គោលនយោបាយផ្តល់ទិដ្ឋាការឥតគិតថ្លៃរបស់រដ្ឋាភិបាលថៃនឹងជំរុញការលក់ខុនដូ

0

ដោយ: គង់ លាងហួរ

បាងកក: មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) បានរាយការណ៍ថា គោលនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ស្រេតថា ថាវីស៊ីន ក្នុងការផ្តល់ទិដ្ឋាការដោយឥតគិតថ្លៃជូនដល់ភ្ញៀវទេសចរចិន និងឥណ្ឌា នឹងជួយជំរុញការលក់ខុនដូ។

លោក Wichai Wiratkapan នាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) រំពឹងថា វិស័យអចលនទ្រព្យថៃនឹងងើបឡើងវិញបន្តិចពីការថយចុះនៃសេដ្ឋកិច្ច និងបទប្បញ្ញត្តិរបស់ស្ថាប័នហិរញ្ញវត្ថុដ៏តឹងរឹងលើការខ្ចីប្រាក់។

លោកបានបន្តថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចដ៏យឺតយ៉ាវ ការដំឡើងអត្រាការប្រាក់ និងកំណើនបំណុលគ្រួសារធៀបទៅនឹងសមាមាត្រផលិតផលក្នុងស្រុកសរុប ស្ថិតក្នុងចំណោមកត្តាជាច្រើនផ្សេងៗទៀត ដែលបានជះផលប៉ះពាល់ដល់តម្រូវការ និងការផ្គត់ផ្គង់ក្នុងរយៈពេលពីរត្រីមាសកន្លងមក។

លោក​បាន​ណែនាំ​ឱ្យរដ្ឋាភិបាល​ដាក់​ចេញ​វិធានការ​ជំរុញ​ការ​លក់​អចលនទ្រព្យ ដូចជា​វិធានការ​កម្ចី​ធៀបទៅ​នឹងតម្លៃ (LTV) បង្កើន​កូតា​សម្រាប់​ម្ចាស់​ខុនដូ​បរទេស និង​អនុញ្ញាត​ឲ្យ​វិស័យ​ឯកជន​ទិញ​អចលនទ្រព្យ​មកវិញ​។

លោក​ក៏​រំពឹង​ផងដែរថា​ គោលនយោបាយ​របស់​លោក​ ស្រេតថា ក្នុងការផ្តល់​ទិដ្ឋាការ​ដោយ​ឥត​គិតថ្លៃ​ដល់​ភ្ញៀវ​ទេសចរ​ចិន​ និង​ឥណ្ឌា​នឹងជួយបង្កើន​ការ​លក់​ខុន​ដូ​។

លោក​បាន​បន្ថែមថា វិធានការ​ច្បាស់លាស់​ដើម្បី​ជំរុញ​ការ​លក់​អចលន​ទ្រព្យ​គឺ​ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល។

លោក Surachet Kongcheep នាយកគ្រប់គ្រងក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Property DNA បានមានប្រសាសន៍ថា ជនបរទេសនៅតែមានតម្រូវការខុនដូខ្លាំងនៅក្នុងប្រទេសថៃ ហើយការលក់ទំនងជាកើនឡើង។

យោងតាម ​​REIC បានឱ្យដឹងថា ការផ្ទេរកម្មសិទ្ធិខុនដូទៅឱ្យជនបរទេសសម្រាប់គោលបំណងរស់នៅ និងការវិនិយោគបានងើបឡើងវិញដល់កម្រិតរយៈពេលមុនផ្ទុះជំងឺរាតត្បាតហើយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here