ដោយ៖ គង់ ម៉ាលីន
ភ្នំពេញ៖ ក្រុមហ៊ុន Tianjin Union Development Group (TUDG) បាននិងកំពុងពន្លឿនការវិនិយោគ ព្រលានយន្តហៅអន្តរជាតិខេត្តកោះកុង ស្ថិតនៅដែនមហាសាគរកម្ពុជា។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សិរីវុត្ថាបានថ្លែងឲ្យដឹងនាព្រឹកថ្ងៃទី២៨ វិច្ឆិកានេះថា ភាគីក្រុមហ៊ុនសាងសង់ព្រលានយន្តហោះនេះបានមកជួបជាមួយមន្ត្រីជំនាញ និងមន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលចំនួនពីរលើកមកហើយ ដើម្បីបង្ហាញពីគំរោងរបស់ពួកគេ និងសកម្មភាពនៃការចាប់ផ្តើមគំរោងនេះ។ លោកបន្តថា ព្រលានយន្តហោះនេះសាងសង់លឿន ឬយឺតអាស្រ័យលើល្បឿន នៃការអភិវឌ្ឍន៍រមណីយដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ពួកគេនៅក្នុងស្រុកថ្មបាំង និបុទុមសាគរក្នុងខេត្តកោះកុង។
-->

ក្រុមហ៊ុន Tianjin Union Development Group បានទទួលដីសម្បទានពីរដ្ឋាភិបាលជាង៥ម៉ឺនហិកតា ដែលគ្របដណ្តប់ស្រុកស្រុកពីររបស់ខេត្តកោះកុង ជាអ្នកសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនេះ។ ក្រុមហ៊ុននេះគ្រោងបោះទុនវិនិយោគប្រមាណ ៥០០០លានដុល្លារអាមេរិក។
លោកស៊ិន ចាន់សិរីវុត្ថាបានបន្តថា សកម្មភាពឈូសឆាយទីតាំងសាងសង់ ព្រលានយន្តហោះអន្តរជាតិថ្មីនេះ បានចាប់ផ្តើមតាំងពីដើមឆ្នាំនេះ ប៉ុន្តែសកម្មភា ពហាក់មានភាពយឺតៗ ដោយសាររដូវភ្លៀង ប៉ុន្តែនៅពេលបញ្ចប់រដូវភ្លៀងសកម្មភាពនៃការសាងសង់នឹងត្រូវពន្លឿនហើយ។
ទោះជាយ៉ាងណាតាមព៌តមានរបស់ក្រុមហ៊ុននេះ នាពេលកន្លងមកបានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជាបានអនុម័ត នូវគំរោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ដែលវិនិយោគដោយក្រុមហ៊ុន Tianjin Union Development Group ជាក្រុមហ៊ុនដែលបាន និងកំពុងវិនិយោគលើរមណីយដ្ឋានទេសចរណ៍លំដាប់អន្តរជាតិនៅខេត្តកោះកុង។
តំណាងក្រុមហ៊ុនTainjin Union Development Group លោកស្រីប៊ែលឡា ហ្សាងធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា ការធ្វើផែមការសាងសង់ព្រលានយន្តហោះលំដាប់អន្តរជាតិនេះ បានបញ្ចប់ហើយ និងកំពុងត្រៀមរៀបចំផែនការដើម្បីធ្វើការសាងសង់។ ព្រលានយន្តហោះនេះ អាចទទួលអ្នកដំណើរបាន១០លាននាក់ក្នុងមួយឆ្នាំ និងអាចចុះចតយន្តហោះខ្នាតធំBoing៣៨០ ហើយក្រុមហ៊ុនបានធ្វើការសិក្សាពីភូមិសាស្ត្រ និងកំណត់ទីតាំងសម្រាប់ព្រលានយន្តហោះនេះរួចហើយ។
តាមព៌តមានរបស់ក្រុមហ៊ុនដដែលនេះបានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងដំណើរការគំរោងរមណីយដ្ឋាន លំដាប់ប្រណីតនៅខេត្តកោះកុងរួចហើយ ដែលរួមមានសណ្ឋាគារលំដាប់ផ្កាយ៥ភោជនីយដ្ឋាន ទីលានវាយកូនហ្គោលលំដាប់អន្តរជាតិជាដើម។

ទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជាលោកហូ វណ្ឌីបានថ្លែងថា ការមានព្រលានយន្តហោះថ្មីមួយទៀត នឹងហុចសក្តានុពលសម្រាប់វិស័យអាកាសចរណ៍នៅកម្ពុជា ជាពិសេសផ្តល់ឲ្យមានជម្រើសកាន់តែច្រើនថែមទៀត សម្រាប់ក្រុមហ៊ុនអាកាសចរណ៍នានា ដែលអាចហោះហើរត្រង់មកកម្ពុជា ហើយប្រសិនជាព្រលានថ្មីនេះមានស្តង់ដាអន្តរជាតិ វានឹងអាចទាក់ទាញក្រុមហ៊ុនអាកាសចរណ៍មកពីប្រទេសថៃ និងខេត្តរបស់ថៃដែលជាប់នឹងកម្ពុជា អាចភ្ជាប់បណ្តាញហោះហើរទៅវិញទៅមក។
លោកបន្តថា “ខ្ញុំស្វាគមន៍គំរោងវិនិយោគដ៏ល្អនេះ ដែលវានឹងជួយជំរុញកំនើនសេដ្ឋកិច្ច និងទាក់ទាញទេសចរណ៍មកទស្សនាកម្ពុជា កាន់តែច្រើនថែមទៀត។
ការវិនិយោគនេះជាផ្នែកមួយនៃវិថីសូត្រ ខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ប្រទេសចិន មកកម្ពុជា ដែលរដ្ឋាភិបាលប្រទេសទាំងពីរ បានគាំទ្រគ្នាទៅវិញទៅមក ហើយកម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរណ៍ចិន២លាននាក់នៅឆ្នាំ២០២០ខាងមុខនេះ៕