ដោយ: គង់ លាងហួរ
អន្តរជាតិ: ការហក់ឡើងនៃតម្លៃភាគហ៊ុន VinFast កាលពីថ្ងៃអង្គារ បានធ្វើឱ្យទ្រព្យសម្បត្តិសុទ្ធរបស់បុរសមហាសេដ្ឋីមានជាងគេបំផុតនៅប្រទេសវៀតណាម និងជាប្រធានក្រុមហ៊ុន VinFast គឺលោក Pham Nhat Vuong ហក់ឡើង៣៩ពាន់លានដុល្លារ។
ឥឡូវនេះ ទ្រព្យសម្បត្តិរបស់លោក Vuong មានចំនួន៤៤,៣ពាន់លានដុល្លារ។ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg ខណៈលោក Vuong បានក្លាយជាបុរសមហាសេដ្ឋីមានដាច់គេបំផុតក្នុងប្រទេសវៀតណាមអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
-->

ភាគហ៊ុន VinFast បានបង្ហាញខ្លួនជាលើកដំបូងនៅលើផ្សារហ៊ុន Nasdaq នៅសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ ក្នុងតម្លៃជួញដូរ២២ដុល្លារក្នុង១ហ៊ុននៅពេលបើក ហើយបានបិទនៅតម្លៃជាង៣៧ដុល្លារក្នុង១ហ៊ុន។
លោក Vuong គឺជាអ្នកទទួលផលចុងក្រោយចំនួន៩៩% នៃភាគហ៊ុនធម្មតា២,៣ពាន់លានរបស់ VinFast បន្ទាប់ពីក្រុមហ៊ុន VinFast ត្រូវបានរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុន Black Spade Acquisition សម្រាប់គោលបំណងនៃការចុះបញ្ជី។
VinFast ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយនៃក្រុមហ៊ុនធំជាងគេរបស់ប្រទេសវៀតណាម Vingroup បានទទួលការអនុម័តឱ្យសាងសង់រោងចក្រផលិតរថយន្តតម្លៃ៤ពាន់លានដុល្លារនៅរដ្ឋ North Carolina នាសហរដ្ឋអាមេរិក។
ជាក់ស្តែង ក្រុមហ៊ុននេះក៏បាននាំចេញរថយន្តអគ្គិសនីជិត៣.០០០គ្រឿងផងដែរ ដើម្បីលក់ទៅកាន់សហរដ្ឋអាមេរិក ដែលរំពឹងថា នឹងក្លាយជាទីផ្សារដ៏សំខាន់មួយរបស់ខ្លួន៕