Hattha top Banner

វិភាគៈការវិនិយោគរបស់ចិននៅតំបន់អាស៊ានមានទំហំធំប៉ុណ្ណា តើបញ្ហាសេដ្ឋកិច្ចចិននឹងជះផលប៉ះពាល់ដូចម្តេចមកលើតំបន់នេះ?

0

From Prof.Dr. Sang Won PARK
Founder &Chairman of Korea ASEAN Forum Association

ភ្នំពេញ: ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ តំបន់អាស៊ានបាន និងកំពុងរង់ចាំការបោះជំហានទៅមុខថ្មី ជាមួយនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចក្នុងតំបន់។ ដូច្នេះហើយ ចំណាប់អារម្មណ៍របស់ពិភពលោក នៅក្នុងតំបន់នេះ បានពង្រីកយ៉ាងឆាប់រហ័ស ហើយសកម្មភាពវិនិយោគផ្ទាល់ពីបរទេសគឺមានភាពសកម្មបំផុត។

បើក្រឡេកមើលចំនួនសរុបនៃលំហូរ FDI នៅទូទាំងពិភពលោក គេបានរកឃើញថា ផលវិបាកនៃជំងឺកូវីដ១៩ បានធ្វើឱ្យលំហូរ FDI សកលធ្លាក់ចុះពី១,៤៧៨ទ្រីលានដុល្លារ ក្នុងឆ្នាំ២០២១ ដល់១,២៩៥ពាន់ពាន់លានដុល្លារក្នុងឆ្នាំ២០២២។ នេះបើយោងតាមរបាយ​ការណ៍វិនិយោគពិភពលោក ឆ្នាំ២០២៣របស់អង្គការ UNCTAD។ ទោះជាយ៉ាងណាក្តី លំហូរ FDI ចូលទៅកាន់តំបន់អាស៊ានបានកើនឡើងបន្តិចពី២១៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១ ដល់២២៣ពាន់លានដុល្លារក្នុងឆ្នាំ២០២២។បើគិតពីចំនួនគម្រោងវិនិយោគ បានកើនឡើង១៣,៩% ពី១៧.៧០១ ក្នុងឆ្នាំ២០២១ ដល់២០.១៦២ ក្នុងឆ្នាំ២០២២។ ទោះជាយ៉ាងណាក៏ដោយ ចំនួននៃគម្រោងវិនិយោគ ដែលហូរចូលតំបន់អាស៊ីអាគ្នេយ៍ បានកើនឡើង៣០,៩% ពី១.០០០ក្នុងឆ្នាំ២០២១ ដល់១.៣០៩ ក្នុងឆ្នាំ២០២២។

តំបន់អាស៊ានមានចំណែក១៧,២% នៃលំហូរFDIសកលក្នុងឆ្នាំ២០២២ ហើយប្រភពលំហូរFDI កំពូលទាំង១០របស់តំបន់អាស៊ានគឺសហរដ្ឋអាមេរិក សិង្ហបុរី ហុងកុង  ជប៉ុន ចិន និងកូរ៉េខាងត្បូង តាមលំដាប់លំដោយ។លំហូរវិនិយោគផ្ទាល់ពីបរទេស ពីបណ្តាប្រទេសកំពូលទាំង១០នេះ មានទំហំទឹកប្រាក់សរុបចំនួន១០៣,៦ពាន់លានដុល្លារ ដែលស្មើនឹង៧៥,៤% នៃលំហូរ FDI សរុបរបស់តំបន់អាស៊ាន។ទន្ទឹមនឹងនេះ លំហូរFDIទាំងនេះ កំពុងរួមចំណែកដល់ការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អាស៊ាន ហើយឧស្សាហកម្ម ដែលទទួលបានអត្ថប្រយោជន៍ច្រើនជាងគេ គឺឧស្សាហកម្មធានារ៉ាប់រងហិរញ្ញវត្ថុ និងឧស្សាហកម្មផលិតកម្ម។

បណ្តាប្រទេសអាស៊ាន មានភាពងាយស្រួល ក្នុងការចូលទៅកាន់ទីផ្សារនៅតំបន់អាស៊ីធំៗ ដូចជា កូរ៉េខាងត្បូង ចិន និងជប៉ុន ហើយតម្លៃនៃការនាំចូលវត្ថុធាតុដើម សម្រាប់ផលិតផលឧស្សាហកម្មត្រូវបានកាត់បន្ថយ ដែលធ្វើឱ្យតំបន់នេះ កាន់តែមានភាពងាយស្រួលក្នុងការបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់។វិស័យផលិតកម្មអាស៊ាន ក៏កំពុងធ្វើឱ្យប្រសើរឡើង នូវខ្សែសង្វាក់តម្លៃទៅកាន់កម្រិតបន្ទាប់ផងដែរ តាមរយៈការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាឧស្សាហកម្ម 4.0។

ជាក់ស្តែង ប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងវៀតណាម បានប្រើប្រាស់ប្រព័ន្ធពង្រាងកម្រិតខ្ពស់បំផុត ក្នុងចំណោមបណ្តាប្រទេសអាស៊ានផ្សេងទៀត។  ជាមួយនឹងផែនទីផ្លូវឧស្សាហកម្មផ្ទាល់ខ្លួន និងផែនការយុទ្ធសាស្ត្រ បណ្តាប្រទេសទាំងនេះ កំពុងវិនិយោគលើវិស័យនានាដូចជា រោងចក្រឆ្លាតវៃ អ៊ីនធឺណែត វត្ថុ គ្រឿងយន្តទំនើបៗ និងកម្មវិធីកុំព្យូទ័រCloud។

ជាឧទាហរណ៍ មនុស្សយន្តជាង៦ពាន់គ្រឿង ត្រូវបានប្រើប្រាស់នៅក្នុងខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន Samsung នៅទីក្រុង Bac Ninh ប្រទេសវៀតណាម។  លើសពីនេះ ក្រុមហ៊ុន Hyundai Motor Group គ្រោងនឹងដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាAl និង Industrial Internet of Things (JoY) ទៅក្នុងដំណើរការផលិតរថយន្តរបស់ខ្លួននៅក្នុងប្រទេសសិង្ហបុរី។

ថ្មីៗនេះ និន្នាការដ៏ធំនៃចលនាមូលធន នៅក្រៅប្រទេសបាននិងកំពុងផ្លាស់ប្តូរនៅក្នុងប្រទេសចិន នេះគឺដោយសារតែការវិនិយោគនៅក្នុងប្រទេសលោកខាងលិច ដូចជា G7 របស់ប្រទេសចិនកំពុងថយចុះ ហើយថ្មីៗនេះ FDI កំពុងហូរចូលទៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់អាមេរិកឡាទីន។

ម្យ៉ាងវិញទៀត ការវិនិយោគក្នុងប្រទេស G7 បានឈានដល់ទឹកប្រាក់៨៤ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងពាក់កណ្តាលនៃការ  វិនិយោគនៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៦ ប៉ុន្តែវាធ្លាក់ចុះយ៉ាងឆាប់រហ័ស មកត្រឹម៧,៥ពាន់លានដុល្លារវិញក្នុងឆ្នាំ២០២២។

ជាក់ស្តែង លំហូរFDI របស់ប្រទេសចិន មានត្រឹមតែ២៧ពាន់លានដុល្លារប៉ុណ្ណោះ ក្នុងឆ្នាំ២០០២ ប៉ុន្តែវាបានកើនឡើងយ៉ាងខ្លាំងដល់៥៥៩,១ពាន់លានដុល្លារ ក្នុងឆ្នាំ២០០៨ ក្នុងអំឡុងពេលមានវិបត្តិហិរញ្ញវត្ថុពិភពលោក។

ចាប់តាំងពីពេលនោះមក ការវិនិយោគផ្ទាល់ពីបរទេសរបស់ចិនបានកើនឡើងដល់ ទំហំទឹកប្រាក់១,៩៦១៥ពាន់ពាន់លានដុល្លារក្នុងឆ្នាំ២០១៦។

ប៉ុន្តែដោយសារតែផលវិបាកនៃកូវីដ និងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងទំនាក់ទំនងអន្តរជាតិ ទំហំនៃការវិនិយោគផ្ទាល់ពីក្រៅប្រទេសបានថយចុះជាបណ្តោះអាសន្ន មកត្រឹម១៣៦,៩ពាន់លានដុល្លារក្នុងឆ្នាំ២០១៩ ជាពិសេស ស្របពេលដែលគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) របស់ប្រទេសចិន បានឈានចូលដល់ដំណាក់កាលអនុវត្តនៅឆ្នាំ២០១៩។

ចលនាមូលធននៅក្រៅប្រទេស បានចាប់ផ្តើមកើនឡើងតាមលំដាប់លំដោយ ដោយផ្តើមពីប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី សហព័ន្ធរុស្ស៊ី សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ម៉ាឡេស៊ី អារ៉ាប់រួម កាហ្សាក់ស្ថានថៃ វៀតណាម និងកម្ពុជា។

ទន្ទឹមនឹងនេះ ការវិនិយោគនៅក្រៅប្រទេស ដើម្បីធានាបាននូវខ្សែសង្វាក់ផ្គត់ផ្គង់សំខាន់ៗ នៅតំបន់អាស៊ីអាគ្នេយ៍ និងអាមេរិកឡាទីន បានចាប់ផ្តើមកើនឡើងវិញយ៉ាងឆាប់រហ័ស។ចំណែកការវិនិយោគរបស់ចិន ក្នុងតំបន់អាស៊ានមានសកម្ម​ភាពយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយកើនឡើងប្រហែល៦៥% ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។

ក្នុងអំឡុងឆ្នាំ២០១១-២០១៥ លំហូរវិនិយោគផ្ទាល់របស់ចិនចូលមកកាន់តំបន់អាស៊ាន មានទំហំទឹកប្រាក់ជាមធ្យមចំនួន៦,៩ពាន់លានដុល្លារ  ហើយចំណែកភាគហ៊ុនរបស់ចិន ក្នុងតំបន់អាស៊ានបានកើនឡើងដល់១១,៥ពាន់លានដុល្លារប្រចាំឆ្នាំ បើគិតចន្លោះពីឆ្នាំ២០១៦ដល់ឆ្នាំ២០២០។

គិតត្រឹមឆ្នាំ២០២១ ស្ថានភាពលំហូរ FDI របស់ប្រទេសចិននៅតាមបណ្តាប្រទេសអាស៊ាន ដូចជា នៅសិង្ហបុរីមានចំនួន៨,៤១ពាន់លានដុល្លារ នៅឥណ្ឌូនេស៊ីមានចំនួន៤,៣៧ពាន់លានដុល្លារ នៅវៀតណាម មានចំនួន២,២១ពាន់លានដុល្លារ នៅម៉ាឡេស៊ីមានចំនួន១,៣៤ពាន់​លាន​ដុល្លារ​ និងនៅ​ឡាវមានចំនួន១,២៨ពាន់​លាន​។

ក្នុង​ចំណោម​ក្រុមហ៊ុន​ពហុជាតិ​កំពូល​ទាំង១០០ (MNEs) ដែល​ប្រតិបត្តិការ​ក្នុង​តំបន់​អាស៊ាន ក្នុងនោះ ក្រុមហ៊ុនចិន​មាន​ចំនួន​ច្រើន​លើសលប់​រហូតដល់ទៅ៦៥ក្រុមហ៊ុន ខណៈក្រុមហ៊ុនជប៉ុនមានចំនួន២៧។ ក្រុមហ៊ុន​កូរ៉េមានចំនួន៧  និង​ក្រុមហ៊ុន​អូស្ត្រាលីមានចំនួន១។

ដោយឡែកចំពោះប្រទេសចិនវិញ ក្រុមហ៊ុនចំនួន៤៦ ក្នុងចំណោ​ម៦៥ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ ហើយវិស័យវិនិយោគស្នូលរួមមាន វិស័យអចលនទ្រព្យ សេវាកម្មអាជីវកម្ម និងសំណង់។ជាការពិត ប្រមាណ២២% នៃ​កិច្ច​សន្យា​ទាក់​ទាញ​ការ​វិនិយោគ​បរទេស​ នៅ​តំបន់អាស៊ាន​នៅចន្លោះ​ឆ្នាំ២០១៧ និង​ឆ្នាំ ២០១៩ ត្រូវ​បាន​ធ្វើ​ឡើង​ជាមួយ​ប្រទេស​ចិន ជា​ពិសេស​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ។ ក្រុមហ៊ុនចម្រុះជាតិសាសន៍របស់ចិន មានភាពលេចធ្លោយ៉ាងខ្លាំង ហើយក្រុមហ៊ុនទាំងនេះ បានប្រមូលផ្តុំគ្នាវិនិយោគនៅក្នុងវិស័យដឹកជញ្ជូន ថាមពល និងទូរគមនាគមន៍។  កិច្ចសន្យាវិនិយោគទាំងនេះភាគច្រើន ទាក់ទងនឹងអាជីវកម្មផ្លូវមួយខ្សែក្រវ៉ាត់មួយ (BRI)។

នៅក្នុងវិស័យដឹកជញ្ជូន ក្រុមហ៊ុនចិនChina Railway Group Consortium កំពុងវិនិយោគ៦ពាន់លានដុល្លារ ក្នុងគម្រោងសាងសង់ផ្លូវដែកចិន-ឡាវ ហើយក្រុមហ៊ុនដូចគ្នានេះ ក៏កំពុងដាក់ទុនវិនិយោគ៦ពាន់លានដុល្លារ ក្នុងគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនហ្សាការតា-បានឌុង របស់ប្រទេសឥណ្ឌូនេស៊ីផងដែរ។

នៅក្នុងវិស័យស្លរដែក ក្រុមហ៊ុនឧស្សាហកម្ម Jiangsu Delong Nickel របស់ប្រទេសចិន និងក្រុមហ៊ុនផ្សេងៗទៀត បានបណ្តាក់ទុនចំនួន១០,៥ពាន់លានដុល្លារ ទៅក្នុងគម្រោងរបស់ប្រទេសឥណ្ឌូណេស៊ី ដើម្បីសាងសង់រោងចក្រចម្រាញ់ដែកអ៊ីណុក។

លើសពីនេះទៀត នៅក្នុងវិស័យថាមពលកកើតឡើងវិញ ក្រុមហ៊ុនChina National Machine Industry និងក្រុមហ៊ុនផ្សេងទៀតកំពុងដាក់ទុនវិនិយោគ៣៩០លានដុល្លារ ក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុន China Tian Ying កំពុងដាក់ទុនវិនិយោគ១៩០លានដុល្លារនៅប្រទេសវៀតណាម។

ក្រុមហ៊ុនពហុជាតិរបស់ប្រទេសចិន កំពុងវិនិយោគយ៉ាងសកម្មនៅក្នុងឧស្សាហកម្មជាច្រើន រាប់ចាប់តាំងពីវិស័យអចលនទ្រព្យ និងការផលិត រហូតដល់វិស័យសេវាកម្ម ដូចជា ហិរញ្ញវត្ថុ ពាណិជ្ជកម្មលក់ដុំ និងលក់រាយ ពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល។ គិតត្រឹមឆ្នាំ២០១៩ ក្រុមហ៊ុនចិនចំនួន៥.៦០០ក្រុមហ៊ុន បាននិងកំពុងអនុវត្តគម្រោងប្រភេទ projet លំដាប់អន្តរជាតិផ្សេងៗនៅក្នុងតំបន់អាស៊ាន។

ទំហំនៃគម្រោងកិច្ចសន្យាអន្តរជាតិរបស់ចិន នៅជុំវិញពិភពលោកបានកើនឡើង៧៧,៧% ពីអត្រាជាមធ្យមប្រចាំឆ្នាំចំនួន១៤៤ពាន់លានដុល្លារ នៅចន្លោះឆ្នាំ២០១០ និងឆ្នាំ២០១២ ដល់អត្រាជាមធ្យមប្រចាំឆ្នាំ ចំនួន២៥៦ពាន់លានដុល្លារ នៅចន្លោះឆ្នាំ២០១៧ និងឆ្នាំ២០១៩។

ក្នុងចំណោមគម្រោងទាំងនោះ ការបញ្ចូលគម្រោងទៅក្នុងតំបន់អាស៊ានបានកើនឡើង១៤៧% ពីអត្រាជាមធ្យម២៣ពាន់លានដុល្លារក្នុងមួយឆ្នាំនៅចន្លោះ ឆ្នាំ២០១០ និងឆ្នាំ២០១២ ដល់អត្រាជាមធ្យម៥៥៧ពាន់លានក្នុងមួយឆ្នាំ នៅចន្លោះឆ្នាំ២០១៧ និងឆ្នាំ២០១៩ ដែលនេះសបង្ហាញឱ្យឃើញថា គម្រោងប្រភេទ Projet របស់ចិនបានកើនឡើងយ៉ាងខ្លាំង នៅក្នុងតំបន់អាស៊ានជាងបណ្តាតំបន់ផ្សេងទៀត។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនពហុជាតិរបស់ចិនភាគច្រើនកំពុងបោះទុនវិនិយោគ លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងសំណង់នៅតំបន់អាស៊ានដោយមិនមានសមធម៌។

ថ្មីៗនេះ សេដ្ឋកិច្ចចិនបានធ្លាក់ចូលវិបត្តិបរិត្តផរណា គួបផ្សំដោ​យការធ្លាក់ចុះនៃតម្លៃទំនិញ និងការធ្លាក់ចុះនៃផលិតកម្ម ឧស្សាហកម្ម ហើយសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ និងសន្ទស្សន៍តម្លៃអ្នកផលិត បានបង្ហាញសញ្ញាអវិជ្ជមាន ដោយសារតែការប្រើប្រាស់ក្នុងស្រុក ការវិនិយោគ និងការនាំចេញបានដាំក្បាលចុះ។

លើសពីនេះទៀត ភាពយ៉ាប់យ៉ឺននៃទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងចិន កំពុងបន្ថែមការលំបាក ដល់ការផ្គត់ផ្គង់សម្រាប់ផ្នែកសំខាន់ៗ និងវត្ថុធាតុដើម ដែលនេះជាកត្តាហានិភ័យរបស់ប្រទេសចិន ហើយវាកាន់តែអាចជះផលប៉ះពាល់ ដល់សេដ្ឋកិច្ចពិភពលោក។

ក្នុង​ពេល​ដំណាលគ្នា ក្រុមហ៊ុនJungneung Trust ដែលជាក្រុម​ហ៊ុ​នគ្រប់គ្រងឯកជន ដ៏ធំបំផុតរបស់ប្រទេសចិន និងក្រុមហ៊ុន Biguyuan ដែលជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេទី៥ របស់ប្រទេសចិន កំពុងស្ថិតក្នុងវិបត្តិធ្ងន់ធ្ងរ ដោយសារតែការធ្លាក់ចុះនៃតម្លៃអចលនទ្រព្យ ដែលបានក្លាយទៅជានិន្នាការពិភពលោក ចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩។ ជាការពិត វិស័យអចលនទ្រព្យ ដែលជាសរស្តម្ភមួយក្នុងចំណោ​មសសរស្តម្ភសំខាន់ៗ ដែលធ្លាប់បានជំរុញកំណើនសេដ្ឋកិច្ចចិនកំពុងស្ថិតក្នុងវិបត្តិ។

ប្រឈមមុខនឹងហានិភ័យ របស់ប្រទេសចិនបែបនេះ ផលប៉ះពាល់ទៅលើសេដ្ឋកិច្ចអាស៊ាន ក៏ត្រូវបានគេរំពឹងថានឹងមានទ្រង់ទ្រា​យធំផងដែរ។  ជា​ដំបូងបង្អស់ ឥទ្ធិពលនៃការផ្អាកលំហូរមូលធនរបស់ប្រទេសចិន ចូលទៅក្នុងតំបន់អាស៊ាន ក្នុងរយៈពេលជាក់លាក់ណាមួយអាចត្រូវបានគេរំពឹងទុករួចជាស្រេច។

បន្ថែមពីលើ ការបញ្ចូលមូលនិធិ ទៅក្នុងវិស័យអចលនទ្រព្យនៅតំបន់អាស៊ាន ការបញ្ចូលមូលនិធិទៅក្នុងវិស័យផ្សេងទៀត ដូចជា ឧស្សា​ហកម្មផលិតកម្ម និងហិរញ្ញវត្ថុ ក៏ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះយ៉ាងគំហុកផងដែរ។ក្រុមអ្នកវិភាគលើកឡើងថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចចិននាពេលថ្មីៗនេះ នឹងជះផលប៉ះពាល់ដល់ការធ្លាក់ចុះ នៃចំនួនទុនបម្រុងរូបិយប័ណ្ណបរទេស និងការដាំក្បាលចុះនៃអត្រាប្តូរប្រាក់។

ក្នុង​ចំណោម​បញ្ហាទាំងនោះ វា​នឹង​ជះផលប៉ះពាល់​ថែមទៀតដល់​គម្រោង FDI នៅ​តំបន់អាស៊ានផងដែរ។ លើសពីនេះ ទីផ្សារនាំចេញរបស់បណ្តាប្រទេសអាស៊ាន ត្រូវបានគេរំពឹងថា នឹងទទួលឥទ្ធិពលយ៉ាងខ្លាំងពីសេដ្ឋកិច្ចចិន ដែលកំពុងធ្លាក់ចុះ ហើយនេះ​ក៏​ព្រោះ​តែ​បណ្តាប្រទេស​អាស៊ាន ​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​ប្រទេស​ចិន​ មិន​ត្រឹម​តែ​សម្រាប់​មូលធន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្រាប់​លំហូរ​នាំចេញផលិត​ផល​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here