ដោយ: គង់ លាងហួរ
អន្តរជាតិ: គម្រោងសំណង់អគារខ្ពស់កប់ពពក Busan Lotte Tower ដែលត្រូវបានពន្យារពេលអស់ជាយូរមកហើយនោះ បានចាប់ផ្តើមពិធីបើកការដ្ឋានសាងសង់ នៅទីក្រុងBusan កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។
Lotte Shopping ដែលជាសាខាលក់រាយរបស់ក្រុមហ៊ុន Lotte Group បានរៀបចំពិធីបើកការដ្ឋានសាងសង់អគារនេះ ដែលមានកំពស់៦៧ជាន់ ស្មើនឹង៣៤២,៥ម៉ែត្រ ដែលនឹងត្រូវសាងសង់នៅលើទីតាំងអតីតសាលាក្រុង Busan នៅឆ្នាំ២០២៦។
-->

Busan Lotte Tower នឹងក្លាយទៅជាអគារខ្ពស់ជាងគេបំផុតទី៣របស់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីអគារLotte World Tower ដែលមានកំពស់៥៥៥ម៉ែត្រ ស្ថិតនៅភាគខាងត្បូងទីក្រុងសេអ៊ូល និងអគារ LCT Landmark Tower កំពស់៤១១ម៉ែត្រនៅទីក្រុងប៊ូសាន។
ការបើកការដ្ឋានសាងសង់ បានធ្វើឡើងប្រហែល២០ឆ្នាំ បន្ទាប់ពីគម្រោងនេះ ត្រូវបានប្រកាសជាលើកដំបូង។ Lotte Shopping បានទទួលលិខិតអនុញ្ញាតសាងសង់ហាងLotte Department Store នៅទីតាំងនោះក្នុងឆ្នាំ២០០០ ក្នុងលក្ខខណ្ឌដែលក្រុមហ៊ុននេះ ក៏ត្រូវសាងសង់អគារ Busan Lotte Tower នៅទីនោះផងដែរ។

ទោះជាយ៉ាងនេះក្តី ដោយសារតែការសាងសង់អគារខ្ពស់កប់ពពកនេះ មិនបានបង្ហាញអំពីវឌ្ឍនភាពណាមួយសោះ រដ្ឋបាលក្រុងប៊ូសានបានបដិសេធ មិនបន្តលិខិតអនុញ្ញាតប្រតិបត្តិការ ជាបណ្តោះអាសន្ន សម្រាប់ហាងទំនិញកាលពីឆ្នាំមុន។
ក្រុមហ៊ុន Lotte Shopping បានបញ្ជាក់ថា អគារខ្ពស់កប់ពពកនេះ នឹងបង្ហាញនូវកន្លែងទាក់ទាញទេសចរណ៍ជាច្រើន រួមជាមួយនឹងទិដ្ឋភាពទីក្រុង៣៦០ដឺក្រេ និងអគារផ្សារទំនើបដែលមានហាងទំនើបប្លែកៗ និងអាចទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងបរទេស៕