បញ្ហាសេដ្ឋកិច្ចចិន នឹងជះផលប៉ះពាល់ដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន

0

ដោយ: គង់ លាងហួរ
តូក្យូ: ក្រុមអ្នកបង្កើតគោលនយោបាយនៅទីក្រុងតូក្យូជឿជាក់ថា បញ្ហាសេដ្ឋកិច្ចរបស់ចិនអាចជះផលប៉ះពាល់ដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចដ៏ផុយស្រួយរបស់ប្រទេសជប៉ុន ជាពិសេសប្រសិនបើ ទីក្រុងប៉េកាំងបរាជ័យក្នុងការជំរុញតម្រូវការ។

ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចចិននឹងធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ដែលពឹងផ្អែកខ្លាំងទៅលើការនាំចេញ ទទួលបានការគាំទ្រពីខាងក្រៅតិចតួច ខណៈការដំឡើងអត្រាការប្រាក់ដោយធនាគារកណ្តាលបានធ្វើឱ្យកំណើនសេដ្ឋកិច្ចអាមេរិកមានការថយចុះ។

យោងតាមប្រភពចំនួន៥ ដែលយល់ដឹងអំពីការគិតរបស់ធនាគារកណ្តាលជប៉ុនបានឱ្យដឹងថា ហានិភ័យពីប្រទេសចិននឹងស្ថិតក្នុងចំណោមប្រធានបទសំខាន់ៗ ដែលត្រូវលើកមកជជែកដេញដោលគ្នានៅក្នុងកិច្ចប្រជុំគោលនយោបាយប្រចាំខែកញ្ញារបស់ធនាគារកណ្តាលជប៉ុន។

យោងតាមប្រភពមួយដែលបានទម្លាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយសារភាពរសើបនៃបញ្ហានេះ បានឱ្យដឹងថា “អ្វីដែលកំពុងកើតឡើងនៅប្រទេសចិនគឺជាការព្រួយបារម្ភ ហើយវាអាចនឹងប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ”។ ប្រភពមួយផ្សេងទៀតបានបង្ហើបថា “ការធ្លាក់ចុះនៃសេដ្ឋកិច្ចចិនអាចកាត់បន្ថយឱកាសរបស់ប្រទេសជប៉ុនក្នុងការសម្រេចបាននូវកំណើនប្រាក់ឈ្នួលប្រកបដោយនិរន្តរភាព ដែលជាលក្ខខណ្ឌសំខាន់មួយដើម្បីបញ្ឈប់ការជំរុញរូបិយវត្ថុបន្តិចម្តងៗ”។

ទន្ទឹមគ្នានេះ រដ្ឋាភិបាលជប៉ុនក៏បានលើកឡើងផងដែរនូវរបាយការណ៍សេដ្ឋកិច្ចប្រចាំខែរបស់ខ្លួនសម្រាប់ខែសីហា ដែលបញ្ជាក់ថា “ការព្រួយបារម្ភជុំវិញទស្សនវិស័យរបស់ប្រទេសចិនស្ថិតក្នុងចំណោមហានិភ័យចំពោះការស្ទុះងើបឡើងវិញរបស់ប្រទេសជប៉ុន”។ មន្ត្រីរដ្ឋាភិបាលជប៉ុនជាន់ខ្ពស់ម្នាក់បានបញ្ជាក់ប្រាប់សារពត៌មាន Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយសារតែភាពរសើបនៃបញ្ហានេះថា “ប្រទេសចិនគឺចប់ហើយ ហើយខ្ញុំគិតថា សេដ្ឋកិច្ចចិននឹងមិនអាចវិលមករកអត្រាកំណើន៥ភាគរយវិញនោះទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here