon Musk អាចធ្វើឱ្យក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គម Twitter បាត់បង់តម្លៃចន្លោះពី៤ពាន់លានដុល្លារ ទៅ២០ពាន់លានដុល្លារ៕ Aljazeera៕