ដោយ: គង់ លាងហួរ
សេអ៊ូល៖ តម្លៃផ្ទះនៅប្រទេសកូរ៉េខាងត្បូងបានកើនឡើងបន្តិចក្នុងខែកក្កដា បន្ទាប់ពីធ្លាក់ចុះអស់រយៈពេល១៣ខែ ដែលកំណើននេះជំរុញដោយតម្រូវការអគារលំនៅដ្ឋាននៅក្នុងតំបន់រដ្ឋធានី។
សន្ទស្សន៍តម្លៃប្រតិបត្តិការផ្ទះនៅទូទាំងប្រទេសរបស់ក្រុមប្រឹក្សាភិបាលអចលនទ្រព្យកូរ៉េបានកើនឡើង០,០៣ភាគរយនៅក្នុងខែកក្កដា បន្ទាប់ពីធ្លាក់ចុះ០,០៥ភាគរយនៅក្នុងខែមិថុនា ហើយបានប្រកាសពីការកើនឡើងប្រចាំខែជាលើកដំបូងគិតចាប់តាំងពីខែឧសភា ឆ្នាំ២០២២។
-->
ក្រុមប្រឹក្សាភិបាលអចលនទ្រព្យកូរ៉េបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា តម្លៃផ្ទះបានកើនឡើងក្នុងល្បឿនដ៏លឿននៅទីក្រុងសេអ៊ូល ស្របពេលមានការរំពឹងទុកចំពោះការងើបឡើងវិញក្នុងទីផ្សារ ខណៈតម្លៃផ្ទះបានបន្តនិន្នាការកើនឡើងនៅក្នុងតំបន់កាន់តែច្រើន នៅពេលដែលការដាក់លក់បន្ទាន់ត្រូវបានលុបចោល។
លោក Kang Min-seok ប្រធានផ្នែកស្រាវជ្រាវអចលនទ្រព្យនៅក្រុមហ៊ុន KB Financial Group បានលើកឡើងថា “ទីផ្សារទំនងជាមិនអាចដាំក្បាលចុះខ្លាំងម្តងទៀតទេ ខណៈដែលមានតម្រូវការផ្ទះក្នុងតម្លៃទាប ប៉ុន្តែក្នុងពេលជាមួយគ្នានេះ យើងពិបាកណាស់ក្នុងការចាត់ទុកវាថា ជាការផ្តល់សញ្ញាមួយសម្រាប់ការស្ទុះងើបឡើងវិញ”។
កាលពីដើមឆ្នាំនេះ រដ្ឋាភិបាលកូរ៉េបានបន្ធូរបន្ថយបទប្បញ្ញត្តិហិរញ្ញវត្ថុលើអ្នកទិញផ្ទះ និងបានដាក់ចេញគោលនយោបាយប្រាក់កម្ចីទិញផ្ទះបណ្តោះអាសន្ន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវការថយចុះក្នុងកម្រិតមួយដែលអាចទទួលយកបាន (Soft Landing) សម្រាប់ទីផ្សារ។
យោងតាមទិន្នន័យដាច់ដោយឡែកពីគ្នាបានបង្ហាញកាលពីសប្តាហ៍មុនថា ទន្ទឹមនឹងការកើនឡើងនៃតម្លៃផ្ទះ បំណុលគ្រួសាររបស់ប្រទេសកូរ៉េខាងត្បូងក៏បានកើនឡើងក្នុងរយៈពេល៤ខែជាប់ៗគ្នាផងដែរ គិតត្រឹមខែកក្កដា និងជាចំនួនដ៏ធំបំផុតក្នុងរយៈពេលជិត២ឆ្នាំកន្លងមកនេះ ដែលបង្កើនការព្រួយបារម្ភសម្រាប់អ្នកបង្កើតគោលនយោបាយអំពីអតុល្យភាពហិរញ្ញវត្ថុ៕