សេដ្ឋកិច្ចអាមេរិកស្ទុះឡើងលើសការព្យាករទុករបស់ក្រុមអ្នកសេដ្ឋកិច្ច នៅក្នុងត្រីមាសទី២

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រសួងពាណិជ្ជកម្មអាមេរិកបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថា សេដ្ឋកិច្ចអាមេរិកបានកើនឡើងក្នុងត្រីមាសទី២ ទោះបីជាមានការដំឡើងអត្រាការប្រាក់ ហើយអត្រាអតិផរណានៅតែមានកម្រិតខ្ពស់យ៉ាងណាក្តី។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន CNN កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣។

យោងតាមក្រុមហ៊ុន Refinitiv បានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប ដែលជារង្វាស់ដ៏ធំបំផុតនៃទិន្នផលសេដ្ឋកិច្ច បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ២,៤% ក្នុងអំឡុងខែមេសា ដល់ខែមិថុនា។ នេះគឺជាល្បឿនលឿនជាងកំណើនក្នុងត្រីមាសទី១ ហើយលើសពីការព្យាករទុករបស់អ្នកសេដ្ឋកិច្ចសម្រាប់អត្រាកំណើនក្នុងរង្វង់១,៨%។កំណើនសេដ្ឋកិច្ចនៅក្នុងត្រីមាសទី២របស់សហរដ្ឋអាមេរិក ត្រូវបានជំរុញដោយការវិនិយោគអាជីវកម្ម ការទិញរបស់រដ្ឋាភិបាល ការវិនិយោគសារពើភ័ណ្ឌ និងការចំណាយរបស់អ្នកប្រើប្រាស់។

ការចំណាយរបស់អ្នកប្រើប្រាស់ ដែលមានចំណែកប្រហែល២/៣នៃទិន្នផលសេដ្ឋកិច្ចអាមេរិក បានកើនឡើងត្រឹមតែ១,៦% ប៉ុណ្ណោះនៅក្នុងត្រីមាសទី២ ពោលគឺធ្លាក់ចុះយ៉ាងខ្លាំងធៀបនឹងអត្រាកំណើន៤,២% ក្នុងត្រីមាសទី១ ដែលបណ្តាលមកពីការថយចុះយ៉ាងខ្លាំងក្នុងការចំណាយទៅលើទំនិញប្រើប្រាស់បានយូរដូចជារថយន្ត និងម៉ាស៊ីនបោកគក់ដែលមានន័យថា អាចប្រើប្រាស់បានយ៉ាងតិចណាស់៣ឆ្នាំ។ចំណែក ការវិនិយោគអាជីវកម្មមិនមែនលំនៅដ្ឋានបានកើនឡើងយ៉ាងខ្លាំងរហូតដល់អត្រា៧,៧% នៅក្នុងត្រីមាសទីពីរ ពោលគឺកើនឡើងពីអត្រា០,៦% នៅដើមឆ្នាំ២០២៣នេះ។ការថយចុះនៃការចំណាយរបស់អ្នកប្រើប្រាស់ឆ្លុះបញ្ចាំងឱ្យឃើញពីការស្រុតចុះនៃតម្រូវការ ដែលធនាគារកណ្តាលអាមេរិកបាននិងកំពុងព្យាយាមសម្រេចឱ្យបានតាមរយៈការដំឡើងអត្រាការប្រាក់របស់ខ្លួនជាបន្តបន្ទាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here