អត្រាការប្រាក់លើប្រាក់កម្ចីទិញផ្ទះនៅសហរដ្ឋអាមេរិកធ្លាក់ចុះ បន្ទាប់ពីកើនឡើងរយៈពេល៥សប្តាហ៍ជាប់ៗគ្នា

0

ដោយ: គង់ លាងហួរ

វ៉ាស៊ីនតោន: អត្រាការប្រាក់កម្ចីទិញផ្ទះនៅសហរដ្ឋអាមេរិកបានបន្តធ្លាក់ចុះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្រោយពីកើនឡើងរយៈពេល៥សប្តាហ៍ជាប់ៗគ្នា ប៉ុន្តែវានៅតែស្ថិតលើសពីកម្រិត៧% ស្របពេលបញ្ហាអត្រាអតិផរណាកំពុងបន្ត។

អត្រាការប្រាក់លើកម្ចីទិញផ្ទះថេររយៈពេល៣០ឆ្នាំស្ថិតក្នុងរង្វង់ជាមធ្យម៧,១% ក្នុងសប្តាហ៍ ដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែសីហា ពោលគឺធ្លាក់ចុះពីអត្រា៧,២៣%។នេះបើយោងតាមទិន្នន័យចេញផ្សាយដោយក្រុមហ៊ុនហិរញ្ញវត្ថុ Freddie Mac។

លោក Sam Khater ប្រធានសេដ្ឋវិទូរបស់ក្រុមហ៊ុន Freddie Mac បានលើកឡើងថា “ភាពប្រែប្រួលនាពេលថ្មីៗនេះធ្វើឱ្យយើងពិបាកក្នុងការព្យាករថា តើអត្រានេះនឹងឆ្ពោះទៅណាបន្ទាប់ទៀត ប៉ុន្តែយើងគួរតែមានរង្វាស់ប្រសើរជាងមុនមួយនៅក្នុងខែកញ្ញានេះ ដោយសារធនាគារកណ្តាលអាមេរិក Federal Reserve នឹងកំណត់ជំហានបន្ទាប់របស់ខ្លួនទាក់ទងនឹងការដំឡើងអត្រាការប្រាក់”។

អត្រាការប្រាក់កម្ចីទិញផ្ទះបានកើនឡើងក្នុងកំឡុងពេលយុទ្ធនាការទប់ស្កាត់អតិផរណាជាប្រវត្តិសាស្ត្ររបស់ធនាគារកណ្តាលអាមេរិក (Fed) ដោយបានធ្វើឱ្យលទ្ធភាពទិញផ្ទះធ្លាក់ដល់កម្រិតទាបបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជិត៤ទសវត្សរ៍មកនេះ។

អត្រាអតិផរណានៅអាមេរិកនៅតែស្ថិតលើសពីគោលដៅក្នុងរង្វង់២% របស់ធនាគារ Fed ដែលមូលហេតុនេះបានបន្តជំរុញឱ្យមានការដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់។

ជាមួយគ្នានេះ ទីផ្សារមូលបត្របំណុលកំពុងមានក្តីព្រួយបារម្ភថា ការទប់ទល់អតិផរណាអាចតម្រូវឱ្យមានការដំឡើងអត្រាការប្រាក់បន្ថែមទៀត ខណៈធនាគារកណ្តាលអាមេរិកនៅមានកិច្ចប្រជុំគោលនយោបាយចំនួន៣ដងទៀត ដែលនៅសេសសល់សម្រាប់ឆ្នាំនេះ។

ទន្ទឹមគ្នានេះ លោក Jerome Powell ប្រធានធនាគារ Fed បានសង្កត់ធ្ងន់លើសារៈសំខាន់នៃរបាយការណ៍សន្ទស្សន៍តម្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួនស្នូល សម្រាប់ព្យាករផ្លូវអនាគតនៃការដំឡើងអត្រាការប្រាក់របស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here