ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា និងវិស័យឯកជនបានរៀបចំយុទ្ឋសាស្ត្ររួមគ្នា ដើម្បីជំរុញការនាំចេញដើម្បីជ្រៀតចូលទីផ្សារដំឡូងមីថ្មី ក៏ដូចជាផ្សព្វផ្សាយពីស្តង់ដារនៃដំណើរការនៃការចូលរួមធ្វើពាណិជ្ជកម្ម រវាងអ្នកលក់ក្នុងស្រុក និងអ្នកទិញពីបរទេស។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកម៉ៅ ថូរ៉ាបានថ្លែងក្នុងពិធីបើកសិក្ខាសាលានាព្រឹកថ្ងៃទី២៨ វិច្ឆិកានេះថា សិក្ខាសាលានេះ មានគោលបំណងប្រមូលមតិយោបល់ត្រឡប់នានា ទាក់ទងនឹងសេចក្តីណែនាំសម្រាប់ការនាំចេញ និងសិក្សាបញ្ជាក់រាល់សំណើរស្នើសុំផ្តល់អនុសាសន៍ របស់ទីប្រឹក្សាក្នុងការដោះស្រាយបញ្ហាប្រឈម និងរបៀបនៃការជម្រុញការធ្វើពាណិជ្ជកម្ម ផលិតផលដំឡូងមី រវាងប្រទេសកម្ពុជា និងប្រទេសគោលដៅនាំចេញនានា។
-->
ប្រទេសកម្ពុជាដាំដុះដំឡូងមី បានប្រមាណរាប់លានតោនក្នុងមួយឆ្នាំ ជាហេតុនាំឲ្យកម្ពុជាត្រូវបានចាត់ថ្នាក់ជាប្រទេសទីបី ដែលមានទំហំផលិតកម្មដំឡូងមីធំជាងគេ បន្ទាប់ពីប្រទេសថៃ និងឥណ្ឌូនេស៊ីនៅក្នុងតំបន់អាស៊ាន។ បរិមាណមើមដំឡូងមីស្រស់របស់កម្ពុជាជាច្រើនត្រូវបានកែច្នៃ ធ្វើជាវត្ថុធាតុដើមឬផលិតផលពាក់កណ្តាលសម្រេចជាច្រើន សម្រាប់ការនាំចេញក្នុងទម្រង់ផ្សេងៗគ្នា។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឯកឧត្តមវេង សាខុនបានមានប្រសាសន៍ថា ទិន្នផលដំឡូងមីបានកើនឡើងខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារកសិករបានពង្រីកផ្ទៃដីដាំដុះ ដែលធ្វើឲ្យទិន្នផលបានកើនឡើងយ៉ាងគំហុក ដែលធ្វើឲ្យការនាំចេញដំឡូងមីបានជួបប្រទះបញ្ហា ដោយសារការផ្គត់ផ្គង់លើសតម្រូវការ។
តម្លៃដំឡូងមីនៅកម្ពុជាឆ្នាំនេះ មានភាពល្អប្រសើរជាងឆ្នាំមុន ដោយដំឡូងមីស្រស់មួយគីឡូក្រាមមានតម្លៃ៣៥០រៀល ខណៈឆ្នាំមុនមានតម្លៃត្រឹម១០០ទៅ១៥០រៀលប៉ុណ្ណោះ៕