ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា បានទទួលពានរង្វាន់ International Crown Award ពីចក្រភពអង់គ្លេសកាលពីសប្តាហ៍មុន ដោយអ្នកដឹកនាំសមាគមនេះ បានចាត់ទុកពានរង្វាន់នេះ ជាកិត្តិយសរបស់ប្រជាជាតិខ្មែរទាំងអស់គ្នា។
លោកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៨ វិច្ឆិកា បន្ទាប់ពីអញ្ជើញត្រលប់មកពីទីក្រុងឡុងដ៏ចក្រភពអង់គ្លេសនាព្រឹកថ្ងៃទី២៨ វិច្ឆិកានេះថា ការផ្តល់ពានរង្វាន់ពីស្ថាប័នវាយតម្លៃអន្តរជាតិនាទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស ដោយសារសមាគមបានដំណើរការល្អ និងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍វិស័យលំនៅដ្ឋាន ព្រោះសមាគមមានសមាជិកសុទ្ឋតែក្រុមហ៊ុនអភិវឌ្ឍន៍ធំៗ ដែលបានជួយជំរុញដល់កំនើនសេដ្ឋកិច្ចជាតិ។
លោកឧកញ៉ាបានបន្តថា “សមាគមបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ និងចូលរួមអភិវឌ្ឈន៍សង្គមជាមួយរាជរដ្ឋាភិបាល និងឆ្លើយតបនឹងគោលនយោបាយលំនៅដ្ឋានរបស់រដ្ឋាភិបាល។លោកបន្តថា “ការអភិវឌ្ឍន៍វិស័យសំណង់និងអចលនវត្ថុនៅកម្ពុជាកំពុងមានភាពរីកចម្រើន ហើយវិស័យនេះក្លាយជាកំលាំងចលករមួយយ៉ាងសំខាន់ក្នុងការចូលរួមជំរុញសេដ្ឋកិច្ចជាតិ។
លោកឧកញ៉ា លី ហួរ បានបន្តថា យើងរីករាយដែលស្ថាប័នវាយតម្លៃអន្តរជាតិផ្តល់ការវាយតម្លៃដ៏ត្រឹមត្រូវ និងជាការលើកទឹកចិត្តយ៉ាងសំខាន់ដល់ការខិតខំប្រឹងប្រែងរបស់យើង ក្នុងការជំរុញការអភិវឌ្ឍន៍។លោកបន្តថា ពានរង្វាន់នេះមិនមែនជារបស់សមាគមតែមួយមុខទេ តែជារបស់ប្រជាពលរដ្ឋទាំងអស់ និងជាកិត្តិយសរបស់ប្រជាជាតិរបស់យើង៕