ដោយៈ គង់ សូរិយា
ភ្នំពេញៈ ការមិនអាចទាញយកតម្លៃបន្ថែមពីកសិផល នាំឲ្យកម្ពុជាខាតបង់មួយចំនែក ប៉ុន្តែការធ្វើឲ្យនិតិវិធីស្មុគ្រស្មាញ ក្នុងការនាំចេញទៅកាន់ប្រទេសទី៣របស់កម្ពុជា ពីសំណាក់ប្រទេសវៀតណាមបាននិងកំពុងក្លាយជាចំណោទធំមួយ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោកប៉ែន សុវិជាតិ បានទទួលស្គាល់ថា បច្ចុប្បន្ននេះកម្ពុជានាំចេញកសិផលច្រើន ទៅកាន់ទីផ្សារវៀតណាម ដូចជា គ្រាប់ស្វាយចន្ទី ស្រូវ អង្ករ និងដំឡូងមីជាដើម តែបែបនេះ ក៏មិនមែនមានន័យកម្ពុជា បានពឹងផ្អែកលើទីផ្សារវៀតណាមទាំងស្រុងដែរ។
លោកបន្តថា ចំពោះប្រទេសជិតខាងគ្នា ដូចជា វៀតណាម និងថៃ យើងមិនអាចកាត់ផ្តាច់ទំនាក់ទំនងទីផ្សារ ជាប្រពៃណីដែលប្រជាពលរដ្ឋ នៃប្រទេសជិតខាងនៅតាមតំបន់ព្រំដែន ធ្វើកិច្ចការនេះជាមួយគ្នាទេ ។ ដូចនេះសូមយល់ឱ្យច្បាស់ ពីភាពពឹងផ្អែកទាំងស្រុងឬក៏ភាព ដែលមិនអាចកាត់ផ្តាច់បាន ពីចំណងទាក់ទងដែលធ្វើឡើងក្រោមរូបភាពពាណិជ្ជកម្ម ឆ្លងកាត់ព្រំដែននៃប្រទេសទាំងសងខាង។
ជាមួយគ្នានេះ អ្នកឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញការយល់ឃើញរបស់លោកថា វាជាការពិតដែលទីផ្សារ នៃការនាំចេញ និងនាំចូលទំនិញ រវាងប្រទេសជិតខាងតែងមានទាំងភាពវិជ្ជមាន និងអវិជ្ជមានទៅវិញទៅមក ដែលនាំឱ្យកើតមានអរិភាពនឹងគ្នា ឬការអាក់អន់ចិត្តនឹងគ្នា ប៉ុន្តែការធ្វើពាណិជ្ជកម្មរវាងកម្ពុជា ជាមួយវៀតណាម ហាក់មានសម្ទុះជាងជាមួយប្រទេសថៃ ដោយសារវៀតណាម មានកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងដែនជាមួយកម្ពុជាខណៈថៃមិនទាន់មាននៅឡើយ។លោកបានបញ្ជាក់ថា “ខ្ញុំថាបើយើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងដែន ជាមួយថៃមួយទៀតជាការល្អ ដើម្បីជៀសវាងការបិទព្រំដែនឯកតោភាគី ដែលធ្វើឱ្យប៉ះពាល់ដល់ចរន្តសេដ្ឋកិច្ចប្រទេសទាំងពីរ”។លោកបន្ថែមថា “ដូច្នេះខ្ញុំយល់ថា គួរតែបង្កើតកិច្ចព្រមព្រៀងនេះជាមួយថៃទៀតកាន់តែល្អ ដើម្បីចៀសវាងផលអវិជ្ជមានណាមួយដែលកើតឡើងជាយថាហេតុ”។
ទោះជាយ៉ាងណាក៏ដោយ ក្នុងនាមវិស័យឯកជន អ្នកឧកញ៉ាលឹម ហេង មិនចង់ឱ្យមានការនាំចេញផលិតផលកសិកម្ម ដែលជាវត្ថុធាតុដើមច្រើនជាងកសិផល ដែលមានការកែច្នៃរួចនោះទេ ប៉ុន្តែលោកថារាជរដ្ឋាភិបាល គួរមានការលើកចិត្តបន្ថែម ចំពោះការវិនិយោគលើការកែច្នៃផលិតផលកសិកម្មនៅក្នុងស្រុក តាមរយៈការបង្កើតគោលនយោបាយ សម្រាប់ផលិតផលកសិកម្មផ្សេងទៀត ដូចគោលនយោបាយស្វាយចន្ទីដែរ ដោយការបើកច្រកទីផ្សារថ្មីៗ រួមទាំងការលើកទឹកចិត្តផ្នែកពន្ធដារផង ទើបអាចទាក់ទាញអ្នកវិនិយោគ មកពីក្រៅប្រទេសបាននិ ងជំរុញឱ្យអ្នកវិនិយោគក្នុងស្រុក ចាប់អារម្មណ៍លើការបណ្តាក់ទុនលើការកែច្នៃនៅក្នុងស្រុកនេះ។
ជាមួយគ្នានេះ លោកស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជាបានប្រាប់ឱ្យដឹងថា ថ្វីដ្បិតតែកម្ពុជា និងវៀតណាមមានទំនាក់ទំនងជាមួយគ្នា ក្នុងរយៈពេលប្រមាណ៥០ឆ្នាំ ក្នុងការដឹកជញ្ជូនពីកំពង់ផែភ្នំពេញ ទៅកាន់ប្រទេសវៀតណាមយ៉ាងណាក្តី តែមកទល់ពេលនេះ នៅតែមានបញ្ហាលំបាកច្រើន ដោយសារវៀតណាមហាក់បង្កការលំបាកច្រើនដល់កម្ពុជា នៅពេលដែលកម្ពុជា ដឹកទំនិញឆ្លងកាត់វៀតណាម ទៅកាន់ទីផ្សារផ្សេងទៀតដូចជាចិនជាដើម។លោកបានបញ្ជាក់ថា “ការលំបាកនោះគឺនៅត្រង់ថា គេមានបែបបទសាំញ៉ាំច្រើន ដែលធ្វើឱ្យយើងលំបាក រហូតដល់ពេលខ្លះយើងត្រូវការការអន្តរាគមន៍ពីរាជរដ្ឋាភិបាល ហើយគេនៅធ្វើឱ្យរដ្ឋាភិបាលយើងលំបាកទៀត”។លោកបន្តថា “ការលំបាកបែបនេះហើយ ទើបវិនិយោគិនយើង ដែលគាត់មិនចង់មានភាពស្មុគស្មាញច្រើន សម្រេចលក់ឱ្យទៅវៀតណាមតែម្តង”។
ចំពោះការលំបាករបស់អ្នកវិនិយោគ ក្នុងការនាំចេញកសិផលឆ្លងកាត់ប្រទេសវៀតណាម ឆ្ពោះទៅកាន់ប្រទេសចិន លោកគង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានទទួលស្គាល់ដែរថា វាពិតជាមានការលំបាកច្រើនមែន បើយោងទៅតាមការលើកឡើងរបស់អ្នកវិនិយោគមួយចំនួន ដែលធ្លាប់បានស្នើសុំទៅកាន់ក្រសួងនេះ ឱ្យមានការជួយសម្រួលនាពេលកន្លងមក។ លោកបានបន្ថែមទៀតថា បច្ចុប្បន្នក្រសួងកំពុងសម្របសម្រួលដោយរំពឹងជោគជ័យ ដើម្បីធានាឱ្យអ្នកវិនិយោគ អាចដឹកជញ្ជូនកសិផលពីកម្ពុជា តាមមធ្យោបាយផ្លូវគោក ដោយឆ្លងកាត់ឡាវឆ្ពោះត្រង់ទៅកាន់ទីផ្សារចិន”។លោកបន្តថា “ផ្លូវពាណិជ្ជកម្មថ្មីនេះ ត្រូវចេញពីភ្នំពេញ ដោយឆ្លងកាត់ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ និងខេត្តស្ទឹងត្រែង ទៅកាន់ប្រទេសឡាវ ហើយដឹកជញ្ជូនបន្តពីឡាវ តាមរយៈរថភ្លើងល្បឿនលឿនទៅកាន់ប្រទេសចិនតែម្ដង”។លោកគង់ វិមានបានបញ្ជាក់ថា ខាងក្រុមហ៊ុនទាំងនោះបានលើកឡើងថា ការដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសថៃ និងវៀតណាមចំណាយច្រើន និងជួបការលំបាកក៏ច្រើន ពិសេសក្នុងការធ្វើបែបបទនានា ប៉ុន្តែបើដឹកកាត់តាមឡាវវិញ ថ្វីដ្បិតតែចម្ងាយផ្លូវឆ្ងាយជាងបន្តិចមែន តែការចំណាយថ្លៃដឹកជញ្ជូន និងការបំពេញបែបបទនានាមានភាពងាយស្រួលជាង ទើបក្រុមហ៊ុនទាំងនេះ សម្រេចស្នើសុំមកក្រសួងជួយសម្រួលលើការងារនេះ។
អ្នកវិភាគ និងជាអ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា លោកគី សេរីវឌ្ឍន៍បានថ្លែងថា ចំពោះទីផ្សារវៀតណាមនេះ ជាទីផ្សារល្អក្នុងរយៈពេលខ្លី សម្រាប់កម្ពុជាតែវា នឹងក្លាយជាបញ្ហាប្រឈមសម្រាប់រយៈពេលវែង។លោកបញ្ជាក់ថា “ទីផ្សារល្អក្នុងរយៈពេលខ្លីមានន័យថា នៅពេលដែលកសិករយើង មិនទាន់មានលទ្ធភាពកែច្នៃទេ វៀតណាមជាទីផ្សារមួយ ដែលអាចជួយស្រូបយកកសិផលយើង ដែលផលិតលើសតម្រូវការ ប៉ុន្តែវាមានបញ្ហាប្រឈម សម្រាប់រយៈពេលវែងមានន័យថា នៅពេលលក់ឱ្យវៀតណាមងាយស្រួលហើយ វៀតណាមមកទិញងាយស្រួលដែរ ដូចនេះធ្វើឱ្យអ្នកវិនិយោគក្នុងស្រុកពិបាក ក្នុងការប្រជែងជាមួយឈ្មួញវៀតណាមទៅវិញ”។
លោកគី សិរីវឌ្ឍន៍បានពន្យល់ថា ផលលំបាកនោះ គឺទី១ បើយើងកែច្នៃយើងមានថ្លៃដើមខ្ពស់ ជាងវៀតណាម ដូចនេះអ្នកវិនិយោគក្នុងស្រុក ត្រូវតែទិញយ៉ាងណាឱ្យបានតម្លៃទាប ជាងឈ្មួញវៀតណាមទើបចំណេញ។ ទី២ វៀតណាម អាចចូលមកទិញកសិផលយើងដោយឱ្យថ្លៃខ្ពស់ ជាងឈ្មួញក្នុងស្រុកបន្តិច ហើយគេអាចកែច្នៃលក់ក្នុងតម្លៃទាបជាងយើងបាន ក៏នៅតែចំណេញ ព្រោះថ្លៃដើមផលិតគេទាបជាងយើង។លោកបញ្ជាក់ថា កត្តានេះហើយដែលវារារាំង ដល់ការរីកលូតលាស់ ឧស្សាហកម្មកែច្នៃនៅក្នុងស្រុកយើង។ ដូចនេះរដ្ឋាភិបាលត្រូវរិះរកវិធានការ ត្រូវធ្វើយ៉ាងណាការពារលំហូរកសិផលចេញ និងលើកកម្ពស់ការកែច្នៃ នៅក្នុងស្រុកបន្ថែមទៀត។
ទោះបីជាលោកគី សេរីវឌ្ឍន៍ លើកទឹកចិត្ត និងគាំទ្រឱ្យមានការកែច្នៃក្នុងស្រុកក៏ពិតមែន ប៉ុន្តែលោកចង់ឱ្យមានភាគីពាក់ព័ន្ធ ពិនិត្យនិងសិក្សាឱ្យបានច្បាស់ ពីការប្រកួតប្រជែងមានន័យថា នៅពេលដែល បើករោងចក្រកែច្នៃកសិផលនោះ កម្ពុជានឹងក្លាយជាដៃគូប្រកួតប្រជែងជាមួយវៀតណាម។
លោកបញ្ជាក់ថា “ដើម្បីអាចប្រកួតប្រជែង ជាមួយគេបានល្គឹកណា ដែលការចំណាយថ្លៃដើមរបស់យើងទាប ដែលមានកត្តាមួយចំនួនដូចជាតម្លៃអគ្គិសនី បច្ចេកវិទ្យា ប្រាក់ឈ្នួលពលកម្មអប្បបរមារបស់កម្មករ ជី ថ្នាំកសិកម្ម និងថ្លៃដឹកជញ្ជូនជាដើម។
រីឯ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោកប៉ែន សុវិជាតិបានមានប្រសាសន៍ថា កន្លងមកវៀតណាមទិញទំនិញពីកម្ពុជា ដើម្បីយកទៅកែច្នៃបន្ថែមទៀត ហើយយកទៅលក់នៅទីផ្សារធំៗ ហើយក៏មិនមែនមានន័យថាយើង(កម្ពុជា) នៅតែបន្តមិនកែច្នៃហើយ លក់ឱ្យវៀតណាមនោះដែរ យើងក៏ប្រឹងប្រែងធ្វើការកែច្នៃបន្ថែមទៀត ដូចជា ស្វាយចន្ទីដំឡូងមីនិងកសិផលមួយចំនួនទៀតដែរ។
លោកបញ្ជាក់ថា “យើងក៏នឹងខិតខំពង្រឹង និងពង្រីកទីផ្សារផ្សេងៗទៀត នៅក្នុងតំបន់ និងលើពិភពលោកផងដែរ មិនមែនមានន័យថាយើងពឹងតែទីផ្សារប្រទេសជិតខាងនោះទេ”។
ទោះជាយ៉ាងណាក៏ដោយលោក ប៉ែន សុវិជាតិ មិនចង់ឱ្យម្ចាស់ហគ្រាស ឬម្ចាស់អាជីវកម្ម ពឹងផ្អែកទាំងស្រុងលើអ្វី ដែលជាជំនួយរបស់រដ្ឋាភិបាលទេ តែក៏មិនមែនមានន័យថា រាជរដ្ឋាភិបាលមិនបានយកចិត្តទុកដាក់លើកសិករឬផលិតករដែរ។
ជារួមមានវិធានការផ្សេងៗ ដែលរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងអនុវត្តន៍ រួមទាំងកិច្ចសម្រួលពាណិជ្ជកម្ម ដែលក្រសួងពាណិជ្ជកម្មបានធ្វើ ក៏មានការគិតគូរពីការបញ្ចេញទុន តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនិងធនាគារSME ជាដើមដែរ។កិច្ចសម្រួលផ្សេងៗទៀត ដែលស្ថាប័នពាក់ព័ន្ធ បានធ្វើរួមទាំងការបញ្ចុះថ្លៃអគ្គិសនីផងដែរ។
លោកបានបន្តថា “នៅក្នុងការធ្វើកសិកម្ម ជាលក្ខណៈគ្រួសារឱ្យទៅជាកសិ-ពាណិជ្ជកម្ម ដែលតម្រូវមានការធ្វើលក្ខណៈទ្រង់ទ្រាយធំ ត្រូវមានការពិនិត្យតម្រូវការទីផ្សារឱ្យបានច្បាស់លាស់ និងត្រូវមានការចុះអនុវត្តន៍ដោយផ្ទាល់ ដើម្បីកាត់បន្ថយការចំណាយ ជាពិសេសលើបញ្ហាជី និងកម្លាំងពលកម្ម។
លោកប៉ែន សុវិជាតិបានថ្លែងថា “គេមិនអាចធ្វើកសិកម្ម ដោយមិនប្រឡាក់ដី គេមិនអាចធ្វើកសិកម្ម ដោយមិនធ្វើការលះបង់ពេលវេលា គេមិនអាចធ្វើកសិកម្ម ដោយគ្មានការថែរក្សាកសិផលគត់មត់នោះទេ។នេះជាអ្វីដែលអ្នកធ្វើកសិកម្មត្រូវចងចាំ៕