ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ កាលពីដើមសប្តាហ៍នេះ មន្រ្តីជាន់ខ្ពស់កម្ពុជា កូរ៉េបានបើកកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា កូរ៉េលើកទី៤ ដោយបានផ្តោតលើកិច្ចពិភាក្សា និងសហប្រតិបត្តិការ លើវិស័យសំខាន់ៗចំនួន១១។
កិច្ចប្រជុំនេះ ដឹកនាំដោយលោកជំទាវ ទួត បញ្ញា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោកCHANG Ho-jin) អនុរដ្ឋមន្ត្រីទី១ក្រសួងការបរទេស នៃសាធារណរដ្ឋកូរ៉េ បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះ កម្ពុជា-កូរ៉េលើកទី៥ ក្នុងលក្ខណៈមិត្តភាពស្និទ្ធស្នាល និងប្រកបដោយផ្លែផ្កា។
-->
ក្នុងអំឡុងពេលកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិ ការរវាងប្រទេសទាំងពីរ ចាប់តាំងពីកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី៤ ក្នុងឆ្នាំ២០១៨ និង ពិភាក្សាអំពីមធ្យោបាយនានា ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីបន្ថែមទៀត លើវិស័យជាច្រើន រួមមាន នយោបាយ ការពារជាតិ ពាណិជ្ជកម្ម និងវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម សុខាភិបាល វប្បធម៌ ទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ក្នុងចំណោមវិស័យផ្សេងទៀត។
ភាគីទាំងពីរបានយល់ស្របគ្នាថា ទំនាក់ទំនង ទ្វេរភាគីគួរត្រូវដំឡើងកម្រិតឱ្យខ្ពស់ជាងនេះ ដើម្បីឆ្លុះបញ្ចាំងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដ៏ធំធេងរវាងប្រទេសទាំងពីរ។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងជាន់ខ្ពស់ជាញឹកញាប់ និងគូសបញ្ជាក់ពីជំនួបប្រកបដោយផ្លែផ្កា រវាងសម្ដេចមហាបវវធិបតី ហ៊ុន ម៉ាណែតមកជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និលោក យូន ស៊កយ៉ល (Yoon Suk Yeol)។
ចំពោះវិស័យសេដ្ឋកិច្ច ភាគីទាំងពីរបានកត់សម្គាល់ដោយសុទិដ្ឋិនិយមអំពីការងើបឡើងវិញ ជាលំដាប់នៃពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅក្រោយវិបត្តិជំងឺរាតត្បាត សកលកូវីដ-១៩ និងបាន សម្ដែងនូវការទុកចិត្តថា តាមរយៈការអនុវត្តដោយពេញលេញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា រវាងកម្ពុជា-សាធារណរដ្ឋកូរ៉ ទំហំពាណិជ្ជកម្មទ្វេរភាគី នឹងបន្តកើនឡើងថែមទៀត លើសកម្រិតមុនពេលមានជំងឺរាតត្បាតសកលទៅទៀត។
ភាគីកូរ៉េបានទទួលយកទៅពិចារណា នូវសំណើរបស់កម្ពុជា ដែលចង់ឱ្យកូរ៉េបើកចំហ ទីផ្សារកាន់តែធំជាងមុន សម្រាប់ផលិតផលកសិកម្មកម្ពុជា រួមមានដូចជា ស្វាយ គ្រាប់ស្វាយចន្ទី ម្រេច ម្ទេស ស្រកានាគ ម្ចាស់ និងដំឡូងមី។
ភាគីទាំងពីរបានឯកភាពធ្វើការរួមគ្នា ដើម្បីទាក់ទាញវិនិយោគកូរ៉េមកកាន់កម្ពុជាបន្ថែមទៀត និងបានសម្តែងការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ ដែលត្រូវបានបង្ហាញឱ្យ ឃើញតាមរយៈវិនិយោគរបស់កូរ៉េ លើធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុចំនួន១៦។ ភាគីទាំងពីរបាន ឯកភាពគ្នាស្វែងរកឱកាសកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុបន្ថែមទៀត។
ចំពោះកិច្ចសហប្រតិបត្តិការ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ភាគីកម្ពុជាបានធ្វើការវាយតម្ល ខ្ពស់ចំពោះជំនួយរបស់កូរ៉េ ដើម្បីគាំទ្រគម្រោងនានានៅកម្ពុជា។ភាគីទាំងពីរបានទទួលស្គាល់ពីកិច្ច សហប្រតិបត្តិការអភិវឌ្ឍដ៏សកម្មក្នុងវិស័យដឹកជញ្ជូន និងបានឯកភាពគ្នាពន្លឿនការអនុវត្តគម្រោង “ស្ពានមិត្តភាពកម្ពុជា-កូរ៉េ»។
ភាគីទាំងពីរបានកត់សម្គាល់ ជាមួយនឹងការពេញចិត្តចំពោះកំណើនកិច្ចសហប្រតិបត្តិការលើ វិស័យការពារជាតិ និងបានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើវិស័យនេះ ក្រោមក្របខណ្ឌទ្វេភាគី និងបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដើម្បីបុព្វហេតុ សន្តិភាពអន្តរជាតិ។
ភាគីកូរ៉េឯកភាពបន្តផ្តល់ជំនួយ ដល់កងយោធពលខេមរភូមិន្ទ ដូចជាការបណ្តុះ បណ្តាល អាហារូបករណ៍ ជំនួយជាសម្ភារ និងបច្ចេកទេស ព្រមទាំងលើការដោះមីន។ភាគីកម្ពុជាបានសម្ដែងអំណរគុណ យ៉ាងក្រៃលែងចំពោះរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ សម្រាប់ ការផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កម្ពុជា។
ភាគីទាំងពីរបានឯកភាពនឹងរៀបចំ កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-កូរ៉េលើកទី៦ នៅសាធារណរដ្ឋកូរ៉េ តាមកាលបរិច្ឆេទដែលសមស្របសម្រាប់ភាគីទាំងពីរ។
លោកចាង ហូជីន បានសម្តែងនូវអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះកម្ពុជា ដែលជាម្ចាស់ផ្ទះសម្រាប់ការស្វាគមន៍ដ៏កក់ក្តៅ និងការរៀបចំយ៉ាងល្អប្រសើរនូវ កិច្ចប្រជុំដ៏មានអត្ថន័យ និងសារសំខាន់ សម្រាប់ការអភិវឌ្ឍ ឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី៕