ដោយ វុត្ថា
ស្ទឹងត្រែង៖ មន្ទីទេសចរណ៍ខេត្តស្ទឹងត្រែង បានលើកទឹកចិត្តឱ្យវិស័យឯកជនរៀបចំតំបន់អេកូទេសចរណ៍ធម្មជាតិនៅជិត តំបន់កោះកប្បាស ដើម្បីធ្វើជាខ្សែសង្វាក់ ក្នុងដំណើរកំសាន្តរបស់ភ្ញៀវទេសចរ រវាងតំបន់ទេសចរណ៍ទឹកធ្លាក់ព្រះនិមិត្តនឹងតំបន់ផ្សោតព្រះរំកិល។
លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តបានអោយដឹងកាលពីព្រឹកថ្ងៃទី១៤ កុម្ភៈកន្លងមកថា គំរោងនេះ ជាការរួមចំណែកក្នុងការលើកស្ទួយវិស័យទេសចរណ៍ ធ្វើឱ្យមានរមណីយដ្ឋានទៅដល់ទីជនបទ ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងទេសចរណ៍។ លោកបន្ថែមថា នៅពេលបង្កើតបានតំបន់អេកូទេសចរណ៍នេះ យើងអាចការពារ ធនធានជីវចំរុះបាន ហើយប្រជាពលរដ្ឋនៅតំបន់នេះ ក៍ទទួលបានប្រាក់ចំណូល ពីការលក់ដូរចំណីអាហារនៅទីនោះ។

-->
លោកបន្តថា “ខ្ញុំគាំទ្រនៅគំនិតរបស់គាត់ផ្តួចផ្តើម ចង់ឱ្យមានការរៀបចំឱ្យបានល្អប្រសើរថែមទៀតពង្រីកឱ្យបានទំហ៊ំធំ ជាងនេះទៀតដើម្បីត្រៀមទទួលភ្ញៀវ ទៅថ្ងៃអនាគត”។ លោកបន្តថា “ភ្ញៀវទេសចរផ្សងព្រេងដែលស្ពាយសាក់ការដូ ពួកគាត់ចាប់អារម្មណ៍មកកន្លែងហ្នឹង ធ្វើម៉េចផ្សាភ្ជាប់ជាមួយធម្មជាតិ ហើយគាត់ចំណាយលុយតិចក្នុងការស្នាក់នៅ តែចំណាយក្នុងការហូបចុកច្រើន”។
លោកស្រី យុន សុខធីម ដែលមានស្វាមីជាជនជាតិអាល្លឺម៉ង់មករៀបចំតំបន់អេកូទេសចរណ៍នេះបានអះអាងថា នៅតំបន់នេះ មិនទាន់មានអាជ្ញាធរពាក់ព័ន្ធចាប់អារម្មណ៍ចង់រៀបចំអភិវឌ្ឍន៍អ្វីនោះទេ។ លោកស្រីថា អ្វីដែលត្រូវមើលឱ្យជ្រៅជាងនេះទៀត តំបន់មួយនេះមានសម្បត្តិធម្មជាតិ ប្រកបដោយសក្តានុពលផ្តល់លក្ខណៈសំខាន់ អាចរៀបចំតំបន់អេកូទេសចរណ៍បាន។
ចំណែកលោក ផយ វណ្ណា សមាជិកសហគមន៍អេកូទេសចរណ៍ ផ្សោតព្រះរំកិលបានសំដែងការគាំទ្រ ចំពោះគម្រោងអភិវឌ្ឃតំបន់អេកូទេសចរណ៍ធម្មជាតិមួយនេះ ព្រោះពេលបង្កើតហើយ ដូចយើងបាននាំគ្នាមករស់នៅថែរក្សាសម្បត្តិធម្មជាតិឱ្យស្ថិតនៅគង់វង្ស។

លោកបន្តថា “ខ្ញុំគាំទ្រថាអ្វីដែលគាត់ធ្វើនេះល្អមែនទែន ដែលអាចទាក់ទាញភ្ញៀវចូលមកទាំងរកថវិកាចូលខ្លួនគាត់ទាំងមានភ្ញៀវដើរលេង មកតរហូតមកដល់ផ្ទះសហគមន៍គឺបន្តបន្ទាប់ទៅរហូតដល់មានផលប្រយោជន៍ទាំងអស់គ្នានេះ”។
លោក គ្រីស ស្ទីន ជនជាតិអាល្លឺម៉ង ដែលកំពុងអភិវឌ្ឍន៍តំបន់អេកូទេសចរណ៍នេះដែរបានបញ្ជាក់ថា គោលបំណងនេះលោកចង់ ឱ្យបងប្អូនប្រជាពលរដ្ឋនៅទីជនបទ មានទំនាក់ទំនងល្អជាមួយគ្នា ជាពិសេសពេលមានភ្ញៀវទេសចរជាតិនឹងអន្តរជាតិមកលេង ធ្វើការរាក់ទាក់និងចេះកែច្នៃផលិតផលកសិកម្មលក់ដូរ ហើយរួមគ្នាបញ្ឃប់ការពឹងផ្អែកលើផលអនុផលព្រៃឈើ នឹងការធ្វើនេសាទហួសកំរិត។
តំបន់អេកូទេសចរណ៍ធម្មជាតិ ទើបបង្កើតថ្មីនេះស្ថិតនៅចំណុចក្បាលកោះកប្បាស ឃុំព្រះរំកិលស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។ នេះជាលើកដំបូងហើយដែលមន្ទីរទេសចរណ៍បង្កលទ្ធភាពដល់ផ្នែកឯកជន បង្កើតឱ្យមានរមណីយដ្ឋានទេចរណ៍ធម្មជាតិនៅទីជនបទមួយនេះ ឱ្យមានផ្ទះស្នាក់ អាហារដ្ឋាន បែបធម្មជាតិ នៅក្នុងខេត្តស្ទឹងត្រែង៕