ដោយ: គង់ លាងហួរ
សេអ៊ូល: ក្រុមនិយតករហិរញ្ញវត្ថុកូរ៉េបានឱ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងត្បូងនឹងពង្រីកការគាំទ្រផ្នែកហិរញ្ញប្បទានដល់ក្រុមហ៊ុននាំចេញប្រមាណ៥០ភាគរយបន្ថែមទៀតនៅឆ្នាំនេះ ដើម្បីជំរុញការនាំចេញ ស្របពេលមានតម្រូវការធ្លាក់ចុះជាបន្តបន្ទាប់។
គណៈកម្មការសេវាកម្មហិរញ្ញវត្ថុ (FSC) បាននិយាយថា ខ្លួននឹងផ្តល់ជំនួយហិរញ្ញវត្ថុសរុបចំនួន២៣ពាន់ពាន់លានវ៉ុន (ប្រហែល១៧,២ពាន់លានដុល្លារ) សម្រាប់អ្នកនាំចេញតាមរយៈធនាគារសាធារណៈ និងឯកជនចាប់ពីខែកញ្ញា បូករួមជាមួយនឹងវិធានការផ្សេងទៀតដើម្បីសម្រួលការលំបាករបស់ពួកគេ។
-->
FSC បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទឹកប្រាក់ចំនួន២៣ពាន់ពាន់លានវ៉ុននេះគឺបូកបន្ថែមពីលើការគាំទ្រផ្នែកហិរញ្ញវត្ថុចំនួន៤១ពាន់ពាន់លានវ៉ុន ដែលបានផ្តល់រួចមកហើយតាមរយៈមូលនិធិគោលនយោបាយ។
វិធានការជាក់លាក់រួមមានដូចជា ការពង្រីកឥណទាន ការកាត់បន្ថយថ្លៃដើមលើប្រាក់កម្ចីសម្រាប់ក្រុមហ៊ុនដែលចូលទៅទីផ្សារថ្មី និងបង្កើតការវិនិយោគនៅក្នុងឧស្សាហកម្មសំខាន់ៗដូចជា បន្ទះ semiconductor ថ្មដែលអាចសាកឡើងវិញបាន ជីវឱសថ និងថាមពលនុយក្លេអ៊ែរ។
FSC បានអះអាងថា វិធានការទាំងនេះមានគោលបំណង ក្នុងការគាំទ្រដល់ការងើបឡើងវិញនៃការនាំចេញ ក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវភាពអាចប្រកួតប្រជែងរបស់ក្រុមហ៊ុននាំចេញក្នុងរយៈពេលកណ្តាល និងរយៈពេលវែង ដោយលើកឡើងពីលក្ខខណ្ឌលំបាកដែលពួកគេកំពុងប្រឈមមុខ ដោយសារបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់។
ជាក់ស្តែង ការនាំចេញរបស់កូរ៉េខាងត្បូងបានដាំក្បាលចុះក្នុងរយៈពេល១០ខែជាប់ៗគ្នា គិតត្រឹមខែកក្កដា ហើយក្នុងល្បឿនដ៏លឿនបំផុតក្នុងរយៈពេលជាង៣ឆ្នាំ ដោយបង្កើនការព្រួយបារម្ភថា ការធ្លាក់ចុះអាចបន្តអូសបន្លាយពេលយូរជាងការរំពឹងទុក ដោយសារតម្រូវការធ្លាក់ចុះ៕