តើវិបត្តិ​អចលន​ទ្រព្យ​នៅប្រទេសចិន​មានស្ថានភាពអាក្រក់​ប៉ុណ្ណា ហើយរដ្ឋាភិបាលកណ្តាលនឹងធ្វើអន្តរាគមន៍ដែរទេ?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: វិបត្តិបំណុលនៅក្រុមហ៊ុន Country Garden ដែលជាអ្នកអភិវឌ្ឍអចលនទ្រព្យដ៏ធំបំផុតរបស់ប្រទេសចិន បានបង្កឱ្យមានការភ័យខ្លាចចំពោះការឆ្លងរាលដាលជាថ្មី បន្ទាប់ពីក្រុមហ៊ុន China Evergrande Group បានខកខានសងបំណុលកាលពី២ឆ្នាំមុន។

តើអាចមានអ្វីអាចកើតឡើងបន្ទាប់?

ចាប់តាំងពីវិបត្តិបំណុលក្នុងវិស័យអចលនទ្រព្យបានផ្ទុះឡើងនៅពាក់កណ្តាលឆ្នាំ២០២១ ក្រុមហ៊ុននានា ដែលគ្របដណ្តប់៤០%នៃការលក់ផ្ទះរបស់ប្រទេសចិនបានខកខានសងបំណុល ដែលភាគច្រើនជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យឯកជន។

ដោយសារតែការលក់ផ្ទះដាំក្បាលចុះយ៉ាងខ្លាំង វិបត្តិបំណុលអាចពន្យារការរំពឹងទុកនៃការងើបឡើងវិញក្នុងទីផ្សារអចលនទ្រព្យ  ខណៈវិស័យអចលនទ្រព្យគឺជាសសរស្តម្ភស្នូលនៃសេដ្ឋកិច្ចចិន។

ក្រុមហ៊ុន S&P Global Rating បានបញ្ជាក់កាលពីថ្ងៃពុធ ទី១៧ សីហា ថា ក្រុមហ៊ុនអាចកែសម្រួលការព្យាកររបស់ខ្លួនសម្រាប់ការលក់អចលនទ្រព្យទៅជាតួលេខ “ជណ្តើរចុះក្រោម” ពីការងើបឡើងវិញរាងជាអក្សរ “L” ប្រសិនបើក្រុមហ៊ុន Country Garden ខកខានសងបំណុលជាផ្លូវការ។

លើសពីនេះ អ្នកទិញផ្ទះនឹងកាន់តែមានការប្រុងប្រយ័ត្នចំពោះយីហោរបស់អ្នកអភិវឌ្ឍន៍ឯកជន ហើយតម្លៃផ្ទះនៅក្នុងតំបន់ជាច្រើនអាចស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំង ប្រសិនបើ Country Garden ងាកទៅរកការលក់ផ្ទះថោកៗដើម្បីប្រមូលប្រាក់សងបំណុល។

តើបញ្ហាហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Country Garden នៅពេលនេះខុសគ្នាយ៉ាងណាជាមួយក្រុមហ៊ុន Evergrande កាលពីលើកមុន?

ការធ្លាក់ចូលក្នុងបញ្ហាហិរញ្ញវត្ថុភ្លាមៗរបស់ក្រុមហ៊ុន Country Garden មិនបានធ្វើឱ្យទីផ្សារភ្ញាក់ផ្អើលខ្លាំងដូចក្រុមហ៊ុន Evergrande ទេ ពីព្រោះអ្នកអភិវឌ្ឍឯកជនភាគច្រើនបានខកខានសងបំណុលគេរួចមកហើយ។  ទោះជាយ៉ាងនេះក្តី បញ្ហានេះបានលេចឡើងស្របពេលដែលទីផ្សារអចលនទ្រព្យ និងសេដ្ឋកិច្ចស្ថិតក្នុងស្ថានភាពកាន់តែអាក្រក់ទៅៗ។

តើរដ្ឋាភិបាលកណ្តាលនឹងធ្វើអន្តរាគមន៍ដែរទេ?

តាមរយៈការិយាល័យនយោបាយរបស់ប្រទេសចិន ដែលជាស្ថាប័នធ្វើសេចក្តីសម្រេចចិត្តកំពូលនៃបក្សកុម្មុយនិស្តចិន ដែលកំពុងកាន់អំណាច បានជំរុញឱ្យមានការរំពឹងទុកថា វិធានការជំរុញបន្ថែមទៀតគឺជិតមកដល់ហើយ។

ទន្ទឹមគ្នានេះ អ្នកវិភាគជាច្រើនសង្ឃឹមថា ទីក្រុងប៉េកាំងនឹងដាក់ចេញនូវវិធានការណ៍យ៉ាងខ្លាំងក្លានៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីទប់ស្កាត់ស្ថានភាព​មួយ ដែល​អាចវិវឌ្ឍកាន់តែ​អាក្រក់​ទៅៗ​យ៉ាង​ឆាប់​រហ័ស និងពិបាក​ក្នុង​ការ​គ្រប់គ្រងបាន។

ទោះជាយ៉ាងណាក្តី អ្នកវិភាគមួយចំនួនបានចោទសួរអំពីឧបករណ៍ដែលទីក្រុងប៉េកាំងអាចប្រើប្រាស់បាន ក្នុងការរក្សាឱ្យបាននូវតុល្យភាពរវាងការផ្តល់ជំនួយដល់ទីផ្សារលំនៅដ្ឋាន និងការរក្សាបំណុលឱ្យស្ថិតក្រោមការគ្រប់គ្រង៕

LEAVE A REPLY

Please enter your comment!
Please enter your name here