Hattha top Banner

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានវៀតណាមផ្ដល់ការបង់រំលស់គ្មានការប្រាក់ជិត១០ឆ្នាំដើម្បីទាក់ទាញអ្នកទិញ

0

ដោយៈ តែម សុខុម

ហាណូយ: ដើម្បីជំរុញតម្រូវការឱ្យកើនឡើង ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានមួយចំនួន ក្នុងប្រទេសវៀតណាម កំពុងផ្តល់ប្រូម៉ូសិនមហាពិសេសជាមួយការបង់រំលស់ គ្មានការប្រាក់រហូតដល់៨ឆ្នាំ ដើម្បីទាក់ទាញអ្នកទិញផ្ទះ ជំនួសឱ្យការរំលស់គ្មានការប្រាក់ជាធម្មតាពី១ទៅ២ឆ្នាំ។

តួយ៉ាង ក្រុមហ៊ុនអភិវឌ្ឍន៍មួយ កំពុងលក់អាផាតម៉ិននៅភាគខាងកើតទីក្រុងហាណូយ ជាមួយនឹងលក្ខខណ្ឌឱ្យអ្នកទិញបង់រំលស់ដោយគ្មានការប្រាក់ ចាប់ពីពេលនេះរហូតដល់ខែសីហា ឆ្នាំ២០៣១។ នេះបើយោងតាមសារព័ត៌មាន VN Express ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា។

ជាធម្មតាប្រាក់កម្ចីទិញផ្ទះ គ្របដណ្ដប់ចន្លោះពី៤៥% ទៅ៧០% នៃតម្លៃសរុបរបស់អាផាតម៉ិន ដោយអាស្រ័យលើទំហំផ្ទះ និងពេលវេលាប្រគល់ផ្ទះ។

ក្រុមហ៊ុនអភិវឌ្ឍន៍នេះ ក៏បានសន្យាជាមួយអ្នកទិញដែរថា អាផាតម៉ិន ដែលពួកគេទិញនឹងអាចដាក់ជួលបាន ក្នុងអត្រា១២,៥%ក្នុងមួយឆ្នាំៗ។

ក្រុមហ៊ុនអភិវឌ្ឍន៍មួយទៀត នៅក្រុងហូជីមិញបាននិយាយថា អ្នកទិញអាចចូលស្នាក់នៅ ឬជួលអាផាតម៉ិនរបស់ពួកគេបាន បន្ទាប់ពីបង់ប្រាក់មុនត្រឹមតែ៣០% ហើយនៅសល់ប៉ុន្មានបង់រំលស់ក្នុងរយៈពេល១៨ខែ។

គម្រោងអាផាតម៉ិនមួយនៅទីក្រុងធូ ដាវ ម៉ូត (Thu Dau Mot) ក្នុងខេត្តប៊ិញ ឌួង (Binh Duong) កំពុងផ្តល់ប្រូម៉ូសិនស្រដៀងគ្នា ប្រសិនបើអ្នកទិញបង់ប្រាក់ដំបូង២០%នៃតម្លៃផ្ទះ។

នៅក្នុងរបាយការណ៍ថ្មីបំផុតរបស់ខ្លួន សមាគមភ្នាក់ងារអចលនវត្ថុវៀតណាម និយាយថា គម្រោងអាផាតម៉ិនមួយចំនួនរបស់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ល្បីឈ្មោះ បានផ្ដល់ប្រូម៉ូសិនដ៏ទាក់ទាញផ្សេងៗគ្នាដែលបានជួយជំរុញឱ្យការកក់ផ្ទះ ពីសំណាក់អតិថិជនកើនឡើង។

ទោះជាយ៉ាងណា ក្រសួងសំណង់របស់វៀតណាម និយាយថា ចំនួនអាផាតម៉ិន និងលំនៅឋាន ដែលបានលក់ក្នុងត្រីមាសទី២ ដើមឆ្នាំ២០២៣ បានធ្លាក់ចុះ៥០%ធៀបនឹងឆ្នាំ និង២៥%ធៀបនឹងត្រីមាស។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers Vietnam លើកឡើងថា តម្លៃលំនៅឋានក្នុងប្រទេសវៀតណាម នៅតែខ្ពស់ខ្លាំងពេកដែលពលរដ្ឋវៀតណាម ជាច្រើនគ្មានលទ្ធភាពទិញ។

ក្រុមហ៊ុនប្រឹក្សាយោបល់ និងអ្នកជំនាញជាច្រើនជឿថា ទីផ្សារអចលនទ្រព្យវៀតណាម នឹងមិនងើបឡើងវិញក្នុងឆមាសទី២ ចុងឆ្នាំនេះឡើយ៕ VN Express៕

LEAVE A REPLY

Please enter your comment!
Please enter your name here