ដោយ: គង់ លាងហួរ
តូក្យូ: ក្រុមហ៊ុនផលិត និងសេវាកម្មធំៗរបស់ប្រទេសជប៉ុនបានបង្ហាញពីភាពប្រសើរឡើងក្នុងអាជីវកម្មនៅខែសីហា ដែលឆ្លុះបញ្ចាំងពីការស្ទុះងើបឡើងវិញបន្តិចម្តងៗនៃសេដ្ឋកិច្ចពីភាពរអាក់រអួលដែលបណ្តាលមកពីជំងឺកូវីដ-១៩។
សន្ទស្សន៍របស់ក្រុមហ៊ុនផលិតកម្ម និងសេវាកម្មធំៗបានកើនឡើងដល់បូក១២ និងបូក៣២ រៀងៗគ្នា ក្នុងខែសីហា បើធៀបនឹងបូក៣ និងបូក២៣ ក្នុងខែកក្កដា។ នេះបើយោងតាមការស្ទង់មតិរបស់សន្ទស្សន៍អាជីវកម្ម Reuters Tankan។
-->

លទ្ធផលដ៏រឹងមាំនេះបានកើតឡើង បន្ទាប់ពីរដ្ឋាភិបាលជប៉ុនបានចេញផ្សាយទិន្នន័យផលិតផលក្នុងស្រុកសរុប (GDP) កាលពីថ្ងៃអង្គារ ដែលបង្ហាញពីកំណើនសេដ្ឋកិច្ចខ្លាំងជាងការរំពឹងទុកសម្រាប់ត្រីមាសទី២ ដែលជំរុញដោយការនាំចេញរថយន្ត។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនជាច្រើននៅមានការប្រុងប្រយ័ត្នចំពោះទស្សនវិស័យ ជាពិសេសជុំវិញការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសជប៉ុន។

អ្នកគ្រប់គ្រងម្នាក់របស់ក្រុមហ៊ុនផលិតសេរ៉ាមិចឧស្សាហកម្មបានសរសេរថា “ការធ្លាក់ចុះនៃតម្រូវការអាជីវកម្មទាក់ទងនឹងបន្ទះឈីប និងការធ្លាក់ចុះនៃទីផ្សារចិនសម្រាប់គ្រឿងបន្លាស់រថយន្ត និងផលិតផលដែលទាក់ទងនឹងបរិស្ថានកំពុងបន្ត”។
អ្នកគ្រប់គ្រងរូបនោះបានបន្ថែមទៀតថា “ការបញ្ជាទិញទំនិញផលិតកម្មកំពុងធ្លាក់ចុះ ដោយសារតែការថយចុះនៃតម្រូវការសម្រាប់ការចំណាយមូលធន ស្របពេលដែលសេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងមានភាពមិនច្បាស់លាស់”៕