ដោយ៖ ដែន ចែងចាំង
ភ្នំពេញ៖ ដំណឹងល្អសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលសមាគមស្បវាយចន្ទីរប្រទេសវៀតណាម បានសន្យាទិញគ្រាប់ស្វាយចន្ទីឬរបស់កម្ពុជាដល់ចំនួន១លានតោន និងផ្តល់ជំនួយជាបច្ចេកទេសដល់អ្នកដាំស្វាយចន្ទីរនៅកម្ពុជា ដើម្បីបង្កើនផលិតភាព និងទិន្នផលស្វាយចន្ទីរឲ្យកាន់តែប្រសើរឡើង។
ក្នុងជំនួបពិភាក្សារវាងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកវេង សាខុន ជាមួយលោក Nguyen Duc Thanh ប្រធានសមាគមស្វាយចន្ទីវៀតណាមកាលពីម្សិលម៉ិញ ប្រធានសមាគមរូបនេះបានសន្យា នឹងប្តេជ្ញាបង្កើនការទិញគ្រាប់ស្វាយចន្ទីពីកម្ពុជាទាំងអស់តែម្តង។ លោកបន្តថា សមាគមស្វាយចន្ទីវៀតណាម អាចចាត់ទុកបានជាក្រុមហ៊ុននាំចេញគ្រាប់ស្វាយចន្ទីធំជាងគេ នៅលើពិភពលោកនៅក្នុងឆ្នាំ២០១៧នេះ ដែលជាក្រុមហ៊ុនបាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃចំនួន១,៦លានតោន ទន្ទឹមនឹងតម្រូវការពិភពលោកមានចំនួន៣លានតោន។ លោកបន្តថា នាពេលខាងមុខ សមាគមនឹងចុះទៅតាមខេត្តចំនួនពីរ គឺខេត្តកំពង់ធំ និងខេត្តក្រចេះ ដើម្បីពិភាក្សាពីពូជនិងសារធាតុនៅ ក្នុងស្វាយចន្ទី ដែលមានការពេញនិយមនៅលើទីផ្សារអន្តរជាតិ និងផ្សព្វផ្សាយពីបច្ចេកទេសនៃការ ប្រមូលផលដើម្បីកាត់បន្ថយការខាតបង់របស់កសិករផងដែរ។
-->
ភាគីវៀតណាមបានស្នើឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា រៀបចំចងក្រងសមាគមស្វាយចន្ទីកម្ពុជា ដើម្បីងាយស្រួលក្នុងការទំនាក់ទំនង។ លើសពីនេះក៏បានស្នើដល់ក្រសួង ជួយអន្តរាគមដល់ការផ្តល់វិញ្ញាបនប័ត្រប្រភពទំនិញស៊ីអូនៅនឹងខេត្តជាច្រកនាំចេញ និងស្នើឲ្យសម្រួលដល់សោហ៊ុយនៃការដឹកជញ្ជូនឆ្លងដែនកម្ពុជា-វៀតណាម។

លោករដ្ឋមន្ត្រី វេង សាខុនបានបញ្ជាក់ថា សំណើរបស់ភាគីវៀតណាមពាក់ព័ន្ធនឹងការផ្តល់ស៊ីអូ គឺក្រសួងពាណិជ្ជកម្មកម្ពុជា បានផ្ទេរការចេញវិញ្ញាបនប័ត្រទៅកាន់មូលដ្ឋាន រួចរាល់ហើយ ហើយក្រសួងនឹងសហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីពិនិត្យ និងដោះស្រាយជូននូវបញ្ហា ពាក់ព័ន្ធមួយចំនួនទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើដល់សមាគមស្វាយចន្ទីវៀតណាមជំរុញ កិច្ចសហប្រតិបត្តិការឲ្យបានជិតស្និទ្ធរវាងអ្នកទិញនិងអ្នកផលិត ដើម្បីធានាបានប្រសិទ្ធភាពខ្ពស់និងទទួល បានផលប្រយោជន៏ពិតទាំងកសិករ និងអ្នកទិញ។
លោករដ្ឋមន្ត្រីបានបន្តថា កម្ពុជានឹងអាចបង្កើនការនាំចេញគ្រាប់ស្វាយចន្ទីឲ្យបាន១លានតោននាពេលខាងមុខ ព្រោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏ចង់ឃើញ ពីការបង្កើនបរិមាណនៃការដាំដុះដំណាំឧស្សាហកម្មផ្សេងទៀត នៅតាមតំបន់មួយចំនួនដែលមិនអំណោយផលដល់ការដាំស្រូវផងដែរ។លោកបន្តថា នៅកម្ពុជាមានផ្ទៃដីដាំដំណាំស្វាយចន្ទីរប្រមាណ១០ម៉ឺនហិកតា និងផ្តល់ទិន្នផលចន្លោះពី១ទៅ២តោន៕